ធ្លាប់តែឃើញគេសន្សំលុយ ដើម្បីទិញផ្ទះថ្មីរស់នៅ ចំឡែកអីតែបុរសម្នាក់នេះយកលុយដែលខ្លួនខំសន្សំ១០ឆ្នាំទៅទិញផ្ទះទុកចោលទៅវិញ ។ ហើយរឿងដែលគ្រប់គ្នានឹកស្មានមិនដល់នោះ គឺក្រោយពីផ្ទះនោះត្រូវបានគេជួសជុលបានស្អាតហើយនោះបានថ្លៃឡើងកប់ ដែលធ្វើឱ្យប្តីប្រពន្ធមួយគូនេះសប្បាយចិត្តយ៉ាងខ្លាំង ។ នេះបើយោងតាមសារព័ត៌មាន Sanook News ចេញផ្សាយ កាលពីពេលថ្មីៗនេះ ។
រឿងនេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតតាមអ៊ីនធឺណេត នៅពេលដែល Nazeer ដែលជាអ្នកម៉ៅការជនជាតិម៉ាឡេស៊ីម្នាក់ បានចែករំលែករឿងដ៏អស្ចារ្យមួយ តាមរយៈគណនី Tiktok ដែលមានឈ្មោះថា @fadnasir_ បាននិយាយអំពីបុរសម្នាក់ ដែលសម្រេចចិត្តវិនិយោគប្រាក់សន្សំរយៈពេល១០ឆ្នាំ ទិញផ្ទះចាស់ដែលបោះបង់ចោល ។
ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីប្រពន្ធរបស់គាត់ក៏ដោយ ។ ប៉ុន្តែនៅទីបំផុត វាបានប្រែក្លាយជាផ្ទះដែលនាំមកនូវលាភសំណាងដល់ប្តីប្រពន្ធនេះថែមទៀត ។
ប្រភពបានអោយដឹងទៀតថា បុរសរូបនោះបានលួចសន្សំ១០ឆ្នាំទិញផ្ទះចាស់ ហើយដំបូងឡើយលោកក៏ត្រូវប្រពន្ធរបស់លោកស្តីបន្ទោសផងដែរ ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហាញរូបភាព ក្រោយការជួសជុលរួចរាល់ គឺមើលទៅវាពិតជាស្អាតណាស់ ហើយតម្លៃឡើងថ្លៃជាងពីរដង ។ Nazeer បាននិយាយថា បុរសនោះមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ ។ ជារឿយៗត្រូវបានអ្នកដទៃសើចចំអក ប៉ុន្តែគាត់មិនដែលបោះបង់ឡើយដោយលោកគិតតែខំធ្វើការសន្សំលុយ ដើម្បីសម្រេចក្តីសុបិនចង់ទិញផ្ទះរហូតដល់ពួកគេរកទិញបានផ្ទះមួយខ្នងនោះ ។
ដូច្នេះគាត់បានប្រើប្រាក់សន្សំរបស់គាត់ចំនួន 100,000 រីងហ្គីត (ប្រហែល 770,000 បាត) ដើម្បីទិញផ្ទះនោះដែលផ្ទះនេះ ត្រូវបានគេបោះបង់ចោលយូរមកហើយ ថែមទាំងមានស្មៅដុះជុំវិញជញ្ជាំងចាស់ ហើយមានការខូចខាតជាច្រើនកន្លែង ។
បុរសនោះបានជួល Naseer ឱ្យជួយជួសជុលអ្វីៗទាំងអស់ គឺរចនាតាមរចនាបថទំនើបទាន់សម័យ ។ ទោះបីជាការចំណាយលើការជួសជុលគឺខ្ពស់រហូតដល់ RM89,000 (ប្រហែល 680,000 បាត) គាត់ចាត់ទុកថា វាមានតម្លៃ ។ ៥ខែក្រោយមកផ្ទះចាស់ក៏ក្លាយជាផ្ទះថ្មី ។ ប៉ុន្តែក្នុងអំឡុងពេលជួសជុលផ្ទះ ប្រពន្ធបុរសដឹងរឿងទិញផ្ទះ ។ នាងខឹងខ្លាំងណាស់ ហើយថែមទាំងស្តីបន្ទោសប្តីនាងដែល«ខ្ជះខ្ជាយលុយ ដើម្បីទិញផ្ទះដែលបោះបង់ចោល» ហើយបានចោទសួរការសម្រេចចិត្តប្តីរបស់នាងថា ហេតុអ្វីជាទិញផ្ទះបែបនេះទៅវិញ ។ ប៉ុន្តែពេលឃើញការងារជួសជុលផ្ទះចាស់ទៅជាផ្ទះប្រណីត នាងបានប្ដូរចិត្ត ហើយសរសើរការសម្រេចចិត្តរបស់ប្ដីនាង ។
Nazeer គូសបញ្ជាក់ថា ការតាំងចិត្ត និងចក្ខុវិស័យរបស់បុរសនេះ ពិតជាគួរឲ្យសរសើរ ។«តម្លៃផ្ទះសរុប រួមទាំងថ្លៃជួសជុល គឺ១៨៩,០០០ រីងហ្គីត ។ បច្ចុប្បន្ននេះតម្លៃទីផ្សារដែលបានវាយតម្លៃបានកើនឡើងដល់ ៣៥៨,០០០ រីងហ្គីត (ប្រហែល ២,៧ លានបាត) ប្រសិនបើអ្នកចង់លក់វា អ្នកអាចទទួលបានប្រាក់ចំណេញល្អ ។ ហើយនេះពិតជាការសម្រេចចិត្តវិនិយោគដ៏ឈ្លាសវៃ» ៕ ដោយ៖ សាទ ស្រីណែត
ចែករំលែកព័តមាននេះ