ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះភិរុណគ្មានប្រណីនាំឱ្យភាគខាងត្បូងថៃត្រូវដាក់ជាតំបន់គ្រោះមហន្តរាយ

5 ម៉ោង មុន

ថៃ ៖ សារព័ត៌មាន​ថៃ PBS និង The Nation បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​ថា…

ថៃ ៖ សារព័ត៌មាន​ថៃ PBS និង The Nation បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​ថា ខេត្ត​ខាងត្បូង​ចំនួន​៣ រួម​មាន ខេត្ត​យ៉ា​ឡា ខេត្ត​ប៉ា​តានី និង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ត្រូវ​បាន​ប្រកាស​ជា​តំបន់​គ្រោះ​មហន្តរាយ ក្រោយ​ពី​ទឹកជំនន់​កាន់តែ​ហក់​ឡើង​ខ្ពស់ និង​ហូរ​បុក​ខ្លាំង​បណ្តាល​ឱ្យ​ភូមិ​ស្រុក​ជា​ច្រើន ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ទឹក ហើយ​តំបន់​ខ្លះ​ត្រូវ​បាន​ជន់​លិច​ដល់​ដំបូលផ្ទះ ។

ស្ថានភាព​ទឹកជំនន់​ខេត្ត​យ៉ា​ឡា ឈាន​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​មកនេះ ។

មូលហេតុ​ចម្បង ដែល​បង្ក​ឱ្យ​មាន​ទឹកជំនន់ ព្រោះតែ​ព្រះ​ភិ​រុណ​គ្មាន​ប្រណី​នៅ​តែ​បន្ត​បង្អុរ​ទឹកភ្លៀង​យ៉ាង​គំហុក​ជាប់​ៗ​គ្នា​ច្រើន​ថ្ងៃ​ពេញ​១​ស​ប្តា​ហ៍ ហើយ​ស្ថានភាព​អាកាសធាតុ​អាក្រក់​បែប​នេះ ត្រូវ​បាន​ព្រមាន​ថា អាច​បន្ត​អូស​បន្លាយ​រហូត​ដល់​ចុងខែ​នេះ​ដែល​ធ្វើ​ឲ្យ​អ្នកស្រុក​ក្នុង​តំបន់​រង​គ្រោះ​រឹតតែ​កង្វល់ ។

ទឹកជំនន់​នៅ​ខេត្ត​យ៉ា​ឡា បាន​ឈាន​កម្រិត​ធ្ងន់ធ្ងរ ចាប់​តាំង​តែ​ពី​យប់​រំលង​អធ្រាត្រ បណ្តាល​ឱ្យ​រថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង រង​ការ​ខូចខាត រួម​ទាំង​ទ្រព្យសម្បត្តិ និង​ឥ​វ៉ា​ន់​របស់​អ្នកស្រុក ដែល​មិន​អាច​យក​ចេញ​ទាន់​ពេល​អណ្តែត​ទៅ​តាម​ទឹក ដោយឡែក​នៅ​ខេត្ត​ប៉ា​តានី ឯណោះ​វិញ ទឹកទន្លេ​ប៉ា​តានី ដែល​បាន​ហក់​ឡើង​ហួស​ច្រាំង​បាន​ជន់​លិច​ស្ទើរតែ​គ្រប់​ផ្លូវ​ក្នុង​ទីក្រុង ។

ក្រៅពី​ត្រូវ​ទប់ទល់​នឹង​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ខេត្ត​ហើយ​នោះ ខេត្ត​ប៉ា​តានី ត្រូវ​រង​គ្រោះ​ដោយ​ទឹក​ដែល​ហូរហៀ​មក​ពី​តំបន់​ជិតខាង ជា​ពិសេស គឺ​ទឹកជំនន់​ដែល​ហូរ​ចុះ​ពី​ខេត្ត​យ៉ា​ឡា មុន​នឹង​វា​ហូរ​ធ្លាក់​ចូល​សមុទ្រ ។

ជា​លទ្ធផល នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ខេត្ត​ប៉ា​តានី បាន​ប្រកាស​ដាក់​គ្រប់​ស្រុក​ទាំងអស់​ជា​តំបន់​គ្រោះ​មហន្តរាយ ។ ដូច​គ្នា​នេះ​ដែរ ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ បាន​ប្រកាស​ដាក់​ស្រុក​ចំនួន​១៣ ជា​តំបន់​គ្រោះ​មហន្តរាយ ។ សាលារៀន​ចំនួន​៦៨ បាន​ប្រកាស​បិទ ខណៈ​ដែល​ផ្លូវ​រថភ្លើង និង​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដែល​ត​ភ្ជាប់​ខេត្ត​ទាំង​៣ បាន​ប្រកាស​ផ្អាក​សេវាកម្ម​បណ្តោះអាសន្ន ។

ពី​ខេត្ត​ទាំង​៣ នៅ​ឯ​ស្រុក Hat Yai ខេត្ត Songkhla ក៏​កំពុង​ជួប​ប្រទះ​នូវ​ទឹកជំនន់​យ៉ាង​ល្ហល្ហេវ​ដូច​គ្នា ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​ជន់​លិច​ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មិន​អាច​ធ្វើ​ដំណើរ​បាន​សម្រាប់​រថយន្ត​ធុន​តូច សូ​ម្បី​តែ​រថយន្ត​ភី​ក​អាប់​ក៏​ខ្លាចរអារ​នឹង​ចរន្តទឹក​ហូរ​ខ្លាំង​ដែរ ។ ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​ជន់​លិច​ពេញ​មួយ​យប់ អ្នកស្រុក​នាំ​គ្នា​រើ​របស់របរ​ទៅ​ដី​ខ្ពស់ ។ រថយន្ត​ធុន​ធំ​ត្រូវ​បាន​ចល័ត ដើម្បី​ដឹក​ជញ្ជូន​ម៉ូតូ និង​យានជំនិះ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ទប់ស្កាត់​ការ​ខូចខាត​បន្ថែម​ទៀត ។

ឆ្លើយ​តប​នឹង​វិបត្តិ​ទឹកជំនន់​នា​ភាគ​ខាងត្បូង នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី Paetongtarn Shinawatra បាន​ចេញ​បញ្ជា​ឱ្យ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ ត្រូវ​ដាក់​ចេញ​សកម្មភាព​ឆ្លើយ​តប​ជា​បន្ទាន់ ដោយ​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​ប្រជាជន ។ សម្រាប់​បេសកកម្ម​ជួយ​សង្គ្រោះ និង​ផ្តល់​ជំនួយ​វិញ​កំពុង​តែ​ជួប​ឧបសគ្គ ទោះបីជា​មន្ត្រី​យោធា និង​កងកម្លាំង​ចម្រុះ ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ទាំង​ការ​ជួយ​មនុស្ស ទាំង​ការ​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ទៅ​ចែក​ជូន​ជន​រង​គ្រោះ​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ចម្បង​នៅ​ពេល​នេះ គឺ​តំបន់​លិច​ទឹកបាន​ពង្រីក​រាលដាល​យ៉ាង​លឿន​រហ័ស ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​ជំនួយ​មិន​បាន​ទៅ​ដល់​គ្រប់​តំបន់​រង​គ្រោះ ។

បន្ថែម​លើ​នេះ ក៏​មានការ​ខ្វះខាត​នូវ​ឧបករណ៍​ជា​ច្រើន​ប្រភេទ​ផង​ដែរ ជា​ពិសេស​ទូក​ពោង និង​ទូក​ម៉ាស៊ីន​ដែល​អាច​ទប់ទល់​នឹង​កម្លាំង​ទឹក​ហូរ​ដែល​រាំងស្ទះ និង​បណ្តាល​អោយ​ការ​ជម្លៀស​មនុ​ស្សមានភាព​យឺតយ៉ាវ​នាំ​ឱ្យ​អ្នកស្រុក​ជា​ច្រើន ត្រូវ​បាន​រាយការណ៍​ថា បន្ត​ជាប់​គាំង​ក្នុងផ្ទះ​របស់​ពួក​គេ ។ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ចេញ​ការ​ព្រមាន​នៅ​ថ្ងៃនេះ​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀមលក្ខណៈ​ទុកជា​មុន​ចំពោះ​ទឹកជំនន់​ភ្លាម​ៗ និង​ការ​រអិល​បាក់​ដី​នៅ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង រហូត​ដល់​ថ្ងៃ​ទី​៤ ខែធ្នូ ។

តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន ខេត្ត​ជុម​ផ​ន​, ស៊ូ​រ៉ាត​ថា​នី​, ទ្រុង​, សា​ទុន​, ណៈ​ខន​ស៊ី​ធម្មរាជ​, ប៉ា​ថា​ឡុ​ង​, សង​ក្លា​, ប៉ា​តានី​, យ៉ា​ឡា និង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​ជាដើម ៕

កែសម្រួលដោយ