ទីក្រុងតៃប៉ិ៖ អាមេរិកកំពុងគូសវាសយុទ្ធសាស្ត្រដើម្បីដាក់ចេញវិធានការនៅចំពោះមុខនៅពេលកោះតៃវ៉ាន់មានរឿងធំ។ វិធានការនេះមិនមែនដើម្បីជួយតៃវ៉ាន់ទេ ប៉ុន្តែដើម្បីការសម្ព័ន្ធមិត្តជប៉ុន និងហ្វ៊ីលីពីន។ ខាងលើនេះជាការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្យូដូ (Kyodo)។ ទីភ្នាក់ងារនេះផ្សាយបន្ថែមទៀតថាអាមេរិកកំពុងរៀបផែនការដាក់ពង្រាយកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់នៅជប៉ុន និងហ្វ៊ីលីពីនដើម្បីចេញប្រតិបត្តិការជាបន្ទាន់នៅក្នុងករណីដែលកោះតៃវ៉ាន់មានអាសន្ន។
ទីភ្នាក់ងារព័ត៌មានជប៉ុនខាងលើនេះបានដកស្រង់ប្រភពដែលដឹងអំពីកិច្ចការសម្ងាត់នៅក្នុងទំនាក់ទំនងជប៉ុន និងអាមេរិកមកចុះផ្សាយថាផែនការប្រតិបត្តិការរួមគ្នានេះនឹងដាក់ចេញនៅខែធ្នូ។ កងទ័ពម៉ារីនអាមេរិកដែលមើលការខុសត្រូវលើកាំជ្រួចហ្វូងម៉ាកហាយម៉ាស់ (HIMARS) នឹងទទួលភារកិច្ចឈរជើងនៅលើកោះណានសី (Nansei) ដែលលាត់សន្ធឹងចាប់ពីកោះគ្យូស៊ូ (Kyushu) ដល់កោះយ៉ូណាកូនិ (Yonaguni) ដែលស្ថិតនៅកៀកនឹងកោះតៃវ៉ាន់។
ចាប់ពីដំណាក់កាលដំបូង បើកម្រិតអាសន្ននៅលើកោះតៃវ៉ាន់មានសភាពស្រួចស្រាល់ខ្លាំង ពេលនោះគេត្រូវតែសាងសង់មូលដ្ឋានបណ្ដោះអាសន្ននៅលើកោះនានាដែលមានមនុស្សរស់នៅ។ ការអនុវត្តវិធានការនេះត្រូវធ្វើឡើងស្របទៅតាមគោលការណ៍ណែនាំរបស់អាមេរិកដើម្បីបញ្ជូនកងទ័ពម៉ារីនជាកងឯកភាពតូចៗទៅឈរជើងនៅលើទីតាំងជាច្រើនកន្លែង។
កងទ័ពជប៉ុនមានភារកិច្ចជួយទំនុកបម្រុងភស្តុភារសម្រាប់កងទ័ពម៉ារីនរបស់អាមេរិក។ ក្នុងនោះមានការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រាប់រំសេវជាដើម។ ទីភ្នាក់ងារព័ត៌មានក្យូដូផ្សាយបន្តទៀតថាកងទ័ពអាមេរិកនឹងដាក់ពង្រាយកងឯកភាពតូចៗនៅលើទឹកដីហ្វ៊ីលីពីន។ អ្នកសារព័ត៌មានមិនទាន់ស្នើសុំការឆ្លើយបំភ្លឺបាននៅឡើយទេពីរដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន និងជប៉ុនពាក់ព័ន្ធនឹងបញ្ហានេះ។ ចំណែកស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីឡាក៏មិនបានធ្វើអត្ថាធិប្បាយទៅលើរឿងនេះដែរ។
ប៉ុន្តែក្រសួងការបរទេសចិនចេញមុខឆ្លើយបំភ្លឺនៅក្នុងបញ្ហាតៃវ៉ាន់។ ក្រសួងសូមបញ្ជាក់ឡើងវិញថាតៃវ៉ាន់ជាទឹកដីរបស់ចិនដែលមិនអាចបំបែកបានជាដាច់ខាត។ អ្នកនាំពាក្យចិន លោកស្រីម៉ៅនីង (Mao Ning) សូមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះប្រទេសទាំងឡាយណាដែលនិយមចូលចិត្តយកបញ្ហាកោះតៃវ៉ាន់មកធ្វើជាលេសដើម្បីដាក់ពង្រាយកម្លាំងយោធានៅក្នុងតំបន់ ក៏ដូចជាដុតបញ្ឆេះភាពតានតឹង និងការប្រឈមមុខដាក់គ្នា ហើយនិងបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ប៉ុន្តែគេពិនិត្យឃើញថាប្រទេសចិនក៏មិនណយប៉ុន្មានដែរ។ ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថាប្រទេសចិនកំពុងកសាងកម្លាំងយោធាឱ្យរឹតតែខ្លាំងក្លាលំដាប់ពិភពលោក។ ទន្ទឹមនឹងនោះ ចិនបន្តដាក់សម្ពាធយោធា សេដ្ឋកិច្ច នយោបាយ និងការទូតទៅលើកោះតៃវ៉ាន់។ អាមេរិកក៏កំពុងពង្រឹងសម្ត័ន្ធភាពជាមួយប្រទេសនានានៅក្នុងតំបន់ ហើយក៏ឧស្សាហ៍ធ្វើសកម្មភាពញោះឱ្យចិនខឹងសម្បារ។ ឧទាហរណ៍ពួកគេបើកនាវា ឬយន្តហោះចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង៕
ចែករំលែកព័តមាននេះ