ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករស៊ីឈ្មួលលីទំនិញឆ្លងព្រំដែនរកបានព្រឹកខ្វះល្ងាច

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ច្រក​ទ្វារ​ព្រំដែនអន្តរ​​​ជាតិ​«​ភ្នំ​ដី​» គឺជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់មួយ ក្នុង​ចំណោម​ច្រក​ទ្វារ​ព្រំដែន​ជា​ច្រើន​ក្នុង​ខេត​្ត​បាត់ដំបង ដែល​ធ្លាប់​មាន​ទំនិញ និង​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ចេញ​-​ចូល​យ៉ាង​មមាញឹក​បំផុត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។…

ខេត្តបាត់ដំបង ៖ ច្រក​ទ្វារ​ព្រំដែនអន្តរ​​​ជាតិ​«​ភ្នំ​ដី​» គឺជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់មួយ ក្នុង​ចំណោម​ច្រក​ទ្វារ​ព្រំដែន​ជា​ច្រើន​ក្នុង​ខេត​្ត​បាត់ដំបង ដែល​ធ្លាប់​មាន​ទំនិញ និង​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ចេញ​-​ចូល​យ៉ាង​មមាញឹក​បំផុត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។ ប៉ុន្តែ​សព្វថ្ងៃ​ច្រក​អន្តរជាតិ​នេះ ហាក់​ស្ងាត់ស្ងៀម​គ្មាន​ទំនិញ ឬ​មនុស្ស​ម្នា​ចេញ​-​ចូល​ដូច​មុន​សម័យ​«​កូ​វី​ដ-១៩»​​​​ឡើយ លើកលែងតែ​រថយន្ត​ធុន​ធ្ងន់​របស់​ថៃ ចេញ​-​ចូល​ដឹក​កសិផល​របស់​ខ្មែរ​តាម​រដូវ​កាល​តែ​​​​ប៉ុណ្ណោះ ។

នៅ​លើ​ស្ពាន​ឆ្លង​ព្រំដែន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» គេ​សង្កេត​ឃើញ​មាន​អ្នកដំណើរ​ឆ្លងកាត់​តិច​​​តួច​យ៉ាង​សោះកក្រោះ លាយឡំ​ជាមួយនឹង​ក្រុម​កម្មករ​ប៉ុន្មាន​នាក់​ដែល​ស៊ី​ឈ្មូ​ល​លី ឬ​ស្ពាយ​ទំនិញ​ឆ្លងស្ពាន​ព្រំដែន ពី​ទឹកដី​ថៃ​ចូល​មក​ទឹកដី​ខ្មែរ ។ បើ​និយាយ​ពី​ក្រុម​កម្មករ​ខ្មែរ ដែល​ប្រឹង​ប្រែង​ស៊ី​ឈ្នូ​ល​លី​សែង​ទំនិញ​ឆ្លង​ព្រំដែន​វិញ ពួក​គេ​គ្មាន​រទេះដឹក​ជញ្ជូន​ទេ ។

ពួក​គេ​បាន​ប្រើ​កម្លាំងបាយ​សុទ្ធ​សាត ដើម្បី​លីឬ​ស្ពាយ​ទំនិញ​ឆ្លង​ដែន​ ពី​ទឹកដី​ថៃ​ចូល​មក​ដី​ខ្មែរ ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​តិចតួច​បំផុត នេះ​បើ​តាម​ក្រុម​កម្មករ​ទាំងនេះ​និយាយ​ប្រាប់ ។ ក្រុម​កម​​្មករ​​លី​សែង​ទំនិញ​ទាំងនេះ បាន​លើក​ឡើងដូច​​ៗ​​គ្នា​ថា ពួក​គេ​មាន​ពេលវេលា​ត្រឹមមួយ​ព្រឹក​ប៉ុណ្ណោះ ដើម្បី​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃតាមរយៈ​​​​​​​ការ​ស៊ី​ឈ្នូ​ល​លី ឬ​ស្ពាយ​ទំនិញ​ឆ្លង​ព្រំដែន ។ ហើយ​ទំនិញ​ទាំងនេះ ភាគច្រើន​ជា​អីវ៉ាន់​ចាប់​ហួយ និង​បន្លែ ផ្លែ​ឈើ​បន្តិច​ប​ន្ទូ​ច​ប៉ុណ្ណោះ ដែល​ម្ចាស់​ទំនិញ​ទិញ​ពី​ប្រទេស​ថៃ​យក​មក​លក់​តាម​ផ្ទះ ក្នុងភូមិ​ជា​លក្ខណៈ​គ្រួសារ ។

បែកញើស​លើ​ពេញ​ផ្ទៃមុខ កម្មករ​ម្នាក់​ឈ្មោះ ម៉ាក សុខ អាយុ​ជាង​៤០​ឆ្នាំ បាន​ប្រាប់​ថា គាត់​ធ្វើ​ចំណាកស្រុក​មក​ពី​ខេត្តពោធិ៍សាត់ មកស្នាក់​​​​បណ្ដោះអាសន្ន​នៅ​ស្រុក​សំពៅ​លូន ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នូ​ល​លី​ទំនិញ​ឆ្លង​ដែន​បែប​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ។

គាត់​បាន​និយាយ​ដូច្នេះ​ថា «​មួយ​ព្រឹក​នេះ ខ្ញុំ​លី​អីវ៉ាន់​បាន​ប្រហែល​៣​ទៅ​៤​ជើង ហើយ​គិត​ជា​ប្រាក់​ឈ្នូ​ល​បាន​ប្រហែល​ជិត​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ឥឡូវ​អស់​អីវ៉ាន់​លី​ហើយ ។ ទំនិញ​ដែល​លី​ឆ្លង​ដែន ជា​ប្រភេទ​ទំនិញ​ស្រាល​ៗ​ទេ​» ។

ដោយឡែក​កម្មករ​ដែល​មាន​វ័យ​រាង​ជ្រេ​ម្នាក់​ទៀត ដែល​មើល​ទឹកមុខ​ស្លេកស្លាំង ហាក់​មាន​រោគ​ប្រចាំ​កាយ​ផង បាន​ប្រឹងប្រែង​លី​ផង ស្ពាយ​ពីក្រោយ​ខ្នង​ផង យ៉ាង​សំពោងសម្ពាយ​ស្ទើរ​គ្រប​​​លុប​លើ​ខ្លួន តែ​ទំនង​ដូច​ជា​មិន​ធ្ងន់​ប៉ុន្មាន​ទេ ព្រោះ​វា​ជា​ចាន​ស្នោ ។

គាត់​ឈ្មោះ សែ​ប ហឿ​យ អាយុ​៥៤ឆ្នាំ បាន​ឆ្លើយ​តប​នឹង​សំណួរ​កោះសន្តិភាព​ទាំង​ទំ​និញ​​​នៅ​លើ​ស្មា​នៅឡើយ​ថា «​ខ្ញុំ​ទើប​លី​បានមួយ​​​ជើង​ហ្នឹង​ទេ​» ។ គាត់​បាន​រក​កន្លែង​អង្គុយបន្តិច ក្រោយ​ពី​ទម្លាក់​អីវ៉ាន់​ពីលើ​ស្មា រួច​ដោះ​មួក​ក្រ​ណាត់​យក​មក​បក់ ដែល​ទំនង​ហត់​ផង និង​ក្ដៅ​ផង ។ លោក សែ​ប ហឿ​យ ជា​បុរស​ពោះម៉ាយ ដែល​មានកូន​៤​នាក់​ក្នុង​បន្ទុក ។ នេះ​បើ​តាម​គាត់​​​លួច​បង្ហើប​ពី​ប្រវត្តិ​របស់​គាត់​យ៉ាង​ខ្លី​ប្រាប់​កោះសន្តិភាព ។

ក្នុង​ទឹកមុខ​ស្លេកស្លាំង អង្គុយ​លើ​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ កម្មករ​វ័យ​ចំណាស់​រូប​នេះ បាន​លើកដៃ​ចង្អុល​គំនរ​ចាន​ស្នោ​រួច​និយាយ​ថា «​មួយ​ព្រឹក​នេះ ខ្ញុំ​លី​អីវ៉ាន់​បាន​ប៉ុណ្ណឹង បើ​គិត​ប្រាក់​ឈ្នូ​ល​បាន​ប្រហែល​៥.០០០​រៀល​ប៉ុណ្ណោះ​» ។ ហាក់​គ្មាន​កម្លាំងកំហែង​ទេ លោក សែ​ម ហឿ​យ បាន​បង្ហាញ​នូវ​ទឹកមុខ​យ៉ាង​ស្រងូតស្រងាត់ ។ គាត់​ងើបមុខ​បន្តិច រួច​បន្លឺ​សំឡេង​ង​តិច​ៗ​ថា «​សព្វថ្ងៃ​ខ្ញុំ​ស៊ី​ឈ្នូ​ល​លី​សែង​អីវ៉ាន់​ឆ្លង​ព្រំដែន​ឲ្យ​គេ បាន​កម្រៃ​តិចតួច​គ្រាន់​ចិញ្ចឹម​កូន​ៗ​ផង និង​ព្យាបាល​ជំងឺ​ខ្លួនឯង​ផង ។ ប៉ុន្តែរ​កមួយ​ព្រឹក​ស្ទើរតែ​ទិញ​អង្ករ​ច្រក​ឆ្នាំង​មួយ​ពេល​មិន​បាន​ផង​» ។

ត្រង់​ចំណុច​នេះ ទាំង​លោក សែ​ប ហឿ​យ ទាំង​លោក ម៉ាក សុខ ដែល​មាន​អាជីព​ស៊ី​ឈ្នូ​ល​លី​សែង​ទំនិញ​ឲ្យ​គេ រាប់​សិប​ឆ្នាំ​ដូច​គ្នា សុទ្ធតែ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា ពី​ជីវភាព​ដ៏​ល​​​ំបាកលំបិន​ចិញ្ចឹម​កូន ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​បែប​នេះ ។ ពួក​គាត់​បាន​និយាយ​ព្រម​ៗ​គ្នា នៅ​ចំពោះ​មុខ​កោះសន្តិភាព​ដូច្នេះ​ថា ពួក​ខ្ញុំ​ទាំង​២​នាក់ សុទ្ធតែ​ជា​អ្នក​ធ្វើ​ចំណាកស្រុក​ដូច​គ្នា ហើយ​សព្វថ្ងៃស្នាក់​​​​នៅផ្ទះ​ជួល​ដូច​គ្នា​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ជីវភាព​ក៏​ខ្វះខាត​ដូច​គ្នា​ទៀត ។

ពេល​ខ្លះ​រក​ប្រាក់​មិន​បាន​បង់​ថ្ងៃ​ផ្ទះ​ជួល​ផង ត្រឹម​១​ខែ​១០​ម៉ឺន​រៀល ។ កម្មករ​ស៊ី​ឈ្នូ​ល​លី​សែង​ទំនិញ​ឆ្លង​ព្រំដែន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​«ភ្នំ​ដី»​​​នេះ មាន​មិន​ច្រើន​នាក់​ទេ ។ នេះ​បើ​តាម​កម្មករ​និយាយ​ប្រាប់ ។

ពួក​គាត់​និយាយ​ថា ឆ្មាំ​ព្រំដែន​មិន​អនុញាត​ឲ្យ​ប្រើ​រទេះអូស ឬ រុញ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន​ទេ ព្រោះ​រញ៉េរញ៉ៃ​ពេក តែ​កម្មករ​អាច​លី​សែង​ដោយ​កម្លាំងបាយងាយស្រួលត្រួតពិនិត្យ ចេញពី​ទឹកដីថៃ​​​​​ឆ្លងស្ពាន​ព្រំដែន​ចូល​មក​ដី​ខ្មែរ​បាន តាម​ដែល​អាច​​​ធ្វើ​បាន ។

បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​កម្មករ​បាន​បញ្ជាក់​ថា ទំនិញ​ដែល​ពួក​គាត់​ស៊ី​ឈ្នូ​ល​លី​លែង​ឲ្យ​គេ​នោះ ភាព​ច្រើន​ជា​ទំនិញ​ស្រាល​ៗ ហើយ​ល​​​ី​ជញ្ជូន​ត្រឹម​មួយ​កំណាត់​ព្រឹក ក៏​អស់​ទំនិញ​ជញ្ជូន​ទៅ​ហើយ ។ ដូច្នេះ​ពួក​គាត់​រក​ចំណូល​បាន​បន្តិច​ប​ន្ទូ​ច​ប៉ុណ្ណោះ ។

បើ​ពិនិត្យ​លើ​ចម្ងាយ​ផ្លូវ​ដែល​ក្រុម​កម្មករ​លី​សែង​ទំនិញ គឺ​លី​ចេញពី​ចុងស្ពាន​ម្ខាង​នៃ​ព្រំដែន​ថៃ ឆ្លង​ចូល​មក​ចុងស្ពាន​ម្ខាង​នៃ​ខាង​ទឹកដី​ខ្មែរ ដែល​មាន​ចម្ងាយ​ប្រហែល​ជិត​១០០​ម៉ែត្រ​ប៉ុណ្ណោះ ។ យើង​ក្រឡេក​ទៅ​មើល​ស្ត្រី​ម្នាក់​ឯ​ណោះ​វិញ ដែល​ជា​កម្មករ​លី​សែង​ទំនិញ​ដែរ ក៏​មិន​ខុស​ពី​លោក សែ​ប ហឿ​យ ប៉ុន្មាន​ទេ ក្នុង​ការ​ប្រឹងប្រែង​លី​សែង​ទំនិញ​ដ៏​សំពីងសំពោង​នៅ​លើ​ស្មា ។ ប៉ុន្តែ​ខុស​ត្រង់​ថា ស្ត្រី​រូប​នេះ​ស្ថិត​ក្នុង​ទឹកមុខ​ញញឹមញញែម​យ៉ាង​រាក់ទាក់ ខណៈ​លោក ហឿ​យ ស្ថិត​ក្នុង​ទឹកមុខ​ស្លេកស្លាំង បើ​ទោះជា​នៅ​ក្នុង​ដៃ និង​ក្រោយខ្នង​គាត់​ផ្ទុក​ទៅ​ដោយ​កេស​ទំនិញ​ស្ទើរ​គ្រប​ពេញ​នៅ​លើ​ខ្លួន​ដូច​គ្នា​ក្ដី ។

ក្នុង​ដៃ​ទាំង​២​មាន​យូរ​កេស​ធំ​ៗ ខណៈ​នៅ​ពីក្រោយ​ខ្នង​គាត់​ក៏​មាន​ស្ពាយ​គេ​ស​ធំ​ៗ​ដែរ ។ ក្នុង​ទឹកមុខ​ញ​ញឹក​ញញែម ទំនិញ​មិន​ទាន់​ទម្លាក់​ចេញពី​ស្មា​ផង កម្មករ​ស្រី​រូប​នេះ បាន​ឆ្លង​ឆ្លើយ​យ៉ាង​រាក់ទាក់​ជាមួយ​កោះ​សន្ត​ិភាព​ទៅ​ហើយ ។ កិច្ច​ស្វាគមន៍​របស់​គាត់​ជាមួយនឹង​ពាក្យ​ថា «​ខ្ញុំ​ជញ្ជូន​បាន​មួយ​ជើង​ហើយ ។ អីវ៉ាន់​នេះ​មិន​ធ្ងន់​ទេ ព្រោះ​វា​ជា​សម្បក​កែវ​ជ័រ​ទេ​»​។

ក្នុង​ឱកាស​ដ៏​មាន​តម្លៃ​របស់​គាត់ ស្ត្រី​រូប​នេះ​បាន​ផ្ដល់​ពេល​ដ៏​ខ្លី​និយាយ​ជាមួយ​កោះសន្តិភាព ក្រោយ​ទម្លាក់​ទំនិញ​ចុះ​ពីលើ​ស្មា ។ គាត់​បាន​ប្រាប់​ថា «​ខ្ញុំ​ឈ្មោះ គឹ​ម ឈឿ​ន អាយុ​៤៨​ឆ្នាំ ។ ខ្ញុំ​ជា​អ្នក​នៅ​ខេត្តតាកែវ តែ​បាន​មក​រស់នៅស្រុក​​​​សំពៅ​លូន​នេះ​យូរ​ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​មួយ​រយៈ នៅ​ក្នុង​អំឡុង​ផ្ទុះ​​​​មេរោគ​កូ​វី​ដ​-១៩ តែ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ​ក្រោយ​មេរោគ​ចង្រៃ​នេះ​ស្ងប់ស្ងាត់ ។ ប៉ុន្តែបាន​​​​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នូ​ល​លី​សែង​ទំនិញ​ឲ្យ​គេ​នេះ ទើប​​បាន​ប្រហែល​១​ខែ​ប៉ុណ្ណោះ ដោយសារ​គ្មាន​មុខរបរ​អ្វី​ធ្វើ​ផ្សេង​» ។

កោះសន្តិភាព​៖ តើ​មួយ​ថ្ងៃ​រក​ចំណូល​បាន​ប៉ុន្មាន ? អ្នកស្រី គឹ​ម ឈឿ​ន បន្លឺ​សំណើច​បន្តិច ជាមួយនឹង​ចម្លើយ​យ៉ាង​ខ្លី​ថា «​បាន​ប្រហែល​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ទេ​» ។ នៅ​លើ​ទីធ្លា​ដ៏​តូច​ចង្អៀត​មួយ ខាងក្រោយ​ស្នាក់​ការ​ត្រូត​​​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» គេ​ឃើញ​មាន​ក្រុម​កម្មករ​ត្រឹម​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ រួម​ទាំង​អ្នក​រត់​ម៉ូតូ​កង់​៣​ផង​ដែរ កំពុង​រង់ចាំ​ដឹក​ទំនិញ​បន្ត កំពុង​មមាញឹក​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ ។

ម៉ោង​មិន​ទាន់​១០​ព្រឹក​ផង ស្ថានភាពចេញ​-​ចូល​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ហាក់​ស្ងប់​ស្ងាត់​អ្នកដំណើរ​ចេញ​-​ចូល​បាត់​ទៅ​ហើយ ។ លើក​លែងតែ​ក្រុម​ពលករ​ឆ្លង​ដែន​ស្របច្បាប់​ប៉ុណ្ណោះ ដែល​មាន​សកម្មភាព​ប្រុយ​ៗ ឆ្លង​ដែន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ មន្ត្រី​ព្រំដែន​ម្នាក់​បាន​ប្រាប់​ថា ចាប់តាំងពី​សម័យ​ផ្ទុះ​មេរោគ​«​កូ​វីដ​-១៩»​រហូត​មក ច្រក​«​ភ្នំ​ដី​»​នេះ​ស្ងាត់ឈឹង​តែ​ម្ដង ។

មន្ត្រី​ដដែល​នេះ​បាន​រំលឹក​ថា មុន​សម័យ​កូ​វីដ​-១៩ ច្រក​ទ្វារ​ភ្នំ​ដី​នេះ ហាក់​មាន​សភាព​អ៊ូអរ​សម្បើម​ណាស់ ។ ប៉ុន្តែ​សព្វថ្ងៃ​មិនសូវ​មាន​ទំនិញ​ចេញ​-​ចូល​ទេ លើក​លែង​តែ​ដល់​រដូវ​ប្រមូល​ផល​កសិកម្ម​ប៉ុណ្ណោះ ដែល​មានរ​ថយន្ត​ថៃ​ចេញ​-​ចូល​ដឹក​កសិផល ក្រៅពី​នេះ​គ្មាន​សកម្មភាព​អ្វី​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ