ខេត្តបាត់ដំបង ៖ ក្រោយពីបរាជ័យស្ទើររាល់ឆ្នាំក្នុងមុខរបរធ្វើចម្ការ អតីតទាហានខ្មែរក្រហមម្នាក់ជាជនពិការជើង និងពិការភ្នែកផង បានសម្រេចបោះបង់ដីចម្ការរាប់សិបហិកតាឱ្យទៅកូនៗ ហើយគាត់និងប្រពន្ធបានងាកមកចាប់យកមុខរបរចិញ្ចឹមសត្វចង្រិតនិងសត្វកណ្ដូបដែលគាត់អះអាងថា«ទទូលបានផលល្អ និងរកចំណូលបានប្រសើរជាងធ្វើចម្ការ» ។
ក្នុងវ័យ៥៨ឆ្នាំ ពិការជើងនិងពិការភ្នែកម្ខាងផង ដោយសារតែសង្គ្រាម លោក ចឹក យ៉ូន ជាអតីតទាហានខ្មែរក្រហមម្នាក់ដែលមានដីចម្ការស្ទើរខ្ទង់រយហិកតា រស់នៅភូមិស្នូល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារធ្វើចម្ការមិនកាក់កប ខាតបង់ស្ទើររាល់ឆ្នាំ ជំពាក់ធនាគារដោះខ្លួនមិនរួច គាត់និងភារិយា ក៏សម្រេចបោះបង់ដីចម្ការរាប់សិបហិកតាឲ្យទៅកូនៗ ហើយក៏ងាកមិនចាប់មុខរបរចិញ្ចឹមសត្វចង្រិត និងសត្វកណ្ដូបធ្វើជា«អាជីព»ប្រចាំថ្ងែ ទទូលបានជោគជ័យដែលគាត់នឹកស្មានមិនដល់ ។
ជួបជាមួយកោះសន្តិភាព កាលពីសប្ដាហ៍មុននេះ លោក ចឹក យ៉ូន បាននិយាយដូច្នេះថា «ខ្ញុំនិងប្រពន្ធ បានចាប់ផ្ដើមប្រកបមុខរបរចិញ្ចឹមសត្វចង្រិតនេះ ប្រហែល០៦ឆ្នាំកន្លងមកហើយ រីឯសត្វកណ្ដូបខ្ញុំទើបចាប់ផ្ដើមចិញ្ចឹមបានប្រហែល០១ឆ្នាំប៉ុណ្ណោះ» ។ គាត់បានលើកឡើងថា «មូលហេតុដែលខ្ញុំចាប់យកមុខរបរចិញ្ចឹមចង្រិតនិងកណ្ដូបនេះ ដោយសារតែធ្វើចម្ការមិនកាក់កប ខាតបង់ស្ទើររាល់ឆ្នាំ ថែមទាំងជំពាក់បំណុលធនាគាររើខ្លួនមិនរួចទៀតផងពីមួយឆ្នាំទៅមួយឆ្នាំ» ។
ត្រង់ចំណុចនេះ លោកចឹក យ៉ូន បានប្រាប់ទៀតថា «ខ្ញុំឈប់ធ្វើចម្ការហើយដីធ្លីទាំងអស់ ខ្ញុំបានចែកឲ្យកូនៗអស់ហើយ ។ ខ្ញុំនិងយាយខ្ញុំចិញ្ចឹមចង្រិតនិងកណ្ដូបម្ដង មិនសូវចុះកម្លាំង បើទោះជាហត់នឿយ ក៏ហត់ក្នុងម្លប់ដែរ មិនលីសែង ធ្វើការនៅហាលវាល ហាលក្ដៅដូចធ្វើចម្ការទេ» ។
មិនឆ្ងាយប៉ុន្មានពីលំនៅឋាន នៅផ្នែកខាងក្រោយគេឃើញកូនទ្រុងជាច្រើន ដែលធ្វើពីឈើប្រក់តង់កៅស៊ូពណ៏ស និងមានហ៊ុមជិតទៅដោយស្បៃមុងដែលសសង់តម្រៀបគ្នា ។ នោះគឺជា«ទ្រុងចិញ្ចឹមសត្វកណ្ដូប» ។
ដោយឡែក នៅខាងទ្រុងចិញ្ចឹមកណ្ដូប គេឃើញរោងប្រក់ស័ង្កសីចំនួន០២ខ្នង សង់ឆ្ងាយពីគ្នាបន្តិច ដែលមានហ៊ុមស្បៃជិតដូចទ្រុងកណ្ដូបដែរ ហើយខាងក្នុងរោងនីមួយៗ មានរៀបអិដ្ឋធ្វើដូចអាងទឹកវែងៗចំនួន០២ ។ នោះគឺជា«អាងចិញ្ចឹមចង្រិត» ។ លោក ចឹក យ៉ូន និងភារិយា របស់គាត់ ទំនងដូចជាមិនសូវមានពេលទំនេរប៉ុន្មានទេ ។ នេះបើតាមការពិនិត្យលើកិច្ចការងារប្រចាំថ្ងៃរបស់គាត់ ។
ស្លៀកត្រឹមខោខ្លី ដៃដេរស្បៃមុងបណ្ដើរ និយាយលេងជាមួយកោះសន្តិភាពបណ្ដើរ នៅខាងមុខទ្រុងកណ្ដូបរបស់គាត់ ។ លោក ចឹក យ៉ូន បានលើកឡើងដោយសង្ខេបៗ ពីប្រវត្តិតស៊ូក្នុងសម័យខ្មែរក្រហមរហូតធ្លាក់ខ្លួនពិការជើង និងពិការភ្នែកម្ខាង លាយឡំជាមួយនឹងប្រវត្តិធ្វើចម្ការ និងប្រវត្តិចិញ្ចឹមចង្រិត និងសត្វកណ្ដូប ។
ពាក់ព័ន្ធនឹងការចិញ្ចឹមសត្វកណ្ដូប គាត់បាននិយាយថា តាមពិតសត្វកណ្ដូបនេះ លោកទើបចិញ្ចឹមបានប្រហែល០១ឆ្នាំទេ តែបើសត្វចង្រិតវិញ លោកចិញ្ចឹមបានរយៈពេល០៦ឆ្នាំកន្លងមកហើយ ។ លោកបានប្រាប់ថា នៅក្នុងតំបន់នោះ លោកជាអ្នកចិញ្ចឹមចង្រិតមុនគេ ហើយចិញ្ចឹមច្រើនជាងគេទៀត ។ សត្វកណ្ដូបចិញ្ចឹមរយៈពេល៤៥ថ្ងៃ យើងអាចចាប់លក់បានហើយ រីឯសត្វចង្រិតក៏ដូចគ្នាដែរ ។ គាត់បានបញ្ជាក់ថា ការចាប់ផ្ដើមចិញ្ចឹមដំបូង ទាំងពូជចង្រិត និងពូជកណ្ដូបសុទ្ធតែទិញមកពីថៃទាំងអស់ ។ ប៉ុន្តែ បច្ចុប្បន្ន មានគេចិញ្ចឹមច្រើន អាចទិញេពូជក្នុងស្រុកយើងបាន ។
បញ្ចប់ការនិយាយពីសត្វកណ្ដូប លោក ចឹក យ៉ូន បានចាកចេញពីទ្រុងកណ្ដូប រួចនាំយើងទៅមើលពីកន្លែងចិញ្ចឹមសត្វចង្រិតដ៏ធំចំនួន០២រោងរបស់គាត់ម្ដង ។ នៅក្នុងរោងនីមួយៗ មានអាងចិញ្ចឹមសត្វចង្រិតធំៗ និងវែងៗចំនួ០២ធ្វើពីអិដ្ឋ ។ អាងនីមួយៗមានទទឹង១,៥ម៉ែត្រ មានបណ្ដោយ០៨ម៉ែត្រ និង មានកំពស់ប្រហែល០៧តឹក ។ ដង្ខៅចង្រិតរូបនេះ បានពន្យល់ថា សត្វចង្រិត និងសត្វកណ្ដូបស៊ីចំណីមិនខុសគ្នាប៉ុន្មានទេ ។
ប៉ុន្តែចង្រិតអាចស៊ីស្មៅផង និងស៊ីចំណីមាន់លាយជាមួយកន្ទក់ផង តែបើកណ្ដូបភាគច្រើនស៊ីស្មៅ ដូចជាស្លឹកចេក ស្លឹកពោត ស្មៅគោ ស្លឹកអំពៅ ។ល។ បើនិយាយពីការថែទាំវិញ លោក ចឹក យ៉ូន បានប្រាប់ដូច្នេះថា «ខ្ញុំហត់នឿយនឹងដើររកស្មៅឲ្យវាស៊ី រីឯប្រពន្ធខ្ញុំ ជាអ្នកមើលថែផ្ទាល់ និងរៀបចំភ្ញាស់ពូជ ដើម្បីដាក់ចិញ្ចឹមបន្ត ក្រោយពេលចាប់លក់អស់» ។
កោះសន្តិភាព៖ តើការចិញ្ចឹមចង្រិតនិងកណ្ដូប ហត់នឿយដូចធ្វើចម្ការទេ ? គាត់សើច ជាមួយនឹងការលើកឡើងដូច្នេះថា «តាមពិតការងារអ្វីក៏ហត់នឿយដែរ តែការចិញ្ចឹមចង្រិត កណ្ដូបនេះ ជាការស្រាលជាការងារធ្វើចម្ការ ហើយវាយដែរតែនឿយក្នុងម្លប់ មិននឿយហត់ដូចធ្វើចម្ការរាលវាល ហាលក្ដៅទេ។ ម្យ៉ាងទៀត ចិញ្ចឹមចង្រិតនិងកណ្ដូប មិនពិបាករកទីផ្សារ ហើយប្រមូលផលលក់រាល់ខែ មិនដូចធ្វើចម្ការ០១ឆ្នាំប្រមូលផលម្ដង បានផលហើយគ្មានទីផ្សារ ប្រឈមមុខនឹងការខាតបង់ស្ទើររាល់ឆ្នាំ» ។
គាត់បានបញ្ជាក់ថា ចង្រិតគាត់ប្រមូលផលវិលជុំ ។ ចាប់លក់ម្ដង០២អាង បានលើសពី១០០គីឡូក្រាម។ រីឯសត្វកណ្ដូបក៏ចាប់លក់វិលជុំជាមួយចង្រិតដែរ ។
ចប់ពីការសន្ទនារឿងចង្រិតនិងកណ្ដូបជាមួយលោក ចឹក យ៉ូន យើងងាកទៅមើលភារិយាគាត់វិញ គឺ អ្នកស្រី ទុយ ឃឿប អាយុ៦៣ឆ្នាំ ក៏មមារញឹកណាស់ដែរ ដែលកំពុងរៀបចំដាក់ពងកណ្ដូបភ្ញាស់នៅក្នុងកេសស្នោរ ។
គាត់និយាយពីវិធីភ្ញាស់ពងកណ្ដូប ឬពងចង្រិត ដែលមើលទៅសកម្មភាពបំពេញការងាររបស់ពួកគាត់ហាក់សប្បាយរីករាយ ។ និយាយបណ្ដើរសើចលែងសប្បាយបណ្ដើរ ហាក់មិនធុញទ្រាន់នឹងសំនួររបស់សន្តិភាពឡើយ ។ អ្នកស្រី ទុយ ឃឿប បានពន្យល់ពីវិធីភ្ញាស់ពងកណ្ដូបយ៉ាងដូច្នេះថា «ពងកណ្ដូប ភ្ញាស់មានរយៈពេលយូរជាងពងចង្រិត តែការចិញ្ចឹមរយៈ៤៥ថ្ងៃដូចគ្នា គឺអាចចាប់លក់បានហើយ» ។
កោះសន្តិភាព៖ តើការចិញ្ចឹមចង្រិត កណ្ដូប លំបាកយ៉ាងម៉េចដែរ បើប្រៀបធៀបទៅនឹងការធ្វើសម្ការ ? អ្នកស្រី ទុយ ឃឿប បានផ្ដល់ចម្លើយថា «ធ្វើចម្ការដើមទុនតិច ធ្វើទៅរវល់តែខាត តែបើយើងធ្វើអានេះ បើចំណាយដើម១លានរៀល ក៏យើងបានចំណេញពាក់កណ្ដាលមកវិញដែរ។ ហើយបើយើងបោះបង់របរនេះចោល យើងស៊ូក្ដៅមិនរួច ធ្វើចម្ការ» ។
កោះសន្តិភាព៖ លោកពូប្រាប់ថា ចិញ្ចឹមចង្រិតនេះ មានរយៈពេល០៦ឆ្នាំហើយ តើធ្លាប់បរាជ័យម្ដងណាទេ ? ពីរអ្នកតាយាយ ហាក់អស់សំណើរព្រមគ្នា មុនពេលឆ្លើយនឹងសំណួរនេះ ។ គាត់និយាយព្រមៗគ្នាថា «ធ្លាប់ខាតម្ដងហើយ អស់៨០ម៉ឺនរៀល» ។ មូលហេតុដែលខាតឡុងចុងម្ដងនោះ បើតាមលោក ចឹក យ៉ូន បានបញ្ជាក់ដូច្នេះថា «កាលនោះចិញ្ចឹមចង្រិតពូជខ្មៅ ។ ពេលចាប់លក់គេអត់ទិញ ព្រោះវាកើតរោគ ។ ចាប់ពីពេលនោះមក ខ្ញុំចិញ្ចឹមពូជក្រហមម្ដង ដែលទិញពូជពីថៃមក គឺចិញ្ចឹមពូជចង្រិតក្រហមនេះ ជោគជ័យរហូតមកដល់សព្វថ្ងៃនេះ» ។
ជាមួយនឹងភាពជោគជ័យនៃអាជីពចិញ្ចឹមចង្រិត និងកណ្ដូបនេះ គ្រួសារវ័យចំណាស់ពីនាក់ប្ដីប្រពន្ធនេះ បានអះអាងថា ប្រាក់ចំណូលដែលបានមកពីការលក់ចង្រិត កណ្ដូប ក្នុងរយៈពេលប៉ុន្មានកន្លងទៅនេះ គាត់បានដោះបំណុលធនាគារស្ទើររួចរាល់ហើយ ដែលបំណុលនោះជំពាក់ធនាគារ ក្នុងអំឡុងធ្វើចម្ការ ។ ប៉ុន្តែសព្វថ្ងៃគាត់បានបោះបង់ដីចម្ការទាំងអស់ចែកទៅឲ្យកូនៗ ហើយគាត់០២នាក់តាយាយនេះ ងាកមកចាប់អាជីពចិញ្ចឹមចង្រិត និងកណ្ដូបវិញម្ដង ។
លោក ចឹក យ៉ូន បានប្រាប់ពីតំលៃទីផ្សារចង្រិត និងកន្ដូបថា សព្វថ្ងៃចង្រិតលក់តំលៃ១២០០០រៀល ក្នុង០១គីឡូក្រាម រីឯកណ្ដូបលក់បានតំលៃចន្លោះពី១៧០០០រៀល ទៅ២០០០០រៀល ក្នុង០១គីឡូក្រាម។ ហើយមិនខ្វះទេ ទីផ្សារឲ្យតែយើងចង់លក់ ទូរស័ព្ទប្រាប់ម៉ូយៗទៅគេនឹងចាប់ប្រមូលភ្លាម ។ ពាក់ព័ន្ធនឹងប្រាក់ចំណូលនេះ បើតាមអ្នកស្រី ទុយ ឃឿប បានបញ្ជាក់ថា ចង្រិតគាត់មានចំនួន០៤អាង ចាប់លក់វិលជុំប្រចាំខែ ។ ក្នុង០១ខែគាត់រកចំណូលបានពីចង្រិតជាង១លានរៀល ។ នេះមិនទាន់និយាយពីការលក់សត្វកណ្ដូបទេ ។
ដូច្នេះ អ្នកស្រីបានធូរស្រាលគ្រាន់បើដែរ បើនិយាយពីជីវភាពក្នុងគ្រួសារ មិនយ៉ាប់យ៉ឺនដូចកាលធ្វើចម្ការទេដែលមួយថ្ងៃៗគ្មានពេលទនេរ នៅតែហាលក្ដៅ ខាតដើមស្ទើរាល់ឆ្នាំ ហើយជំពាក់ធនាគារស្ទើរវ័ណ្ឌ.កទៀត៕
ចែករំលែកព័តមាននេះ