រាជធានីភ្នំពេញ ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជាតភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ថា ស្ពានលេខ២៨នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
អ្នកនាំពាក្យបានរៀបរាប់ថា នៅយើងពីលើកំពូលស្ពាន លោកអ្នកនឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង, ព្រៃព្រឹក្សាខៀវស្រងាត់គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន, ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..។ល។
ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់កំពុងពន្លឿនការស្ថាបនា តាមផែនការដែលបានគ្រោងទុក ។ ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្នុងផែនការ គឺបញ្ចប់នៅចុងឆ្នាំ២០២៣ ប៉ុន្តែមានភាពយឺតយ៉ាវដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ។
គម្រោងកសាងផ្លូវថ្មីនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) និង
សាងសង់ស្ពានចំនួន២៨កន្លែង ដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយ មានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកទេសចរ និងការដឹកជញ្ជូនទំនិញភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា ។
គម្រោងសាងសង់ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលបន្ថែមខ្ទង់ចំណាយ៥៧លានដុល្លារទៀត លើគម្រោងចាស់ដែលមានចំនួន១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការពុះកាត់ភ្នំក្រវាញជាពីរផ្នែក ដែលធ្វើឱ្យខូចខាតប្រព័ន្ធបរិស្ថាន និងទីជម្រករបស់ពពួកសត្វព្រៃ ខណៈបច្ចុប្បន្នព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានទាញយកចំណូលពីការលក់ឥណទានកាបូន។
ផ្លូវជាតិថ្មីមួយខ្សែនេះ នឹងជួយសម្រួលបានច្រើនក្នុងការជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗតាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីនៅភ្នំពេញទៀតនោះទេ៕
ចែករំលែកព័តមាននេះ