ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ កើ​ត ឆែ ​៖ ការងារ​របៀប និង​ការ​គ្រប់គ្រង​ឯកសារ គឺជា​លក្ខខណ្ឌ​គ្រឹះ ដែល​ធានា​បាន​នូវ​ដំណើរការ​ជា​ប្រក្រតី ​នៃ​រដ្ឋបាល​សាធារណៈ

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ការ​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង ​លើ​ការងារ​របៀប និង​ការ​គ្រប់គ្រង​ឯកសារ មាន​សារៈសំខាន់​ណាស់​ សម្រាប់​មន្ត្រីរាជការ បុគ្គលិក​រដ្ឋបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ…

រាជធានីភ្នំពេញ​ ៖ ការ​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង ​លើ​ការងារ​របៀប និង​ការ​គ្រប់គ្រង​ឯកសារ មាន​សារៈសំខាន់​ណាស់​ សម្រាប់​មន្ត្រីរាជការ បុគ្គលិក​រដ្ឋបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់ ដើម្បី​យកចំណេះ​ទាំងនេះ ទៅ​អនុវត្ត​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ នៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​សៀវភៅ​ណែនាំ ​ស្តី​ពី​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​ក្រសួងមហាផ្ទៃ​ ។

នេះ​ជា​ការ​លើក​ឡើង​របស់លោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​លោក​អញ្ជើញ​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការងារ​របៀប និង​ការ​គ្រប់គ្រង​ឯកសារ​ ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​លោកស្រី ជោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ជា​គ្រូឧទ្ទេស​ និង​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ជាង​៣០០​នាក់ ​។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​ថា​ ពាក់ព័ន្ធ​និង​វគ្គ​បណ្តុះបណ្តាល​នេះ កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​រៀបចំ​វគ្គ​នេះ​រួច​ម្តង​ហើយ ​កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​ក្នុង​រយៈពេល ១១ខែ នៃ​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​ បានជា​ច្រើន​លើក ដែល​មាន​ដូច​ជា ​៖ ការ​គ្រប់គ្រង​បុគ្គលិក ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​, ការ​តាក់តែង លិខិត​រដ្ឋបាល​, ការ​ពង្រឹង​ផ្នត់គំនិត​ ក្នុង​ការ​បំពេញការងារ​, ការ​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​ ក្នុង​អង្គភាព ។​ល​។ ជាមួយ​នេះ រដ្ឋបាល​រាជធានី ​នូវ​បាន​បញ្ជូន​មន្ត្រី ទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​តាម​គ្រឹះស្ថានសិក្សា​ថែម​ទៀត ដូច​ជា នៅ​បណ្ឌិត្យសភា​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ វគ្គ​បណ្តុះបណ្តាល​ទាំង​អស់នេះ បាន​ចូលរួម​ចំណែក​បំពេញបន្ថែម​ចំណេះដឹង​ជូន​មន្ត្រីរាជការ ទាំង​ផ្នែក​ជំនាញ​រឹង និងជំនាញ​ទន់​របស់​មន្ត្រីរាជការ ពិសេស​ការ​សម្រប​ខ្លួន​ទៅ​នឹង​កា​រវិ​វត្ត ​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ​។

លោក កើត ឆែ បន្ត​ថា ការងារ​របៀប និង​ការ​គ្រប់គ្រង​ឯកសារ គឺជា​លក្ខខណ្ឌ​គ្រឹះ ដែល​ធានា​នូវ​ដំណើរការជា​ប្រក្រតី នៃ​រដ្ឋបាល​សាធារណៈ​។ ប្រសិនបើ​អង្គភាព​មួយ ​ពុំ​យកចិត្តទុកដាក់ លើ​ការ​គ្រប់គ្រង​ឯកសារ​ ទេ​នោះ ប្រាកដជា​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ កំហុស​រដ្ឋបាល និង​បញ្ហា​ប្រឈម​ផ្សេង​ៗ ជាក់​ជា​មិន​ខាន​។ បើ​យើង​មាន​វិធីសាស្ត្រ​គ្រប់គ្រង​ឯកសារ​បាន​ល្អ (​ទាំង​ទុកដាក់​ឯកសារ​រឹង និង​ឯកសារ​ទន់ ក្នុង​កុំព្យូទ័រ​) នោះ នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ឯកសារ​នោះ​ឡើង​វិញ​។ ការ​ពង្រឹងសមត្ថភាព​ការងារ​រដ្ឋបាល ឱ្យ​កាន់តែ​ល្អ​ប្រសើរ ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព ប្រសិទ្ធ​ផល ដើម្បី​សម្រេច​បាន​នូវ «​សមិទ្ធកម្ម​ការងារ​» ស្រប​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ ក៏​ដូច​ជា វិធានការ​គន្លឹះ​ទាំង​៣ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា មន្ត្រី​របស់​យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹងសមត្ថភាព ឱ្យ​ដូច​ការ​ជួសជុលផ្ទះ​ ។

ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នោះ​លោកស្រី​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​បទ​ពិសោធ​ន៌​ការងារ​ផ្នែក​ការងារ​រដ្ឋបាល បាន​បង្រៀន​មេរៀន​ចំនួន​២​ ៖ ទី​១​ ការងារ​របៀប ​និង​ទី​២​ការងារ​គ្រប់គ្រង​ឯកសារ​ដល់​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការងារ​របៀប និង​ការ​គ្រប់គ្រង​ឯកសារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ