ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងក្តីយូរឆ្នាំហើយ! ម្ចាស់ផ្ទះត្អូញគេធ្វើរោងដាក់​ឡានបាំងមុខផ្ទះពិបាកចេញចូល

1 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ជម្លោះវិវាទដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំដោយភាគីម្ខាងបានធ្វើរោងដាក់រថយន្តនិងបង្គន់​លើដីចំណីផ្លូវថ្នល់ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ ត្រូវបានគេបង្ហោះ​ចែក​ចាយតាមបណ្ដាញសង្គមព្រោងព្រាត ធ្វើឱ្យភាគីដែលសង់បង្គន់នោះបានរុះចេញទាំងយប់ ដោយទុករោងដាក់រថយន្តបាំងផ្លូវមុខផ្ទះភាគីម្ខាងទៀតដែលពិបាកចេញចូល ។…

ខេត្តកំពង់ចាម ៖ ជម្លោះវិវាទដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំដោយភាគីម្ខាងបានធ្វើរោងដាក់រថយន្តនិងបង្គន់​លើដីចំណីផ្លូវថ្នល់ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ ត្រូវបានគេបង្ហោះ​ចែក​ចាយតាមបណ្ដាញសង្គមព្រោងព្រាត ធ្វើឱ្យភាគីដែលសង់បង្គន់នោះបានរុះចេញទាំងយប់ ដោយទុករោងដាក់រថយន្តបាំងផ្លូវមុខផ្ទះភាគីម្ខាងទៀតដែលពិបាកចេញចូល ។ ហើយ​ជម្លោះនេះបានប្ដឹងផ្ដល់គ្នាពីសាលាដំបូងខេត្តរហូតដល់តុលាការកំពូលទៀតផង។

អ្នកស្រីឆូយ ទ្រី អាយុ៥២ ឆ្នាំរស់នៅភូមិហាន់ជ័យ បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២៤ ថា: កន្លងមកគាត់ធ្លាប់ដាក់ពាក្យបណ្ដឹងដើម្បីទប់ស្កាត់ចូលមកលោកមេឃុំហាន់ជ័យ ដោយប្ដឹងពីរបុគ្គលឈ្មោះធី ប្រភេទប្រុស អាយុ៦១ឆ្នាំនិងប្រពន្ធឈ្មោះជួងវួច អាយុ៥៨ឆ្នាំ រស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។ ដោយសំណូមពរឲ្យផ្អាកការសាងសង់សំណង់(របងថ្ម)ឬសាងសង់សំណង់ផ្សេងទៀតឬសកម្មភាពផ្សេងទៀតបិទផ្លូវចេញចូលផ្ទះគាត់ទៅផ្លូវក្រាលកៅស៊ូមុខផ្ទះ។ ដែលស្ថិតនៅផ្នែកខាងលិចនៃដីដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុលេខ០៣០៦០២០១-៣០០ ចុះថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយនៅក្នុងពាក្យបណ្ដឹងនោះចុះថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ តែលោកមេ​ឃុំហាន់ជ័យ មិនទទួលពាក្យបណ្ដឹងនោះឡើយ។

អ្នកស្រីឆូយ ទ្រី បានរំលឹកថា កាលពីដើមដំបូងគ្រាដែលផ្លូវថ្នល់មិនទាន់ស្ថាបនា គ្រានោះគឺមានដីរបស់អ្នកភូមិម្នាក់ ដែលមានកម្មសិទ្ធិរាងៗខ្លួនគឺស្ថិតនៅចំពីមុខផ្ទះរបស់គាត់ក្រោយមកទៀតអ្នកភូមិនោះ បានធ្វើរោងលក់ចាប់ហួយថែមទាំងចូលមកដីរបស់គាត់មួយផ្នែកតែគាត់មិនមាត់ដោយគិតថាអ្នកភូមិជាមួយគ្នា។

ក្រោយមកទៀតអ្នកនោះក៏បានលក់ដីមកឲ្យឈ្មោះធី មិនយូរប៉ុន្មានក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក៏បានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែពីជើងភ្នំហាន់ជ័យបន្តរហូតដល់ផ្សារថ្មគោលក្នុងឃុំរអាង ស្រុកកំពង់សៀម។ គ្រាដែលស្ថាបនាផ្លូវគឺបានពង្រីកធំទូលាយជាងមុនជាហេតុធ្វើឲ្យដីរបស់ឈ្មោះធី ក្លាយជាដីចំណីថ្នល់ សូម្បីតែនៅក្នុងប្លង់ភូមិបាលគឺមុខផ្ទះរបស់គាត់(ឆូយ ទ្រី) គឺទល់និងផ្លូវថ្នល់តែម្ដង។

ប្រហែលក្នុងឆ្នាំ២០១៣ ភាគីខាងមុខបានធ្វើរបងបិទមុខផ្ទះគាត់ពិបាកនឹងចេញចូលកើតជាការប្ដឹងផ្ដល់គ្នារហូតមកលុះឆ្នាំ២០២២ បុគ្គលឈ្មោះធី បានធ្វើរោងដែកស័ង្កសីទ្រវែងបាំងមុខផ្ទះពេញ ដោយគាត់ចេញចូលមិនកើតក៏សុំអ្នកជិតខាងល្មមនិងជិះម៉ូតូចូលមកក្នុងផ្ទះ ។ ដោយឃើញបាតុភាពនេះគាត់បានដាក់ពាក្យបណ្ដឹងមកសាលាដំបូងខេត្តហើយបានប្ដឹងទៅសាលាឧទ្ធរត្បូងឃ្មុំមិនដឹងថាគេកាត់ឱ្យគាត់អ្នកចាញ់ដោយភាគីឈ្មោះធី អ្នកឈ្នះគេបានមកសង់​រោងដែកសង្កសីដាក់រថយន្ត ទោះបីគាត់ខំប្រឹងឃាត់យ៉ាងណាក៏គេមិនស្ដាប់ហើយពេលសាងសង់នោះមេភូមិក៏មានវត្តមានទៀត មានពេលមួយនោះគេបានហៅគាត់ទៅដោះស្រាយនៅសាលាឃុំហាន់ជ័យ ដោយមេឃុំលើកឡើងថាការពិតនៅតែជាការពិត…ព្រោះម្នាក់ៗសុទ្ធតែមានប្លង់រាងៗខ្លួន មិនបានលទ្ធផលអ្វីនោះទេក៏រំសាយការសម្របសម្រួល។

ក្រោយមកទៀតបុគ្គលឈ្មោះធី បានសង់បង្គន់នៅរោងដាក់រថយន្តជាហេតុធ្វើឲ្យក្លិនស្អុយជះមកលើផ្ទះគាត់រយៈពេល៥ ទៅ៦ខែមកហើយ។ថ្មីៗនេះពេលមានគេបង្ហោះចែកចាយតាមបណ្ដាញសង្គមធ្វើឲ្យបុគ្គលឈ្មោះធី បានព្រមរុះបង្គន់ចេញ តែនៅសល់រោងដាក់រថយន្តមួយប៉ុណ្ណោះ។ អ្នកស្រីបានត្អូញត្អែរថាគេបាំងមុខផ្ទះជិតតែសំណាងបានសុំដីអ្នកជិតខាងគ្រាន់និងចេញចូលល្មមជិះកង់ម៉ូតូ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើងក្បែរផ្ទះគាត់រថយន្តមិនអាចចូលមកកើតនោះទេ។ចុងក្រោយអ្នកស្រីសំណូមពរដល់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមេត្តាជួយផ្ដល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ផង។

លោកទុន ណេត អភិបាលស្រុកកំពង់សៀមប្រាប់ឲ្យដឹងថា គ្រាដែលគាត់នៅជាអភិបាលស្រុកស្ទឹងត្រង់ពេលដែលបើករថយន្តមកប្រជុំនៅសាលាខេត្តកំពង់ចាម បានឃើញរោងដាក់រថយន្តនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម គឺសង់លើដីចំណីថ្នល់តែម្ដង។តែសំណង់នេះនៅតែឈរដដែលបន្តមកដល់សព្វថ្ងៃ រហូតដល់រូបលោកមកចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម គឺប៉ះលើរឿងនេះតែម្ដង។អភិបាលស្រុកលើកឡើងថា ក្រោយពីមានបញ្ហាផ្ទុះតាមបណ្ដាញសង្គមរូបលោកបានចុះមកជួបស្ត្រីម្ចាស់ផ្ទះឈ្មោះទ្រី។កាលពីថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២៤ ក្នុងករណីនេះបើថ្នាក់លើដោះស្រាយយកគោលការណ៍ច្បាប់ភូមិបាលមកដោះស្រាយគឺចប់មិនមានអ្វីកើតឡើងទៀតទេ ព្រោះថាបើមើលជាក់ស្ដែងរោងដាក់ឡាននេះលើដីចំណីថ្នល់។

លោកគាំ ធឿន មេឃុំហាន់ជ័យមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី២៦ វិច្ឆិកាថា ដំបូងឈ្មោះលឹម សុធី បានទិញដីពីរឈ្មោះម៉េងមានទំហំ៨គុណ១០ម៉ែត្រ ក្នុងតម្លៃព្រមព្រៀងមួយដីនោះដែលមានព្រំជាប់និងឈ្មោះឆូយ ទ្រី រស់នៅភូមិហាន់ជ័យឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ ក្រោយមកផ្លូវត្រូវបានពង្រីកជាប្រភេទផ្លូវក្រាលគ្រួស ហើយដីរបស់ឈ្មោះធីនៅសល់ប្រហែល៦ម៉ែត្រ ។ ជាមួយនោះផ្ទះឈ្មោះទ្រី សង់នៅលើដីដែលមានរណ្ដៅ ក៏បាននិយាយចរចាជាមួយនឹងឈ្មោះធី ដើម្បីសុំបើកផ្លូវល្មមរថយន្តចូលចាក់ដីបំពេញគឺមានការឯកភាពគ្នា។ ចំពោះការចោទប្រកាន់មកលើរូបលោកថាមិនបានទទួលពាក្យបណ្ដឹងដោះស្រាយនោះរូបលោកសូមបដិសេធថាមិនមែនជាការពិត ។​

បើក្នុងករណីឈ្មោះទ្រីប្ដឹងមករូបលោកមែននោះនឹងធ្វើការដោះស្រាយជូន ។ តែនេះគេបានប្ដឹងមកសាលាដំបូងខេត្តនិងបានប្ដឹងបន្តឡើងដល់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ហើយសាលាឧទ្ធរ បានសម្រេចដីកាការពារការកាត់ក្តីរបស់សាលាដំបូងខេត្តជារឿងត្រឹមត្រូវ។ ហើយថ្មីៗនេះស្រាប់តែមានក្រុមអ្នកព័ត៌មានអនឡាញបានទៅឡាយផ្ទាល់នៅមុខផ្ទះរបស់ឈ្មោះទ្រី បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងនាមអាជ្ញាធរមូលដ្ឋានបានលើកឡើងថាភាគីរបស់ឈ្មោះលឹម សុធី បានយល់ព្រមឯកភាពក្នុងករណីបើខេត្ត មានការពង្រីកផ្លូវឲ្យធំជាងនេះនោះគាត់យល់ព្រមផ្ដិតមេដៃឯកភាពជូនមិនមានការជំទាស់ឡើយ។

លោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថាក្រោយពីមានបញ្ហាផ្ទុះតាមបណ្ដាញសង្គមរូបលោកបានប្រជុំពិភាក្សាម្ដងរួចមកហើយ។លើករណីទំលោះដីធ្លីរបស់ស្ត្រីឈ្មោះទ្រីនិងភាគីឈ្មោះធី នៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ រូបលោកបានរំលឹកកាលពីដើមមកគឺគ្រាដែលផ្លូវមិនទាន់ស្ថាបនា គឺភាគីទាំងសង្ខាងមានដីរៀងៗខ្លួន ក្រោយមកពេលដែលរដ្ឋបាលខេត្តបានពង្រីកផ្លូវដីទៅផ្លូវក្រាលកៅស៊ូក៏ធ្វើឲ្យប៉ះពាល់ដល់ដីរបស់ឈ្មោះធី ហើយការសាងសង់បង្គន់នៅលើដីចំណីថ្នល់គឺមិនជាការល្អនោះទេ។ហើយរូបលោកបានសំណូមពរដល់ម្ចាស់ឱ្យវាយរុះចេញវិញ។

ក្នុងពេលឆាប់ៗខាងមុខនេះនឹងហៅភាគីទាំងសង្ខាងមកដោះស្រាយនៅសាលាស្រុកកំពង់សៀមដោយរដ្ឋបាលខេត្តមានគោលការណ៍ឆ្នាំ ២០២៥ខាងមុខ នឹងត្រូវពង្រីកផ្លូវឱ្យធំជាងនេះបន្ថែមទៀតដូច្នេះដីរបស់ឈ្មោះធីហ្នឹងត្រូវ ប៉ះពាល់ដោយមានការរៀបចំដាក់ប្រព័ន្ធលូបន្ថែម ងាយស្រួលពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក។តាមរយៈដំណោះស្រាយក្រៅប្រព័ន្ធច្បាប់បើភាគីទាំងសង្ខាងយល់ព្រមថយម្នាក់មួយជំហាននោះការងារនេះនឹងដោះស្រាយដោយជោគជ័យ។ ហើយនិងឱ្យភាគីឈ្មោះទ្រីដកពាក្យបណ្ដឹងពីតុលាការវិញ តាមរយៈការដោះស្រាយគឺមិនមានអ្នកចាញ់អ្នកឈ្នះនោះទេ ។

តាមប្រភពចុងក្រោយនៅក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពនិងការពិឃាតសត្វនៅសត្តឃាត
តាមបណ្ដា​ក្រុង-ស្រុកធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្ត នាព្រឹកថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០២៤ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញគោលការណ៍តម្រូវឱ្យអាជ្ញាធរ​មូលដ្ឋានរួមនិងស្ថាប័នពាក់ព័ន្ធចុះរុះរើរោងដាក់រថយន្តរបស់ឈ្មោះលឹម សុធីនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ព្រោះបុគ្គលនេះបានទទួលសំណងផលប៉ះពាល់លើដីចំណីផ្លូវរួចរាល់ហើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ