ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីអារ៉ាប់ហ៊ានឱ្យ ម៉ៃ ថៃសាន់ ៧០០លានដុល្លារ បើព្រមសងសឹក ជេក ផូល ក្រោមលក្ខខណ្ឌពិសេស

3 អាទិត្យ មុន

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ជំនួបសងសឹករវាងអតីតស្តេចប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ (Mike Tyson) និងយុវជនជាតារាយូធូបប្រែខ្លួនជាកីឡាករប្រដាល់សកលអាជីព ជេក ផូល…

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ជំនួបសងសឹករវាងអតីតស្តេចប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ (Mike Tyson) និងយុវជនជាតារាយូធូបប្រែខ្លួនជាកីឡាករប្រដាល់សកលអាជីព ជេក ផូល (Jake Paul) ហាក់ដូចជាផ្ទុះការចាប់អារម្មណ៍ខ្លាំងជាទីបំផុត កាលពីពេលថ្មីៗនេះ បន្ទាប់ពីលេចចេញដំណឹងដ៏ភ្ញាក់ផ្អើលមួយបានអះអាងថា មហាសេដ្ឋីអារ៉ាប៊ីសាអូឌីតម្នាក់ បង្ហាញឆន្ទៈផ្តល់ប្រាក់រង្វាន់ដ៏មហាសាលចំនួន ៧០០លានដុល្លារអាមេរិក សម្រាប់ការប្រកួតដ៏ទាក់ទាញនេះ ក្រោមលក្ខខណ្ឌពិសេសមួយ។ នេះបើតាមប្រភពពីសារព័ត៌មាន Sportskeeda កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Jack Lombardi អតីតបេក្ខភាពសភាអាមេរិក វាគ្មិន អ្នកអត្ថាធិប្បាយ និងជាអ្នកជំនួញដ៏ល្បីមួយរូបផងនោះ បានបង្កការភ្ញាក់ផ្អើលខ្លាំងជាទីបំផុយ តាមរយៈសំណេរនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម X ថា មហាសេដ្ឋីអារ៉ាប៊ីសាអូឌីត លោក Turki Alalshikh ប្រកាសនឹងផ្តល់ប្រាក់ ៧០០លានដុល្លារដល់ ម៉ៃ ថៃសាន់ ប្រសិនបើវីរបុរសប្រដាល់សកលអាមេរិកវ័យ៥៨រូបនេះ យល់ព្រមឡើងសង្វៀនប្រកួតសងសឹកតារាយូធូបក្រអឺតក្រទម ជេក ផូល ហើយផ្តួលយុវជនវ័យ២៧ឆ្នាំរូបនេះ ក្នុងរយៈពេល៣នាទីដំបូង នៃការប្រកួតដែលត្រូវបានស្នើឡើងដោយមហាសេដ្ឋីរូបនេះ។

លោក Turki Alalshikh គឺជាមហាសេដ្ឋីអារ៉ាប៊ីសាអូឌីត បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងវិស័យកីឡាប្រដាល់ដ៏លេចធ្លោមួយរូបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការជះលុយមិនសំចៃដៃ និងបង្កើតការប្រកួតប្រដាល់ដ៏អស្ចារ្យជាច្រើន ដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនមក។ លោកគឺជាទីប្រឹក្សាអារ៉ាប៊ីសាអូឌីតនៅតុលាការរាជវាំងក្រោមឋានៈជារដ្ឋមន្ត្រី និងបច្ចុប្បន្នក៏ជាប្រធានអាជ្ញាធរគ្រប់គ្រងឧស្សាហកម្មកម្សាន្ត។ ហើយនៅក្នុងតំណែងជាប្រធាននេះ លោក Alalshikh ត្រូវបានផ្តល់កិត្តិយសដល់ការអភិវឌ្ឍន៍សំខាន់ៗ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងវិស័យកីឡា និងវប្បធម៌ផងដែរ។ បើតាមប្រភពពីសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោក Alalshikh ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២.៨ពាន់លានដុល្លារ។

សាររបស់លោក Jack Lombardi កំពុងតែទាក់ទាញចំណាប់អារម្មណ៍បណ្តាអ្នកនិយមលេងបណ្តាញសង្គមជុំវិញពិភពលោក ជាពិសេសបណ្តាញសង្គមដោយអ្នកខ្លះបញ្ចេញមតិថា «អ្នកឈ្នះក្នុងទឹកជុំទី១ គួរទទួលបាន ៧០០លានដុល្លារ។ ហើយបើឈានដល់ទឹកទី២ គួរបាន ៦០០លានដុល្លារ ហើយបន្តបន្ទាប់ទៅតាមទឹកផ្សេងទៀត ខណៈអ្នកចាញ់មិនបានសូម្បីតែ១សេន»។ អ្នកខ្លះទៀតលើកឡើងថា «មនុស្សដែក ម៉ៃ គួរតែឆ្លើយយល់ព្រម»។

គួររំលឹកជូនថា យុវជន ជេក ផូល បានយកឈ្នះពិន្ទុជាឯកច្ឆន្ទ័លើ ម៉ៃ ថៃសាន់ ក្នុងការប្រកួតអាជីព៨ទឹកដ៏កក្រើកសហរដ្ឋអាមេរិក រៀបចំឡើងនៅឯកីឡដ្ឋាន AT&T រដ្ឋតិចសាស់ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ ៧២,៣០០នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងលទ្ធផល ៨០ទល់៧២ ៧៩ទល់៧៣ និង ៧៩ទល់៧៣។ ហើយនៅក្នុងការប្រកួតអាជីព៨ទឹក ១ទឹក២នាទី និងពាក់ហ្គង់ទម្ងន់ ០.៤គីឡូក្រាម ដ៏កក្រើកពិភពលោក ដែលត្រូវបានផ្សាយផ្ទាល់ក្នុងកម្មវិធី Netflix មួយនេះ យុវជន ជេក ផូល អ្នកឈ្នះទទួលបានប្រាក់ចំនួន ៤០លានដុល្លារអាមេរិក។ ចំណែកលោក ម៉ៃ ថៃសាន់ ទទួលបានប្រាក់ចំនួន ២០លានដុល្លារអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ