តើលោកអ្នកដឹងទេថា អ្វីទៅជាសំបុត្រកំណើត? តើមូលហេតុអ្វីបានជាយើងត្រូវចាំបាច់ចុះសំបុត្រមួយនេះ នៅពេលកូនកើតមក? តើសំបុត្របញ្ជាក់កំណើត និងសំបុត្រកំណើតខុសគ្នាយ៉ាងដូចម្តេច?
ជាការពិត កាលពីពេលថ្មីៗនេះ យោងតាមផេករបស់លោកមេឃុំកោះខែល ដែលតែងតែបង្ហោះវីដេអូរចែករំលែកចំណេះដឹងនានាពាក់ព័ន្ធអត្រានុកូលដ្ឋានកំណើតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយមានការយល់ដឹង និងជាពិសេសក្នុងឆ្នាំ២០២៥នេះ តើមូលហេតុអ្វីបានជាលែងចេញសំបុត្របញ្ជាក់កំណើតជូនទៀតនោះ?
បើលោកអ្នកចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូដល់ចប់ ។ យោងតាមការបញ្ជាក់ច្បាស់ៗនៅក្នុងវីដេអូ លោកបញ្ជាក់ថា ឆ្នាំ២០២៥ លែងចេញសំបុត្របញ្ជាក់កំណើតទៀតហើយ ដោយយោងតាមច្បាប់ស្តីពីអាត្រានុកូលដ្ឋានស្ថិតិ និងអត្តសញ្ញាណកម្ម គឺនៅឆ្នាំ២០២៥ យើងត្រូវចុះនៅសាលាឃុំ រយៈពេល ៣០ថ្ងៃនឹងជូនសំបុត្រកំណើត ។
ក្នុងនោះដែរ ក៏មានរយៈពេលក្នុងការអនុគ្រោះ១ឆ្នាំក៏អាចចេញសំបុត្រកំណើតជូនដែរ ប៉ុន្តែត្រូវមានសាក្សី និងមូលហេតុ ។ ចំណាំ ប្រសិនបើហួសរយៈពេល ១ឆ្នាំក៏នៅតែអាចចេញសំបុត្រកំណើតបានដែរ ដូច្នេះសូមជ្រាបជាព័ត៌មាន ។
សូមជម្រាប បញ្ជីបញ្ជាក់កំណើតយ៉ាងហោចណាស់ ត្រូវមានស្នាមមេដៃស្តាំ ទី១ គឺសាមីខ្លួនសាក្សី និងទី២ សាក្សី ជាពិសេសនោះ ការដឹងលឺពីមន្ត្រីអត្រានុកូលដ្ឋាន មេឃុំ ហត្ថលេខា និងត្រា ។ ជនណាបានរាយការណ៍មិនពិតអំពីអត្រានុកូលដ្ឋាន មន្ត្រីអត្រានុកូលដ្ឋានណាបានសមគំនិត ឃុបឃិត ក្លែងបន្លំ ចុះសៀវភាវអត្រានុកូលដ្ឋានអោយប្រជាពលរដ្ឋដែលមកសុំជននោះ និងមន្ត្រីអត្រានុកូលដ្ឋាននោះនឹងត្រូវទទួលទោសតាមបញ្ញត្តិច្បាប់ ។ បើចំពោះសម្រង់សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើតត្រូវស្រង់ចេញពីសៀវភៅអត្រានុកូលដ្ឋានកំណើត និងសៀវភៅ អត្រានុកូលដ្ឋានបញ្ជាក់កំណើតដែលតម្កល់ទុកដោយស្រង់យកតែខ្លឹមសារតាមសំណើរបស់អ្នកមកសុំស្រង់ ។
គួរបញ្ជាក់ដែរថា កាលពីកន្លងទៅ ប្រសិនបើការដែលយកកូនមកចុះសំបុត្រកំណើតហួសរយៈពេល៣០ថ្ងៃ នោះ គឺមានការចុះសំបុត្របញ្ជាក់កំណើតជូន តែសម្រាប់ឆ្នាំ២០២៥តទៅនឹងមិនមានការបញ្ជាក់សំបុត្រកំណើតទៀតឡើយ ដោយនឹងចុះសំបុត្រកំណើតអោយតែម្តង ត្រូវមានមូលហេតុសាក្សីជាស្នាមមេដៃជាអាទិ៍ ។
សូមបញ្ជាក់ផងដែរថា ការចុះសំបុត្រកំណើត គឺផ្នែកមួយនៃការធ្វើអត្រានុកូលដ្ឋាន ។ អត្រានុកូលដ្ឋាន គឺជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលពលរដ្ឋម្នាក់ៗមាននៅក្នុងត្រកូលគ្រួសារខ្លួនក្នុងសង្គមជាតិ និងដែលបង្កើតឲ្យជននោះមានសិទ្ធិ និងករណីយកិច្ច ។ ការចុះសៀវភៅអត្រានុកូលដ្ឋាន គឺជាកាតព្វកិច្ច ដែលពលរដ្ឋខ្មែរគ្រប់ត្រូវតែបំពេញ។ នេះបើយោងតាម មាត្រា២ និងមាត្រា៣នៃអនុក្រឹត្យស្តីពីអត្រានុកូលដ្ឋាន ឆ្នាំ២០០០ ។
ចំណុចគន្លឹះដែលមាតា បិតាត្រូវដឹងនោះ គឺថា នៅពេលដែលមានទារកទើបនឹងកើត តើឪពុកម្តាយត្រូវទៅចុះសំបុត្រកំណើតនៅកន្លែងណា ហើយត្រូវចុះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ? នៅពេលដែលមានទារកកើត ឪពុក ឬម្តាយរបស់ទារក (ជាទូទៅ គឺឪពុក) ត្រូវទៅរាយការណ៍ចុះសំបុត្រកំណើត នៅសាលាឃុំ ឬសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួន ។ ក្នុងករណីឪពុក និងម្តាយមានធុរៈទៅមិនបានត្រូវពឹងពាក់សាច់ញាតិ ឬក៏អ្នកជិតខាងឲ្យទៅជំនួសបាន ក៏ប៉ុន្តែ សាច់ញាតិ និងអ្នកជិតខាងនោះត្រូវតែជាអ្នកដែលបានឃើញ និងបានដឹងឮផ្ទាល់ពីការកើតរបស់ទារកនេះ ។ ការចុះសំបុត្រកំណើតនេះក្នុងរយៈពេលយ៉ាងយូរបំផុត៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលទារកកើត ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ (ស.ណ.ន ១៨ ឧសភា ២០០៧) ការចុះសៀវភៅកំណើតត្រូវនាំទៅជាមួយនូវលិខិតស្នាមមួយចំនួន ៖ ១- លិខិតបញ្ជាក់ទទួលស្គាល់កំណើតរបស់ទារក ចេញដោយមន្ទីរពេទ្យ (ប្រសិនបើទារកកើតនៅមន្ទីរពេទ្យ) ឬលិខិតបញ្ជាក់ទទួលស្គាល់កំណើត ចេញដោយមេភូមិ (បើទារកកើតនៅផ្ទះ) ប្រសិនបើមាន ត្រូវយកទៅជាមួយផងដែរ នូវឯកសារមួយចំនួនទៀតដូចជា សៀវភៅគ្រួសារដែលមានឈ្មោះឪពុកម្តាយរបស់ទារក, សេចក្តីចម្លងសំបុត្រកំណើតរបស់ឪពុកម្តាយ, សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ, អត្តសញ្ញាណប័ណ្ណរបស់ឪពុកម្តាយ។
២-ក្នុងករណីឪពុកម្តាយមិនបានទៅចុះសៀវភៅកំណើតដោយផ្ទាល់ខ្លួនឯង ហើយពឹងពាក់សាច់ញាតិ ឬអ្នកជិតខាងឲ្យទៅជំនួសឪពុកម្តាយ ត្រូវធ្វើលិខិតបញ្ជាក់មួយទៀត ដោយមានបញ្ជាក់ច្បាស់លាស់ ពីនាមត្រកូលនាមខ្លួន និងថ្ងៃខែឆ្នាំកំណើតរបស់ទារក ៕ ដោយ៖ ខឿន មរកត និង លីហួ គីមឆាយ
ចែករំលែកព័តមាននេះ