ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា បោះ​ឆ្នោត​ជ្រើសតាំង​ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា និង​ឯកឧត្តម ធន់ វ​ឌ្ឍ​នា ជា​អនុប្រធាន​ទី​២

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា បាន​បើក​សម័យប្រជុំ ពេញអង្គ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ឯកឧត្តម អ៊ុ​ច…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា បាន​បើក​សម័យប្រជុំ ពេញអង្គ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា និង​ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា ជា​អនុប្រធាន​ទី​២ ព្រឹទ្ធសភា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៥ បាន​បន្ត​សម័យប្រជុំ លើក​ទី​២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដោយ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា ចូលរួម​ចំនួន ៥៨​រូប ។

អង្គប្រជុំ បាន​ដំណើរការ​ដោយ​មាន​របៀបវារៈ ចំនួន​៣ ដូច​ខាងក្រោម​៖

របៀបវារៈ ទី​១ ៖ ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី ។ យោង​តាម​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥ នា​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ង៉ែត ច​ដ្តា​វី ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នៅ​មណ្ឌល​ភូមិភាគ​ទី​១​។ សមាជិក​ថ្មី​រូប​នេះ នឹង​ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់​តំណែង​ ។

របៀបវារៈ ​ទី​២ ៖ ​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥​។ សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥ បាន​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១​ព្រឹទ្ធសភា ជំនួស​ឯកឧត្តម ប្រាក់ សុ​ខុន ដែល​ត្រូវ​ទៅ​បំពេញភារកិច្ច​ថ្មី និង​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​២ ព្រឹទ្ធសភា​ថ្មី ដែល​មាន​សមាសភាព​ដូច​ខាងក្រោម​៖
១. ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ទាំងមូល​។
២. ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ទាំងមូល​។

ស្រប​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាងលើ​នេះ ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា ត្រូវ​បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​។

របៀបវារៈ ​ទី​៣ ៖ ​បោះ​ឆ្នោត​ជ្រើសរើស​បំពេញ​សមាជិក​គណៈកម្មការ​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥​។ ឯកឧត្តម យស ផា​នី​ត្តា សមាជិក​ព្រឹទ្ធសភា ត្រូវ​បាន​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥ បោះ​ឆ្នោត​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម នៃ​ព្រឹទ្ធសភា ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ