ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ ជំនួស​ប្រធាន​មន្ទីរ​ចាស់​ ដែល​ចូ​ន​និវត្តន៍

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា​ ៖…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា​ ៖ មន្ទីរ​ទាំងអស់ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ និង​រាជធានី​-​ខេត្ត ដោយ​ក្រសួង​ជា​ឪ ឯ​រាជធានី​-​ខេត្ត​ជាង​ម៉ែ​។ រាល់​សកម្មភាព​ការងារ​របស់​មន្ទីរ​ គឺ​ដឹកនាំ​បញ្ជា​ពី​ក្រសួង ​និង​រាជធានី​-​ខេត្ត បើ​ក្រសួង​ និង​រាជធានី​-​ខេត្ត​ ដែល​ជា​ម៉ែ​ជា​ឪ មិន​ស៊ីចង្វាក់​គ្នា នោះ​ការងារ​របស់​មន្ទីរ​ក៏​មាន​បញ្ហា​ទៅ​តាម​នោះ​ដែរ​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ គឺ​បាន​បន្ស៊ី​កា​រ​ងារ​គ្នា ​និង​ដាក់​ទិស​ដៅ​តែ​មួយ​ឲ្យ​មន្ទីរ​ក្រោម​ឱវាទ​អនុវត្ត មិន​ធ្លាប់​មាន​បញ្ហា​ទេ ​។

ការ​លើក​ឡើង​បែប​នេះ​របស់​ឯកឧត្តម ឌិ​ត ទីណា បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​ ក្នុង​កម្ម​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក ​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​នេះ​ លោក ​ញ៉ែ​ម តារា​រិ​ទ្ធ ត្រូវ​បាន​តែងតាំង​ជាប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ ​ជំនួស​លោក​ចាន់ រិ​ទ្ធី ដែល​ចូ​ន​និវត្តន៍ ​។

ឯកឧត្តម ឌិ​ត ទីណា ក្នុង​ឱកាស​នោះ ក៏​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ក្នុង​ការ​រក្សា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​។​ អ្វី​ដែល​យើង​បានឃើញ​ជាក់ស្តែង​សម្រាប់ ​ព្រះរាជ​បុណ្យ​អុំ​ទុក ​ដែល​បាន​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ អាជ្ញាធរ​ភ្នំពេញ​ សហការ​ជាមួយ​កងកម្លាំង រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​ខ្លាំង​ណាស់ រហូត​ទទួល​បានការ​កោតសរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ថែម​ទៀត​ ។

ឯកឧត្តម ឌិ​ត ទីណា បាន​បន្ត​ថា តំណែង​ប្រធាន​មន្ទីរ​ឥឡូវ ឋានៈ​ស្មើនឹង​ប្រធាន​នាយកដ្ឋាន ពោល​គឺ​តែងតាំង​ដោយ​អនុក្រឹត្យ ខណៈ​ដែល​ពី​មុនតែងតាំង​ដោយ​ប្រកាស​ប៉ុណ្ណោះ​។​ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ជឿទុកចិត្ត​របស់​រាជរដ្ឋាភិបាល ប្រធាន​មន្ទីរ​ទាំងអស់ ​ត្រូវ​បំពេញការងារ​ឲ្យ​បាន​ល្អ​ប្រសើរ ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់ចុះ​។ មួយវិញទៀត ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ប្រសើរ ព្រោះថា​សាមគ្គីភាព​ផ្ទៃក្នុង​នេះ មាន​សារៈសំខាន់​ណាស់ បើ​គ្មាន​សាមគ្គីភាព​ផ្ទៃក្នុង​ទេ ការ​អនុវត្ត​ការងារ ពិតជា​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​។

ក្នុង​ពិធី​នោះ​ លោក ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​ស្ថានភាព​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ទូទៅ ដែល​ការងារ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ អនុវត្ត​បាន​យ៉ាង​ល្អ រហូត​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ និង​រាជរដ្ឋាភិបាល​ ។

លោកបាន​លើក​ឡើង​ផង​ដែរ​ថា ចំពោះ​ការ​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះ ធ្វើ​ឡើងជា​ធម្មតា សម្រាប់​មន្ត្រីរាជការ ដើម្បី​សម្រួល​ភារកិច្ច​ឲ្យ​មន្ទីរ​អនុវត្ត​ការងារ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ។

លោក​អភិបាល​រាជធានី​ បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ថ្មី ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​មន្ត្រី​ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី​លើ​វិស័យ​កសិកម្ម​នេះ ពិសេស​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ ញ៉ែ​ម តារា​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ​ថ្មី បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​ផ្ដល់​នូវ​ជំនឿ​ទុកចិត្ត តែងតាំង​លោក​ជា​ប្រធាន​មន្ទីរ​កសិកម្ម​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ជឿ​ទុកចិត្ត​នេះ លោក​បាន​ប្តេជ្ញា​ចិត្ត​បំពេញការងារ​ជូន​អង្គភាព ក្រសួងកសិកម្ម​ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ អោយ​បាន​ល្អ​បំផុត​។ ​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​អោយ​បាន​ល្អ ធ្វើ​អ្វី​ៗ​ដើម្បី​ផលប្រយោជន៍​រួម​។ លោក​ប្ដេជ្ញា បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​លើ​វិស័យ​កសិកម្ម​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាមួយនឹង​ការ​ពង្រឹង​ប្រមូល​ពន្ធ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ