ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថាក្រុមការងាររបស់លោកត្រាំកំពុងតែពិភាក្សាគ្នាអំពីការរៀបចំផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលរបស់លោកបៃដិនគិតតែខិតខំពង្រីកសង្គ្រាមឱ្យកាន់តែឆាបឆេះបន្ថែមទៀត។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស (Peskov) ថ្លែងដូចខាងលើនេះតបទៅនឹងសំណើរបស់អ្នកសារព័ត៌មានដែលចង់ឱ្យលោកធ្វើអត្ថាធិប្បាយទៅលើបទសម្ភាសមួយរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំគឺលោកម៉ាយវ៉ាល់ (Mike Waltz)។
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) លោកវ៉ាល់ថ្លែងថាលោកត្រាំខ្វាយខ្វល់យ៉ាងខ្លាំងចំពោះសភាពការណ៍កាន់តែក្ដៅគគុកនៅក្នុងសង្គ្រាមអ៊ុយក្រែន។ លោកថាសង្គ្រាមនេះត្រូវតែឈានដល់ទីបញ្ចប់ប្រកបដោយហេតុផល និងដំណោះស្រាយយ៉ាងសមរម្យបំផុត។ លោកវ៉ាល់បញ្ជាក់ថាអ្វីដែលលោកចង់និយាយនេះគឺសំដៅទៅលើទិដ្ឋភាពថ្មីៗនៃសង្គ្រាម។
ឧទាហរណ៍ការចូលរួមរបស់កូរ៉េខាងជើង និងអ៊ីរ៉ង់នៅក្នុងសង្គ្រាម, ការប្រើប្រាស់មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី, ការដែលក្រុមបស្ចិមប្រទេសអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលឆ្ងាយៗចូលទឹកដីរុស្ស៊ី និងករណីដែលកូរ៉េខាងត្បូងចង់ចូលរួមនៅក្នុងសង្គ្រាម។ អ្វីដែលយើងត្រូវយកមកជជែកគ្នានោះគឺថាតើនរណាខ្លះចូលរួមនៅក្នុងការចរចាគ្នា? តើការចរចាគ្នានឹងឈានដល់កិច្ចព្រមព្រៀង ឬបទឈប់បាញ់ដែរឬទេ? តើត្រូវអូសទាញភាគីទាំង២ចូលតុចរចាដោយរបៀបណា? និងថាតើកិច្ចព្រមព្រៀងនោះមានអ្វីខ្លះ?
អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថារដ្ឋាភិបាលរបស់ខ្លួនបានទស្សនាបទសម្ភាសនោះរួចហើយ ហើយលោកពូទីនក៏បានឱ្យសញ្ញាផងដែរថាលោកត្រៀមខ្លួនចូលតុចរចា។ គេស្ដាប់ឮជាបណ្ដើរៗនូវពាក្យ«សន្តិភាព» ឬ «ផែនការសន្តិភាព» ចេញពីក្រុមការងាររបស់លោកត្រាំ ឬចេញពីមន្ត្រីក្រោមឱវាទរបស់លោកដែលមានតួនាទីសំខាន់ៗនៅអាណត្តិថ្មី។ ផ្ទុយទៅវិញ លោកបៃដិនគិតតែដុតបញ្ឆេះសង្គ្រាមឱ្យផ្ទុះឡើងកាន់តែខ្លាំង។ នេះជាអ្វីដែលយើងមើលឃើញនៅក្នុងទិដ្ឋភាពជាក់ស្ដែង។
សូមរំលឹកថាកាលពីខែមិថុនា លោកពូទីនបានប្រកាសអំពីលក្ខខណ្ឌមួយចំនួនដើម្បីជាថ្នូរនឹងសន្តិភាពសម្រាប់អ៊ុយក្រែន។ នៅក្នុងចំណោមនោះ លោកទាមទារដាច់ខាតមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូទេ។ ចំណុចមួយទៀត លោកពូទីនទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ធំៗចំនួន៤ដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់ជាទឹកដីស្របច្បាប់របស់រុស្ស៊ី។
រដ្ឋាភិបាលទីក្រុងម៉ូស្គូអះអាងថាការទាមទារទាំងនេះគឺជារឿងសមហេតុផលបំផុតព្រោះរុស្ស៊ីមានប្រៀបជាងអ៊ុយក្រែននៅក្នុងសមរភូមិជាក់ស្ដែង។ ទោះបីធ្វើឡើងដោយឆាប់រហ័ស ឬដោយសន្សឹមៗយ៉ាងណាក្ដី ចលនាវាយសម្រុករបស់កងទ័ពរុស្ស៊ីនៅតែទៅមុខជានិច្ច។ ជាកិច្ចឆ្លើយតប អ៊ុយក្រែនមិនទាន់ទទួលយកលក្ខខណ្ឌទាំងនេះទេ។ អ៊ុយក្រែនយល់ថាការធ្វើបែបនេះប្រៀបបាននឹងការលុតជង្គង់ចុះចាញ់រុស្ស៊ី ហើយប្រគល់ពានជ័យជម្នះទៅឱ្យប្រទេសដែលឈ្លានពានមកលើខ្លួន៕
ចែករំលែកព័តមាននេះ