ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​ពួក និង​ក្នុង​ក្រុង​​សៀមរាប

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក និង​ក្នុង​ក្រុង​សៀមរាប និង​ធ្វើការ​ណែនាំ​ដល់​ប្រជា​នេសាទ កុំឱ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ធ្វើ​យ៉ាងណា​ឱ្យ​ផល​ត្រី​មានការ​កើនឡើង​វិញ…

ខេត្តសៀមរាប ៖ លោក​អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក និង​ក្នុង​ក្រុង​សៀមរាប និង​ធ្វើការ​ណែនាំ​ដល់​ប្រជា​នេសាទ កុំឱ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ធ្វើ​យ៉ាងណា​ឱ្យ​ផល​ត្រី​មានការ​កើនឡើង​វិញ ។

ក្នុង​នោះ​ដែរ លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៤ លោក​ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​, លោក​ធិ​ន​នី សុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​, លោក​សោម សុវណ្ណ នាយ​រង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប​, លោក​ថ្លៃ ចិន អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ពួក​, លោក ខា អ៊ី​ត អនុប្រធាន​ការិយាល័យ​វិវាទកម្ម​, លោកនាយ​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប និង​សហការី កងកម្លាំងប្រដាប់អាវុធ សហគមន៍​នេសាទ​ចុង​ឃ្នៀស និង​សហគមន៍​នេសាទ​កែវ​ពណ៌ ដើម្បី​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប​និង​ស្រុក​ពួក ។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា ក្រុមការងារ​ចម្រុះ​បាន​ធ្វើការ​រុះរើ និង​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ស្តី​ពី​ជលផល​នេសាទ​ដោយ​ប្រើ​ឧបករណ៍ លប រ៉ាវ ដែល​មាន​ក្រឡា​តូច​ជាង​០,០៣​ម៉ែត្រ បាន​ចំនួន​០១ ករណី​៖​ក្បាល​លប​ចំនួន​១២​គ្រឿង​-​របាំង​សាច់​អួន ប្រវែង ១២០០ ម៉ែត្រ​-​ចម្រឹង ចំនួន​៦០០​ដើម​-​ព្រ​លែង​ត្រី​ចម្រុះ ចំនួន​៣០​គីឡូក្រាម ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ជា​រឿយ​ៗ​ក្រុមការងារ​ចម្រុះ បាន​បើក​យុទ្ធនាការ​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​ដែន​នេសាទ​ទាំងអស់ នៅ​ជាប់​បឹង​ទន្លេសាប ដោយ​ចាប់ផ្ដើម​ចុះ​អនុវត្ត​ពី​ចំណុច​សង្កាត់​ចុង​ឃ្នៀស ឃុំ​កែវ​ពណ៌ ឃុំ​កំពង់​ភ្លុក ឃុំ​កំពង់​ឃ្លាំង និង​ឃុំ​អន្លង់​សំណរ ដែល​ជា​តំបន់​នៅ​ជាប់​មាត់បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប ។

លោក​ទា គឹ​ម​សុទ្ធ បាន​បញ្ជាក់​ថា ការងារ​សំខាន់​គឺ​ដើម្បី​ធ្វើការ​អប់រំ ដល់​សហគមន៍​នេសាទ​ផង និង​ដើម្បី​ដាស់​ស្មារតី អ្នកនេសាទ​ផង មិន​ឱ្យ​គាត់​ធ្វើ​នេសាទ​ខុសច្បាប់​តទៅ​ទៀត ប្រសិនបើ​យើង​មិន​ចុះ​ទៅ​បង្ក្រាប​ទេ គាត់​ចេះ​តែ​ហ៊ាន​នេសាទ​លើស​ពី​កម្រិត​ដែល​យើង​កំណត់​ជូន ដូច្នេះ​វា​អាច​នឹង​បាត់បង់​ជីវចម្រុះ​ទាំង​អស់នោះ​ក្នុង​បឹង​ទន្លេសាប ។

បច្ចុប្បន្ន អាជ្ញាធរ​ខេត្តសៀមរាប ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជលផល​ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី ត្រូវ​បន្ត​យកចិត្តទុកដាក់​សហការ​គ្នា​ចេញ​ត្រួតពិនិត្យ និង​បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទប់ស្កាត់​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ឱ្យ​បានជា​ប្រចាំ ដូច​ភ្លៀងរលឹម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ