ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចិន ជា​ពិសេស​រថយន្ត​អគ្គិសនី បាន​បង្ហាញ​វត្ត​មាននៅ​តាម​ដងផ្លូវ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ទោះបី​មិន​ដល់​រថយន្ត​ជជុះ និង​រថយន្ត​ថ្មី​មក​ពី​ប្រទេស​ផ្សេង​ក៏​ដោយ ។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​ចិន​មក​បើក​រោងចក្រ​នៅ​កម្ពុជា ហើយ​ផ្តល់​ជូន​ជម្រើស​ដល់​ពលរដ្ឋ​ជាមួយនឹង​តម្លៃ​ប្រកួតប្រជែង​នោះ ចំណែក​ទីផ្សា​រថយន្ត​ក្រុមហ៊ុន​នេះ​នឹង​កាន់តែ​រីក…

រថយន្ត​ចិន ជា​ពិសេស​រថយន្ត​អគ្គិសនី បាន​បង្ហាញ​វត្ត​មាននៅ​តាម​ដងផ្លូវ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ទោះបី​មិន​ដល់​រថយន្ត​ជជុះ និង​រថយន្ត​ថ្មី​មក​ពី​ប្រទេស​ផ្សេង​ក៏​ដោយ ។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​ចិន​មក​បើក​រោងចក្រ​នៅ​កម្ពុជា ហើយ​ផ្តល់​ជូន​ជម្រើស​ដល់​ពលរដ្ឋ​ជាមួយនឹង​តម្លៃ​ប្រកួតប្រជែង​នោះ ចំណែក​ទីផ្សា​រថយន្ត​ក្រុមហ៊ុន​នេះ​នឹង​កាន់តែ​រីក ។

នៅ​ពេល​នេះ បើ​ទោះបីជា​ប្រជាប្រិយភាព និង​ទីផ្សារ​រថយន្ត​ចិន​នៅ​មិន​ទាន់​ទូលំទូលាយ​ដូច​ជា ទីផ្សារ​រថយន្ត​ជប៉ុន ឬ​ក៏​រថយន្ត​មក​ពី​អឺរ៉ុប និង អា​មេ​រិ​ក​ក៏​ពិតមែន ប៉ុន្តែ​វត្តមាន​នៃ​រថយន្ត​ចិន​នៅ​កម្ពុជា​កាន់តែ​ច្រើន​បាន​បង្ហាញ​វត្ត​មាននៅ​លើ​ទ្រូងផ្លូវ​នានា នៅ​ក្នុង​ប្រទេស​ជាមួយនឹង​យីហោ ជា​ច្រើន ។ សូមកុំ​មើល​ស្រាល​ចិន ពីព្រោះ​នៅ​ពេល​នេះ​សូ​ម្បី​តែ​នៅ​អា​មេ​រិ​ក និង អឺរ៉ុប ក៏​បាន​កំពុង​តែ​រង​គ្រោះ​ព្រោះ​ផលិតកម្ម​រថយន្ត​ចិន ដែល​មក​ដល់​ពេល​នេះ​វិសាលភាព​នៃ​ផលិតកម្ម​រថយន្ត​របស់​ប្រទេស​មហាអំណាច​ទី​២ នៅ​លើ​ពិភពលោក​នេះ មួយ​ឆ្នាំ​អាច​ផលិត​រថយន្ត​ដល់​ទៅ​៤០ លាន​គ្រឿង ។

ចំនួន​រថយន្ត​ចិន​នៅ​កម្ពុជា នៅ​ពេល​នេះ ទោះបីជា​មិនដឹង​ចំនួន​ច្បាស់លាស់​ក៏​ពិតមែន តែ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ទទួលស្គាល់ នូវ​ប្រណីតភាព ផា​សុខភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​បំពាក់​នៅ​លើ​រថយន្ត​ទាំងនេះ ។ ដូច្នេះ​ហើយ​បានជា​វា​មានការ​ចាប់អារម្មណ៍ និង ទទួល​ការ​គាំទ្រ​ដោយ​ពលរដ្ឋ​ខ្លះ ។ កាលពី​ម្សិលមិញ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​កត់សម្គាល់​អំពី​វត្តមាន​នៃ​រថយន្ត​ចិន​នៅ​កម្ពុជា​ផង​ដែរ ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន លើក​ឡើង​ថា កម្ពុជា​កំពុង​តែ​ធ្វើការ​ចរចា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​មួយ គឺ ក្រុមហ៊ុន BYD អោយមក​បង្កើត​រោងចក្រ​តម្លើងរថយន្ត​នៅ​កម្ពុជា ខណៈ​ដែល​រថយន្ត​យីហោ​នេះ​មាន​ទីផ្សារ​នៅ​ក្នុងស្រុក​ស្រាប់ ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​មួយ​នេះ​នឹង​មក​បណ្តាក់ទុន​បើក​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​បន្ថែម​លើ​រោងចក្រ​រថយន្ត​តូ​តូ​យូ​តា​របស់​ជប៉ុន និង​រថយន្ត​ហ្វ​ត របស់​អា​មេ​រិ​ក ដែល​មាន​ស្រាប់ ។

ទោះបីជា​រថយន្ត BYD នេះ​បាន​ចូល​មក​កម្ពុជា​ថ្មី​ៗ​នេះ​ក៏​ដោយ ពោល គឺ​ក្រោយ​គេ​បន្តិច​មែន ប៉ុន្តែ​នៅ​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏​មិនធម្មតា​ទេ ។ តាម​ស្ថិតិ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ចំនួន​ជាង ១.៦០០​គ្រឿង ដែល​បាន​លក់​ចេញ​នៅ​កម្ពុជា នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ រថយន្ត BYD របស់​ចិន កាន់កាប់​ចំណែក​ទីផ្សារ​បាន​លើស​ពី ៤០​ភាគរយ ពោល គឺ​លក់ដាច់​បាន​ដល់​ទៅ​ជាង​៦៥០​គ្រឿង លើស​រថយន្ត​អគ្គិសនី​ក្រុមហ៊ុន​តូ​យ៉ូ​តា​របស់​ប្រទេស​ជប៉ុន និង​តេ​ស្លា​របស់​អា​មេ​រិ​ក ។

មក​ដល់​ពេល​នេះ​របាំង​មួយ​ដែល​រាំងផ្លូវ​នៃ​កំណើន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ដែល​ចិន​កំពុង​តែ​ល្បី​នោះ គឺ​ស្ថានីយ​បញ្ចូល​ថាមពល​សាធារណៈ និង​គុណភាព ។ ក្រៅពី​នោះ​ដូច​ជា មិនមែន​ជា​កង្វល់​ធំ​នោះ​ទេ ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​អាច​ពង្រីក និង​រៀបចំ​បណ្តាញ​ប​ញ្ជូ​ល​ថាមពល​សាធារណៈ​ច្រើន នោះ​ទីផ្សារ​រថយន្ត​អគ្គិសនី​នឹង​កើន​ហើយ​តែ​ពេល​ណា​ទីផ្សា​រថយន្ត​អគ្គិសនី​កើន​កំណើន​ការ​ប្រើប្រាស់ និង​ប្រជាប្រិយភាព​រថយន្ត​ចិន​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ ។

សរុប​ទៅ ប្រសិនបើ​ឧស្សាហករ​ផលិតកម្ម​រថយន្ត​ចិន​មានការ​អត់ធ្មត់​ហើយ​តស៊ូ​បង្ហាញ​ឧត្តមភាព​នៃ​ផលិតផល​រថយន្ត​របស់​ខ្លួន​នៅ​កម្ពុជា​បន្ត​ទៀត ឬ​មក​បើក​រោងចក្រ​នៅ​កម្ពុជា ហើយ​អាច​ផ្តល់​រថយន្ត​ទំនើប​និង​មាន​តម្លៃ​ប្រកួតប្រជែង ចំណែក​ទីផ្សារ​រថយន្ត​ចិន​នៅ​កម្ពុជា​នឹង​រីក​ធំ​ឡើង ហើយ​កាន់តែ​រីក​ចម្រើន ពីព្រោះ​កម្ពុជា​កំពុង​តែ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ។
ការ​ប្រើ​រថយន្ត​អគ្គិសនី​ជួយ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ប្រេងសាំង ។ ដូច្នេះ បើសិនជា​វា​ស្រួល​ប្រើ ហើយ​តម្លៃ​សមរម្យ​នោះ​ប្រជាជន​កម្ពុជា​នឹង​កាន់តែ​ច្រើន​នឹង​ងាក​មក​ប្រើ​រថយន្ត​អគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ