នេះក៏ដោយសារតែ អ្នកប្រមឹកអាចនឹងប្រឈមការកើតមហារីក៥ដងច្រើនជាងធម្មតា ពេលផឹកតែក្តៅបន្ថែម។ នេះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវចុងក្រោយ នៅប្រទេសចិន។
កន្លងមក ជម្ងឺមហារីកបំពង់អាហារ មានការទាក់ទងជាមួយនឹងការផឹកស្រានិងជក់បារី តែពេលនេះអ្នកស្រាវជ្រាវរកឃើញថា អត្រាប្រឈមកាន់តែកើនខ្ពស់ប្រសិនបើផឹកទឹកតែក្តៅៗបន្ថែម។
ការសិក្សានេះសិក្សាទៅលើមនុស្ស ៤៥៦១៥៥នាក់ ដែលមានអាយុចន្លោះពី៣០ឆ្នាំទៅ៧៩ឆ្នាំ នៅប្រទេសចិន។ គេតាមដានមើលការវិវត្តន៍លើអ្នកដែលផឹកស្រា ហើយផឹកតែក្តៅ។
គេរកឃើញថា អ្នកដែលផឹកតែក្តៅជាប្រចាំ ហើយផឹកស្រាលើសពី១៥ក្រាមក្នុងមួយថ្ងៃរាល់ថ្ងៃ មានអត្រាកើតជម្ងឺមហារីកច្រើនជាងមនុស្សធម្មតា។ នេះជាការសិក្សារបស់ វេជ្ជបណ្ឌិត Canqing Yu និង អ្នកធ្វើការជាមួយ មកពីមូលនិធិជាតិវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសចិន។
ក្នុងសេចក្តីសន្និដ្ឋាន គេបានសរសេរថា៖ “ការចៀសវាងពីការទទួលទានតែក្តៅ អាចជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីកបំពង់អាហារ លើអ្នកផឹកស្រាឬជក់បារី។”
គួរបញ្ជាក់ផងដែរថា រៀងរាល់ឆ្នាំមានមនុស្ស ៩២១១នាក់ ត្រូវបានគេរកឃើញថាមានជម្ងឺមហារីកបំពង់អាហារ។ ការវិវត្តន៍នៃជម្ងឺនេះគឺមិនល្អទាល់តែសោះ ព្រោះមានតែអ្នកជម្ងឺ១៥%ទេ ដែលអាចរស់បានលើសពី៥ឆ្នាំ៕
ចែករំលែកព័តមាននេះ