ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ទឹកដីកម្ពុជាធ្លាប់ជាវាល មីន ឥឡូវក្លាយជាដីមានជីវជាតិធ្វើកសិកម្ម និងអភិវឌ្ឍន៍

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្លែង​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទឹកដី​របស់​កម្ពុជា ធ្លាប់​ជា​វាល​មីន…

ខេត្តសៀមរាប ៖ ថ្លែង​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទឹកដី​របស់​កម្ពុជា ធ្លាប់​ជា​វាល​មីន ឥឡូវនេះ​បាន​ក្លាយទៅជា​ដី​មាន​ជីវជាតិ​សម្រាប់​ធ្វើ​កសិកម្ម នគរូបនីយកម្ម និង​អភិវឌ្ឍ ។

នា​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​គ្មាន​មីន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា លើស​ពី​កិច្ច​ខិត ខំប្រឹង​ប្រែង​បោសសម្អាត​គ្រាប់​មីន គំនិត​ផ្តួចផ្តើម​ជំនួយ​ដល់​ជន​រង​គ្រោះជា​ច្រើន ក្រោម​ការ​សម្របសម្រួល​ដោយ​អាជ្ញាធរ​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (CMAA) បាន​ផ្តល់​ការ​ស្តារ​នីតិសម្បទា និង​គាំទ្រ​ការ​ធ្វើ​សមាហរណកម្ម​ឡើង​វិញ និង​ការ​តស៊ូ​មតិ​សម្រាប់​អ្នក​រស់រាន​មានជីវិត​តាម​រយៈ​ការ​អប់រំ​អំពី​ហានិភ័យ ។

សម្តេច​មហាបវរ​ធិ​បតី បន្ដ​ថា សមិទ្ធផល​ជា​ច្រើន​ត្រូវ​បាន​កើតឡើង ។ សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​កំណើន​ជា​មធ្យម​ក្នុង​រង្វង់​៧% ក្នុង​មួយ​ឆ្នាំ មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​បាន​រីកសាយ​ភាយ​ដល់​តំបន់​ដែល​ត្រូវ​បាន​ដោះ​មីន ។ សម្តេច​មហា​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា ៖«​ទឹកដី​ដែល​ធ្លាប់​ជា​វាល​មីន ឥឡូវនេះ​បាន​ក្លាយទៅជា​ដី​មាន​ជីវជាតិ​សម្រាប់​ធ្វើ​កសិកម្ម នគរូបនីយកម្ម និង​ការ​អភិវឌ្ឍ ហើយ​បាន​ជួយ​ប្រជាជន​រាប់​លាន​នាក់​ចាក​ចេញពី​ភាព​ក្រីក្រ​» ។

សម្តេច​មហា​បវរ​ធិ​បតី បន្ថែម​ថា ប្រមាណ​៨០% នៃ​ផ្ទៃដី​ដែល​ត្រូវ​បាន​បោសសម្អាត​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម ចំណែក​នៅ​ផ្ទៃដី​នៅ​សល់​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​លំនៅ​ដ្ឋា​ន និង​ការ​អភិវឌ្ឍ​រួម​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ សម្រាប់​បង្កើន​កា​រត​ភ្ជាប់​ទូ​ទាំង​ប្រទេស​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​រីក​ចម្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ប្រទេស​កម្ពុជា​បាន​ប្រែក្លាយ​ប្រវត្តិសាស្ត្រ​សោកនាដកម្ម​របស់​ខ្លួន​ទៅ​ជា​មេរៀន​ដ៏​មាន​អានុភាព​មួយ​សម្រាប់​ពិភពលោក ដោយ​បាន​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស និង​បង្ហាញ​ពី​ផលវិបាក​រយៈពេល​វែង​របស់​មីន ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា វ​ឌ្ឍ​នា​ភាព​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា ក្នុង​សកម្មភាព​ដោះ​មីន​នឹង​មិន​អាច​សម្រេច​បាន​ទេ ប្រសិនបើ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ។

សម្តេច​មហា​បវរ​ធិ​បតី​ថា ផល​ប៉ះពាល់​ពី​សង្គ្រាម​លើ​សតិអារម្មណ៍ និង​ស្មារតី​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​គ្នា ។ ការ​រស់នៅ​ជាមួយ​គ្រាប់​មីន​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​ភាព​លំបាក​ក្នុង​ការ​ទទួលយក​ការ​ពិត​នៃ​សន្តិភាព និង​នឹក​ស្រមៃ​ដល់​អនាគត​ដ៏​ភ្លឺស្វាង ។

ស្លាកស្នាម​ដែល​គ្រាប់​មីន​បាន​បន្សល់​ទុក – ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត – គឺជា​ការ​រំលឹក​ប្រចាំ​ថ្ងៃ អំពី​ភាព​រន្ធត់ កាលពី​អតីតកាល ។ សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​ទៀត​ថា ៖«​វ​ឌ្ឍ​នា​ភាព​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា ក្នុង​សកម្មភាព​ដោះ​មីន​នឹង​មិន​អាច​សម្រេច​បាន​ទេ ប្រសិនបើ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ។ តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស និង​អង្គការ​ម្ចាស់​ជំនួយ​នានា​ដែល​បាន​ផ្ដល់​នូវ​កិច្ច​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ការ​លើកទឹកចិត្ត យើង​បាន​បោះ​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​គោលដៅ​» ។

សម្តេច​មហា​បវរ​ធិ​បតី​បន្ដ​ថា មក​ទល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស​ជា ង​១​លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន​៣​លាន​គ្រាប់ ។ កម្ពុជា​ក៏​បាន​បោសសម្អាត មីន លើ​ផ្ទៃដី​ជាង​៣.០០០ គីឡូ​ម៉ែត្រការ៉េ ដោយ​បាន​ប្រែក្លាយ​រាជធានី​-​ខេត្ត​ចំនួន​១៥ ក្នុង​ចំណោម​២៥ ជា​រាជធានី​-​ខេត្ត​អស់​មីន ។ ចំនួន​ជន​រង​គ្រោះ​បាន​ធ្លាក់​ចុះ​ពី​មធ្យម​ជាង ៤.៣០០​នាក់ ក្នុង​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​១៩៩៦ មក​តិច​ជាង​១០០​នាក់ ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ ។

សូម​រំលឹក​ថា មក​ទល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន​៣​លាន​គ្រាប់ ។ កម្ពុជា​ក៏​បាន​បោសសម្អាត​មីន​លើ​ផ្ទៃដី​ជាង ៣.០០ ០​គីឡូ​ម៉ែត្រការ៉េ ដោយ​បាន​ប្រែក្លាយ​រាជធានី​-​ខេត្ត​ចំនួន​១៥ ក្នុង​ចំណោម ២៥ ជា​រាជធានី​-​ខេត្ត​អស់​មីន ។ ចំនួន​ជន​រង​គ្រោះ​បាន​ធ្លាក់​ចុះ​ពី​មធ្យម​ជាង​៤.៣០០​នាក់ ក្នុង​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ ១៩៩៦ មក​តិច​ជាង​១០០​នាក់ ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ