ការបង្ហាញប្រពៃណីជនជាតិដើមភាគតិច«ព្នង»ជាលើកដំបូង ភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំង
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ជាលើកដំបូងដែលប្រពៃណីជនជាតិដើមភាគតិចព្នង ត្រូវបានរៀបចំបង្ហាញក្នុងមហោស្រពបុណ្យភូមិ(មានជើង) សង្កើតឃើញថា មានភ្ញៀវទេសចរជាច្រើន រួមទាំងជនជាតិបរទេស បានចូលមកទស្សនានូវវប្បធម៌ប្រពៃណី ម្ហូបអាហារ និងការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដែលរៀបចំឡើងនៅជើងភ្នំដោះក្រមុំ នាថ្ងៃទី២៣ និង២៤ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកចូលរួមព្រឹត្តិការណ៍ខាងលើ បានទស្សនាការលេងតន្ត្រីរបស់ជនជាតិដើមភាគតិច ល្បែងកំសាន្ត ដូចជាការដើរលើបំពង់ឬស្សី ព្រមទាំងបទបង្ហាញពីការចម្អិនសម្លប្រូង និង ពិធីកាប់ក្របីផឹកស្រា ។

លោក សកល កិត្យា សហស្ថាបនិកនៃមហោស្រពសិល្បៈបុណ្យភូមិ និងជាអ្នកដឹកនាំមហោស្រពសិល្បៈបុណ្យភូមិមានជើង បានលើកឡើងថា «ឆ្នាំនេះយើងពិតជាចង់ឃើញអ្នកស្រុកបុណ្យភូមិមានជើង មកទទួលនូវបទពិសោធន៍មួយនេះ ក៏ដូចជាមកចូលរួមស្វែងយល់ពីបងប្អូនជនជាតិដើមភាគតិច សត្វដំរី និង មកទស្សនាខេត្តមណ្ឌលគិរីដែលជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏ជាដង្ហើមនៃភូមិភាគឦសាន អោយបានច្រើនកុះករ។

លោកបន្តថា នាថ្ងៃទី២៤ ខែវិច្ឆិកា មហោស្រពបុណ្យភូមិមានជើង និង មានការបង្ហាញ កម្មពិសេសគឺ ដំរីលេងខ្លួន ជាមាតិកាថ្មីមួយដែលយើងចង់បង្ហាញពីសត្វដំរី នៅខេត្តមណ្ឌលគិរី យើងខានឃើញដំរីតែខ្លួនស្អាតយូរហើយ ចឹងលើកនេះបុណ្យភូមិមានជើងនឹងនាំការភ្ញាក់ផ្អើលមួយដល់ អ្នកស្រុកបុណ្យភូមិមានជើង គឺដំរីលេងខ្លួន ។

សូមបញ្ជាក់ថា មហោស្រពសិល្ប: បុណ្យភូមិមានជើងរៀបចំដោយ: ភ្លើងគប់ បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia – ដើម្បីកុមារគ្រប់រូប។ ដោយឡែកនារាត្រីថ្ងៃទីមួយ មានការប្រគំតន្ត្រីសម័យដើម្បីអបអរសាទទិវាកុមារពិភពលោកផងដែរ ហើយការប្រគំតន្ត្រីសម័យនេះ ក៏មានការចូលរួមពិសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប៕














ចែករំលែកព័តមាននេះ