ខេត្តស្ទឹងត្រែង ៖ កសិករនៅខេត្តស្ទឹងត្រែងគ្រោងបញ្ចប់ការប្រមូលផលស្រូវនៅដើមខែធ្នូខាងមុខនេះ ដើម្បីជំរុញការងារបង្កបង្កើនផលឱ្យសម្រេចបានតាមផែនការឆ្នាំដែលមន្ទីរកសិកម្មបានដាក់ចុះ បើគិតមកដល់ថ្ងៃទី២០ វិច្ឆិកា នេះ ការប្រមូលទិន្នផលត្រូវបានចំនួន២៣,៩៥០ហិកតា ស្មើនិង៨៣.៨៤% នៃការអនុវត្តបានចំនួន ២៨,៥៦៥ហិកតា។

សកម្មភាពប្រមូលផលស្រូវកសិករនៅខេត្តស្ទឹងត្រែងថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២៤ លោកទំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ការងារបង្កបង្កើន ស្រូវរបស់កសិករឆ្នាំនេះទទួលបានលទ្ធផលល្អ ដោយសារកសិករយើងមួយចំនួនបានផ្លាស់ប្តូទំលាប់នៃការដាំដុះមកអនុវត្តតាមបច្ចេកទេស និងបានទាន់រដូវធ្វើឱ្យស្រូវទទួលបានផលច្រើន ។

ប្រធានមន្ទីររូបនេះបន្តថា បើគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ កសិករនៅស្រុកសេសាន ប្រមូលផលបានចំនួន៤,៧៣០ហិកតា ស្មើនិង៨០.២២% ។ នៅឯស្រុកសៀមបូក ប្រមូលផលបានចំនួន ៤,៦៦៤ហិកតា ស្មើនឹង៨៨.៨០%។ ស្រុកសៀមប៉ាង ប្រមូលបានចំនួន ៦,១២១ហិកតា ស្មើនិង៨៣.៤២%។ ក្រុងស្ទឹងត្រែង ប្រមូលផលបានចំនួន ២,៨៩៨ហិកតា ស្មើនិង៨៤.៣៧%។ស្រុកថាឡាបរិវ៉ាត់ ប្រមូលផលបានចំនួន ៤,១៥៦ហិកតា ស្នើនិង៨១.៣៥% និងស្រុកបុរីអូរស្វាយសែនជ័យ ប្រមូលផលបានចំនួន១,៣៨១ហិកតាស្មើនិង៨៩.៩៧% ។

សរុបទាំង៦ក្រុងស្រុក សម្រេចបានចំនួន២៣,៩៥០ហិកតា ស្មើនិង៨៣.៨៤%នៃការអនុវត្តបានចំនួន២៨,៥៦៥ហិកតា ក្នុងឆ្នាំ២០២៤ ។

លោក ប៊ុន សាមួន កសិករនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា នៅឆ្នាំ២០២៤នេះ ស្រូវពង្រោះក៍ដូចជា ស្រូវស្ទូងដែរ គឺទទួលបានផលល្អដូចគ្នា ព្រោះមានទឹកភ្លៀងពេញបរិបូរណ៌ ហើយទឹកទន្លេមេគង្គ ឡើងមកក៍សមល្មម ផ្តល់ដីល្បប់មានជីជាតិ និងឆាប់ស្រកទៅវិញមិនបង្កឱ្យស្រូវខូចខាតទេ ។

លោកបន្តថា កត្តានេះហើយទើបការងារបង្កបង្កើនផលឆ្នាំនេះសិករយើងគ្រប់គ្រួសារនៅខេត្តស្ទឹងត្រែង ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំ២០២៣ ៕




ចែករំលែកព័តមាននេះ