រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាដល់ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានលើកឡើងថា “ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧ នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាងគ្រឹះសម្រាប់យើង ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈ នីតិកាលទី៧ នៃរដ្ឋសភា ខុសប្លែកពីនីតិកាលទី៦ ទៅលើ វិធីសាស្ត្រ នៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ” ។
មានប្រសាសន៍ ដែលសុទ្ធតែបង្ហាញ និងពិភាក្សាលើខ្លឹមសារនៃការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការងារកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាការដឹកនាំដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏មិនមែនជាការងារដោយឡែករបស់ក្រសួងមុខងារសាធារណៈ តែម្នាក់ឯងនោះដែរ គឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា រួមទាំងអង្គភាពថ្នាក់ក្រោមជាតិផងដែរ ។
ការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បី ធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។” […] “សូមយើងទាំងអស់គ្នា ចាត់ទុកថា ការងារកែទម្រង់ គឺជាឱកាសកែលម្អខ្លួនឯង និងឱកាសក្នុងការកែលម្អអង្គភាពឱ្យកាន់តែប្រសើរឡើង។”នេះបើតាម ឯកឧត្តមបានបន្ថែម ។
សូមជម្រាបថាសិក្ខាសាលារយៈ ១ថ្ងៃពេញនេះ បានរៀបចំឱ្យមាននូវបទបង្ហាញចំនួន៣ ពីវាគ្មិនជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំងរៀបចំវេទិការសំណួរ-ចម្លើយ លើប្រធានបទស្តីពី វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ដើម្បីបកស្រាយនូវចម្ងល់មង្ទិលរបស់សិក្ខាកាមមកលើវិធានការគន្លឹះទាំង៣ ក្នុងការជំរុញដំណើរការអនុវត្តការជ្រើសរើស គ្រប់គ្រងនិងអភិវឌ្ឍមន្ត្រីរាជការស៊ីវិល ក្នុងការសម្រេចឱ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមានការចូលរួមពីប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្ថាប័ន អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងការដ្ឋានកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលទាំង៥ រួមមាន ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) សរុបប្រមាណ ២៨០នាក់ ៕
ចែករំលែកព័តមាននេះ