រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជានាយករងសាលាបង្រៀនប៊ែលធីបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗស្រាប់តែត្រូវបានរថយន្តលុចស៊ីសRX300មួយគ្រឿងបើកបរប្រដេញគ្នាទៅបុករះម៉ូតូរងគ្រោះនិងកង់បីពីរគ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខនិងក្លឹបមីត ណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហម សុខឃាង ភេទប្រុស អាយុ២៥ឆ្នាំ ជានាយករងសាលាបង្រៀនប៊ែលធី រស់នៅផ្ទះលេខ៣៦អឺ០ ផ្លូវ៤២៦ ភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក CPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KV-9152 ដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើទល់មុខនិងក្លឹបមីត ណាយ ស្រាប់តែគេឃើញរថយន្តចំនួនពីរគ្រឿងបានបើកប្រដេញគ្នាពីកើតទៅលិចបោះពួយយ៉ាងលឿនរួច ស្រាប់តែរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-6691 បានបើកទៅបុករះម៉ូតូរងគ្រោះពេញទំហឹង បណ្ដាលឲ្យផ្លោងខ្ទាតជាច្រើនម៉ែត្រធ្លាក់មកស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
តាមប្រភពដដែលបានបន្តថា ចំណែកម៉ូតូវិញរមូលខ្ទិចខ្ទីទាំងស្រុង រថយន្តបង្កបានបន្តទៅបុកនិងម៉ូតូកង់បីចំនួនពីរគ្រឿងទៀតដែលចតឈប់នៅលើផ្លូវ ទី១ម៉ូតូកង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB-6747 ខូចខាតខាងក្រោយ ចំណែកម៉ូតូកង់បីទី២ ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង1H-2027 ចំពីក្រោយខូចខាតដូចគ្នា បន្ទាប់មករថយន្តបង្កបានរេចង្កូតប៉ះនឹងឃឿនចិញ្ចើមផ្លូវវិលឈប់ត្រូវបានពលរដ្ឋនាំគ្នាឃាត់ខ្លួនតៃកុងប្រគល់អោយទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗយកទៅសួរនាំនៅប៉ុស្តិ៍ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកលុចស៊ីសLX470 ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2D-0577 នោះបានបើកបន្តដំណើរចេញទៅបាត់ស្រមោលទៅ ។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះព្រមទាំងម៉ូតូកង់បីរងគ្រោះពីរគ្រឿងទៀតទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយថ្ងៃក្រោយ ចំណែកសពផ្នែកជំនាញធ្វើលិខិតប្រគល់អោយទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕











ចែករំលែកព័តមាននេះ