ទីក្រុងបាងកក៖ នគរបាលថៃកំពុងស្នើសុំដីកាពីនគរបាលអន្តរជាតិអាំងទែប៉ូល (Interpol) ដើម្បីតាមចាប់ខ្លួនសេដ្ឋីពាណិជ្ជកម្មម្នាក់ដែលគេជឿជាក់ថាគាត់បានរត់គេចខ្លួនទៅដល់ប្រទេសចិនបាត់ទៅហើយ។ សំណុំរឿងនេះពាក់ព័ន្ធនឹងអំពើឆបោកដែលគេសង្ស័យថាសេដ្ឋីរូបនេះបានបោកប្រាសប្រាក់គេរហូតដល់២០០លានដុល្លារ។ សេដ្ឋីដែលមានវ័យចំណាស់រហូតដល់៨៦ឆ្នាំឈ្មោះប៊ុនវណ្ណាស៊ីន (Boon Vanasin) ម្នាក់នេះជាអតីតប្រធានក្រុមហ៊ុនថែទាំសុខភាពធុនបុរី (Thonburi)។
គេជឿជាក់ថាសេដ្ឋីរូបនេះបានរត់គេចខ្លួនបាត់ស្រមោលតាំងពីខែកញ្ញាមកម៉្លេះ។ នេះបើយោងតាមការស្រាវជ្រាវរបស់ស្នងការរងនគរបាលរាជធានីបាងកក លោកណុបផាស៊ីន ភូលសាវ៉ាត (Nopasin Poolsawat)។ មុននឹងឈានទៅដល់ការផ្ទុះរឿងធំនេះ គេសង្កេតឃើញមនុស្សដាក់ពាក្យប្ដឹងជាហូរហែចាប់តាំងពីឆ្នាំ២០២៣ សរុបប្រហែល២៥០ម្ចាស់បណ្ដឹងដែលចោទប្រកាន់ថាលោកប៊ុនវណ្ណាស៊ីន និងក្រុមហ៊ុនរបស់គាត់ឆបោកប្រាក់២១៩លានដុល្លារនៅក្នុងគម្រោងវិនិយោគផ្នែកសុខាភិបាលនៅប្រទេសថៃ ឡាវ និងវៀតណាម។
កាលពីពេលដាក់ប្រាក់វិនិយោគដំបូងៗ ជនរងគ្រោះទាំងនេះនឹកសង្ឃឹមថាពួកគេនឹងទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។ ប៉ុន្តែនៅទីបំផុត ពួកគេដឹងថានោះគ្រាន់តែជាគម្រោងខ្យល់តែប៉ុណ្ណោះ។ នៅពេលប្រមូលបានលុយច្រើនលានដុល្លាររួចហើយ សេដ្ឋីរូបនេះក៏រត់បាត់តែម្ដង។ ដូច្នេះ សមត្ថកិច្ចកំពុងរៀបចំនីតិវិធីទៅអាំងទែប៉ូលដើម្បីស្នើសុំនិវេទន៍ក្រហមចាប់ខ្លួនសេដ្ឋីរូបនេះត្រឡប់ទៅកាត់ទោសនៅប្រទេសថៃវិញ។
កាលពីឆ្នាំ២០២២ គណៈកម្មការមូលប័ត្រថៃបានពិន័យលោកប៊ុនវណ្ណាស៊ីនជាទឹកប្រាក់៦៦០០០ដុល្លារពីបទបំភាន់ភ្នែកអ្នកវិនិយោគនៅក្នុងសំណុំរឿងកាលពីឆ្នាំ២០២១។ កាលនោះ គាត់កុហកថាអាចទិញបានវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនហ្វាយហ្សឺ (Pfizer)។ អតីតភរិយា និងកូនស្រីរបស់គាត់ដែលជានាយកក្រុមហ៊ុនឆបោកខាងលើនេះ រួមជាមួយមនុស្ស៦នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ហើយកសាងសំណុំរឿងទៅតុលាការពីបទឆបោក និងសម្អាតប្រាក់ (លាងលុយកខ្វក់)។
នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទផ្ញើជូនគណៈកម្មការមូលប័ត្រថៃ ក្រុមហ៊ុនឆបោកខាងលើនេះថ្លែងថាភរិយារបស់លោកប៊ុនវណ្ណាស៊ីន និងកូនស្រីរបស់គាត់គ្មានសិទ្ធិអំណាចអ្វីទេនៅក្នុងការចាត់ចែងកិច្ចការតាមនាមជំនួសមុខឱ្យក្រុមហ៊ុន។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុននៅតែដំណើរការជាធម្មតាប្រកបដោយតម្លាភាពស្របទៅតាមគោលការណ៍អភិបាលកិច្ចល្អ។ ក្រុមហ៊ុននៅតែរក្សាទំនុកចិត្តជូនម្ចាស់ភាគហ៊ុន និងអ្នកដែលបានដាក់ប្រាក់វិនិយោគនៅក្នុងគម្រោងរបស់ក្រុមហ៊ុន៕
ចែករំលែកព័តមាននេះ