រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធAIជាផ្នែកមួយដែលគេបាននឹងកំពុងប្រើប្រាស់ទៅលើការបង្កើតនូវព័ត៌មានក្លែងក្លាយដែលធ្វើឲ្យប៉ះពាល់ដល់ការថែរក្សាសន្តិភាព។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង ក្នុងសន្និសីទសារព័ត៌ស្ដីពីលទ្ធផល ICAPP លើកទី១២ និងកិច្ចប្រជុំពាន់ព័ន្ធ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ក្រៅអំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ករណីក្លែងក្លាយនៅក្នុងការផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវ ព័ត៌មានដែលមិនពិត ការប្រើប្រាស់AIគឺផ្នែកមួយដែលគេបាននឹងកំពុងប្រើប្រាស់ទៅលើការបង្កើតនូវព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតឱ្យមានការច្រឡំ ភាន់ច្រឡំ ក៏ដូចជាបំភ្លើសទៅលើអ្វីដែលជាការពិត និងអ្វីដែលធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការនៃការថែរក្សាសន្តិភាព ស្ថេរភាពរបស់យើង អ៊ីចឹងអ្វីដែលយើងប្ដេជ្ញារួមគ្នាគឺទប់ស្កាត់និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយតាមរយៈការៀបចំយន្តការច្បាស់លាស់ តាមរយៈអប់រំបណ្ដុះបណ្ដាល ផ្សព្វផ្សាយ អំពីផលប៉ះពាល់ដែលចេញមកពីការប្រើប្រាស់ព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា ពាក់ព័ន្ធជាមួយការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបណ្ដា
សមាជិកដែលចូលរួមក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មានសន្និសីទនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី៧នៅព្រឹកថ្ងៃទី២៣វិច្ឆិកានេះបានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយគឺជាបញ្ហាធំ ហើយជាគ្រោះថ្នាក់ បើសិនជាមិនបានគ្រប់គ្រងឱ្យបានល្អទេ គឺវាធ្វើឱ្យប៉ះពាល់ទៅដល់សន្តិភាព ស្ថេរភាពរបស់ប្រទេស របស់ពិភពលោក និងក្នុងតំបន់តែម្ដង។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងកិច្ចការងារនេះ ការដោះស្រាយចំពោះមុខ មធ្យម និងរយៈពេលវែងគឺផ្ដោតពាក់ព័ន្ធជាមួយការរៀបចំនូវយន្តការក្នុងការតាមដាន ក៏ដូចជាប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយតាមរយៈការបង្កើតនូវប្រព័ន្ធ Verify គឹមានន័យថា ផ្ទៀងផ្ទាត់ប្រភពព័ត៌មានក៏ដូចជា ផ្ដល់នូវការបណ្ដុះបណ្ដាល ពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ថា តើអ្វីទៅដែលហៅថា Fake News ។
ថាតើយើងត្រូវប្រយុទ្ធប្រឆាំងរបៀបម៉េច ពីព្រោះថា «បញ្ហាព័ត៌មានក្លែងក្លាយនេះ តាមអ្វីដែលយើងបានស្ដាប់នៅក្នុងវេទិកាស្ដីពីសារព័ត៌មានលើកទី៧នាព្រឹកនេះ គឺបណ្ដាប្រទេសទាំងអស់មានការជួបប្រទះទៅនឹងបញ្ហាទាំងអស់ហ្នឹង នៅពេលដែលមានការរីកចម្រើនខាងបច្ចេកវិទ្យា ហើយអ្វីដែលជាការព្រួយបារម្ភទៅមុខគឺពាក់ព័ន្ធជាមួយការប្រើប្រាស់ជាមួយបច្ចេកវិទ្យាបញ្ហាសិប្បនិមិត្ត AI ដែលនឹងធ្វើឱ្យមានកាន់តែកម្រិតខ្ពស់នៃគ្រោះថ្នាក់នៃការព្រួយបារម្ភ ពាក់ព័ន្ធជាមួយនឹងFake News នេះដែរ ប៉ុន្តែជារួមយើងបានប្ដេជ្ញាថា យើងនឹងសហការនៅក្នុងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្ស និងគណបក្ស ដើម្បីយើងចាត់វិធានការ ក៏ដូចជា សហការគ្នា នៅក្នុងការទប់ស្កាត់ ក៏ដូចជា លុបបំបាត់ ទៅលើព័ត៌មានក្លែងក្លាយ»៕
ចែករំលែកព័តមាននេះ