រាជធានីភ្នំពេញ ៖ រថយន្តយីឌុប ១គ្រឿង ដឹកក្ដារពីស រាប់សិបសន្លឹក ផ្ទុកឡើងលើខ្ពស់ហួសទ្រុង មិនតែប៉ុណ្ណោះ ក៏មានកម្មករតម្លើងក្ដារពីសចំនួន៥នាក់ អង្គុយជិះនៅពីលើក្ដារនោះថែមទៀតផង ដោយកម្មករ២នាក់អង្គុយផ្នែកខាងមុខ និង៣នាក់ទៀត អង្គុយអង្គុយនៅផ្នែកខាងក្រោយ លុះពេលទៅដល់ត្រង់ចំណុច ដែលមាន រនាំងដែកស្លាកប៉ាណូ កាត់ទទឹងផ្លូវ អ្នកអង្គុយខាងមុខ២នាក់ រវល់តែជក់មើលទូរសព្ទអត់មើលទៅមុខ ក៏បានទាក់ជាមួយរនាំងដែកនោះ ពេញទំហឹង បណ្ដាលដួលដេកលើក្ដារពីសរងរបួសធ្ងន់ធ្ងរតែម្ដង រីឯ៣នាក់ទៀត ដែលអង្គុយនៅខាងក្រោយ ឃើញទាន់ក៏ឱនផុត មិនមានគ្រោះថ្នាក់នោះឡើយ ។
ឧប្បត្តិហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តយីឌុប ១គ្រឿង ខាងលើនោះ ម៉ាកនីស្សាន់ ពណ៍ស ពាក់ស្លាកលេខបាត់ដំបង3A-3831 បើកបរដោយបុរសម្នាក់ ហើយរថយន្តនេះបានដឹកក្ដារពីស ជាច្រើនសន្លឹក ផ្ទុកខ្ពស់ហួសទ្រុង កម្ពស់ប្រមាណ៤ម៉ែត្រ។ ដែលតាមដឹង គឺទៅតម្លើងនៅវេទិកានៅខេត្តសៀមរាប ហើយនៅមុនពេលកើតហេតុ បានបើកបរធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង និងមានកម្មករតម្លើងក្ដារពីស ចំនួន៥នាក់ អង្គុយជិះពីលើក្ដារពីសនោះ ផងដែរ ។
សាក្សីដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ ជនរងគ្រោះទាំង២នាក់ បានអង្គុយនៅផ្នែកខាងមុខ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មានរនាំដែកស្លាកប៉ាណូ កាត់ទទឹងផ្លូវ ហើយក្ដារពីស បានផុតពីរនាំងដែក ប៉ុន្តែកម្មករ ដែលជិះផ្នែកខាងមុខ២នាក់នោះ រវល់តែនាំគ្នាលេងទូរសព្ទ អត់មើលទៅមុខ ក៏បានបុកជាមួយរនាំងដែកពេញទំហឹង បណ្ដាលឲ្យបែកក្បាលដួលដេកលើក្ដារពីស រងរបួសធ្ងន់ធ្ងរ ។ ចំណែកកម្មករ៣នាក់ទៀត ដែលអង្គុយនៅផ្នែកខាងក្រោយ អត់លេងទូរសព្ទទេ ពួកគាត់បានមើលឃើញរនាំដែកពីចម្ងាយ ហើយក៏បាននាំគ្នាឱនផុតទាន់ ទើបគ្មានគ្រោះថ្នាក់ឡើយ ។
ប្រភពខាងលើ បានបញ្ជាក់ប្រាប់ទៀតថា ខណៈនោះ សំណាងហើយ ដែលជនរងគ្រោះទាំង២នាក់នោះ មិនបានធ្លាក់ពីក្ដារពីកម្ពស់ប្រមាណ៤ម៉ែត្រនោះ ទើបគ្រាន់តែរងរបួស មិនស្លា.ប់ បន្ទាប់មករថយន្តនេះ បានបើកចេញពីកន្លែងកើតហេតុ ចូលតាមផ្លូវបេតុងមួយកន្លែង។ លុះពេលដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់រួចដាក់កម្មករ ទាំងអ្នករងរបួស និងអ្នកអត់របួស ចុះនៅទីនោះ ហើយហៅក្រុមសង្គ្រោះអង្គភាព៧១១ ដឹកអ្នករបួសយកទៅសង្គ្រោះបន្ទាន់។ បន្ទាប់មក ក៏បានបើកដឹកក្ដារពីស បន្តដំណើរឡើងទៅតាមមហាវិថី ស៊ី ជីនពីង ខណៈទៅដល់រង្វង់មូលគល់ស្ពានត្រើយខាងជើង ទើបឈប់ ហើយក៏ត្រូវបាននគរបាល និងប្រជាការពារឃាត់ទុក ដើម្បីចាត់ការតាមច្បាប់ ៕














ចែករំលែកព័តមាននេះ