ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនចង់អាយុខ្លី មិនត្រូវប៉ះពាល់អាហារបំប៉ន និងវីតាមីនដ៏ពេញនិយមទាំងនេះដាច់ខាត

2 អាទិត្យ មុន

បរទេស ៖ ថ្មី​ៗ​នេះ អ្នកជំនាញ​ខាង​វេជ្ជសាស្ដ្រ​ដ៏​ល្បី​របស់​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​លើ​គណនី TikTok ដែល​មាន​អ្នក​តាមដាន​ជិត​៣០​ម៉ឺន​នាក់ បាន​ព្រមាន​ថា ការ​ទទួលទាន​វីតាមីន​បន្ថែម​មួយ​ចំនួន អាច​មាន​គ្រោះថ្នាក់ និង​អាច​ធ្វើ​ឱ្យ​អាយុ​ខ្លី…

បរទេស ៖ ថ្មី​ៗ​នេះ អ្នកជំនាញ​ខាង​វេជ្ជសាស្ដ្រ​ដ៏​ល្បី​របស់​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​លើ​គណនី TikTok ដែល​មាន​អ្នក​តាមដាន​ជិត​៣០​ម៉ឺន​នាក់ បាន​ព្រមាន​ថា ការ​ទទួលទាន​វីតាមីន​បន្ថែម​មួយ​ចំនួន អាច​មាន​គ្រោះថ្នាក់ និង​អាច​ធ្វើ​ឱ្យ​អាយុ​ខ្លី ដោយ​ពន្យល់​ពី​មូលហេតុ​ច្បាស់​ៗ​ថែម​ទៀត​ផង ។

តាម​រយៈ​វី​ដេ​អូ ដែល​ចែករំលែក​នោះ លោក​វេជ្ជបណ្ឌិត Ahmed បាន​ណែនាំ​ថា អាហារ​បំប៉ន និង​វីតាមីន​ជា​ច្រើន​ប្រភេទ ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​ពេញ​និយម​ប្រើប្រាស់​វា​ជាប់​ជា​ប្រចាំ ដោយ​យល់​ថា ជំនួយ​ដល់​សុខភាព ឬ​ធ្វើ​ឱ្យ​អាយុ​វែង​នោះ តាម​ការ​ពិត​កំពុង​ធ្វើ​អោយ​លោក​អ្នក​អាយុ​ខ្លី​ទៅ​វិញ​ទេ ពីព្រោះ​តែ​វីតាមីន​ខ្លះ​ដែល​រាង​កាយ​យើង​មិន​ត្រូវការ ឬ​លើស​ចំណុះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ ដែល​គួរតែ​ចៀសវាង​ការ​ទទួលទាន​ល្អជា​ជាង​មិនតែប៉ុណ្ណោះ​វា​ជា​ការ​ខ្ជះខ្ជាយ​លុយកាក់​ដែល​លោក​អ្នក​គួរតែ​គិត​សារ​ឡើង​វិញ ។

វេជ្ជបណ្ឌិត Ahmed បាន​ពន្យល់​ថា អាហារ​បំប៉ន​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ចម្រុះ ដែល​កំពុង​ទទួល​ការ​ពេញ​និយម​ឆ្នាំ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ដូច​ជា​ម្សៅ shilajit, យិ​ន​ស៊ិ​ន​ឥណ្ឌា និង​សារធាតុ​ចម្រាញ់​ពី​ផ្សិត yamabushitake ដែល​ពួក​គេ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ពិសេស​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​អ្វី​ដែល​គ្រូពេទ្យ​មិន​ណែនាំ​នោះ​វីតាមីន​ចម្រុះ និង​សារធាតុ​រ៉ែ ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​លេប​ជាប់​ជា​ប្រចាំ​ថ្ងៃ មិន​ថា អ្នក​លេប​វា​ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់ ឬ ជា​ម្ស៉ៅ​ឆុង​ទឹក​នោះ​ទេ គឺ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ដូច​គ្នា ហើយ​មានការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា វីតាមីន​ចម្រុះ​គ្រប់​ប្រភេទ​បង្ករ​ហានិភ័យ និង​បង្កើន​ការ​ស្លា​.​ប់រប​ស់មនុស្ស ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា អ្នកលក់​អាហារ​បំប៉ន ពេល​គេ​ផ្សព្វផ្សាយ​ផលិតផល គឺ​រៀបរាប់​តែ​ប្រសិទ្ធភាព​របស់​វា​តែ​ប៉ុណ្ណោះ ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​ទិញ​វា​ទៅ​ប្រើ តែ​ប្រសិនបើ​លោក​អ្នក​ពិនិត្យ​មើល​ការ​ណែនាំ​នៅ​លើ​សំបក​កំប៉ុង​ឲ្យ​បាន​ដិត​ដល់​ទើប​ភ្លឺភ្នែក ជា​ពិសេស​វីតាមីន A និង K ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ វេជ្ជបណ្ឌិត​ក៏​បន្ថែម​ថា យោង​តាម​គេហទំព័រ NHS នៅ​ប្រទេស​អង់គ្លេស បរិមាណ​វីតាមីន A ដែល​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ពី​19-64 ឆ្នាំ​ត្រូវការ គឺ​700 មីក្រូ​ក្រាម​នៃ​វីតាមីន A ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង 600 មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី ។ អ្នក​អាច​ទទួល​បាន​វីតាមីន A ទាំងអស់​ដែល​អ្នក​ត្រូវការ​ពី​អាហារ​របស់​អ្នក ។ វីតាមីន A ដែល​រាង​កាយ​របស់​អ្នក​មិន​ត្រូវការ​ភ្លាម​ៗ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ការ​ប្រើប្រាស់​នា​ពេល​អនាគត​ដែល​មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ទទួលទាន​វីតាមីន A ជា​រៀងរាល់ថ្ងៃ​នោះ​ទេ ។

គេហទំព័រ NHS ដដែល ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ពេញវ័យ​ត្រូវការ​វីតាមីន K ប្រហែល 1 មីក្រូ​ក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​ខ្លួន​ក្នុង​មួយ​ថ្ងៃ ។ ទោះបីជា​មិន​មានការ​ស្រាវជ្រាវ​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​នៃ​ការ​លេបថ្នាំ​គ្រាប់​វីតាមីន K កម្រិត​ខ្ពស់​ជា​រៀងរាល់ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ការ​ទទួលយក​វីតាមីន និង​សារធាតុ​រ៉ែ​ទាំងអស់​ដែល​ត្រូវការ​ជា​រៀងរាល់ថ្ងៃ គឺ​មិន​ចាំបាច់​នោះ​ទេ ។ ចំពោះ​វីតាមីន A និង K ដែល​រលាយ​ក្នុង​ខ្លាញ់​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង ក្នុង​រយៈពេល​វែង ប្រសិនបើ​ទទួលទាន​ច្រើន​ពេក វា​អាច​បណ្តាល​ឱ្យ​ខូច​ថ្លើម បញ្ហា​ឆ្អឹង ឬ​អាច​មានការ​ហូរ​ឈាម​ខុស​ប្រក្រតី និង​មាន​កំណក​ឈាម​ជាដើម ៕

កែសម្រួលដោយ