រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ សន្តិ ភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា
អំពីគោលការណ៍គ្រឹះមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ គឺការប្រកាន់ជំហរថាតួអង្គសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច មិនមែនជារាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាធុរកិច្ច និង វិនិយោគិន ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំរុញនវានុវត្តន៍ ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា «តួនាទីរបស់រាជរដ្ឋាភិបាលខ្ញុំ គឺបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន, នវានុវត្តន៍អាចមានភាពជឿនលឿន, ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ»។
សម្តេចបវរធិបតី បន្ដថា ដូច្នេះហើយ សម្ដេច ចង់បង្ហោះឧត្តមភាពប្រកួតប្រជែងពិសេសរបស់ប្រទេសកម្ពុជា ខុសប្លែកពីប្រទេសផ្សេងៗ នៅក្នុងតំបន់។ នៅប្រទេសកម្ពុជា បានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីកសាងថែទាំ និងធានាចរីភាព។ នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ, សន្តិភាព និង ស្ថិរភាពនយោបាយ បានត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះ សម្រាប់ប្រទេសមួយចំនួន។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់ថា «មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និង ស្ថិរភាពនយោបាយនោះទេ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ។ សន្តិភាព មិនអាចកើតឡើងតាមចិត្តចង់បាននោះទេ សន្ដិភាព ទទួលបានតាមរយៈ ការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដាច់ខាត»។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន»។ ជាមួយគ្នានោះដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សន្តិភាព និងស្ថិរភាពរបស់កម្ពុជា ទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន និងគោលនយោបាយគាំទ្រសម្រួលធុរកិច្ចរបស់កម្ពុជា បានផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគរបស់អ្នកវិនិយោគទាំងអស់នៅកម្ពុជា។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលនេះ គឺជាការផ្លាស់ប្តូរពីឈ្មោះកិច្ចប្រជុំកំពូលសេដ្ឋកិច្ចចិន ពិភពលោក ដែលឆ្លុះ បញ្ចាំងពីតត្តភាពមិនអាចប្រកែកបាននៃសម័យកាលរបស់យើង ដែលកំណើនសេដ្ឋកិច្ចត្រូវតែមានការ គាំទ្រពីការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ។
ជាការពិត តត្តភាពនេះ គឺជាអ្វីដែលកំណត់ពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជា ប៉ុន្តែនេះក៏ជាតត្តភាពសម្រាប់សេដ្ឋកិច្ចនៃបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងយុគសម័យឌីជីថលនេះ៕
ចែករំលែកព័តមាននេះ