ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀត​ណាម​​ចប់​រួចរាល់

4 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឯកឧត្តម សួន សុ​ម៉ា​លី​នអភិបាលខេត្ត បាន​ថ្លែង​ថា ព្រំដែន​រវាង​ខេត្ត​ព្រៃវែង និង​ខេត្ត​ទាំង​៣​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​បាន​បោះបង្គោល​សីមា​ព្រំដែន​រួចរាល់​ជា​ស្ថាពរ សរុប​ចំនួន​១៩៦​បង្គោល…

ខេត្តព្រៃវែង ៖ ឯកឧត្តម សួន សុ​ម៉ា​លី​នអភិបាលខេត្ត បាន​ថ្លែង​ថា ព្រំដែន​រវាង​ខេត្ត​ព្រៃវែង និង​ខេត្ត​ទាំង​៣​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​បាន​បោះបង្គោល​សីមា​ព្រំដែន​រួចរាល់​ជា​ស្ថាពរ សរុប​ចំនួន​១៩៦​បង្គោល ។ឯកឧត្តម​បន្ត​ថា ក្នុង​នោះ​បង្គោល​ខ្នាត​ធំ​មានចំនួន​២២​បង្គោល​(​ខាង​កម្ពុជា​៧​បង្គោល ខាង​វៀតណាម​៧​បង្គោល និង​បង្គោល​រួម​៨​បង្គោល​)ស្មើនឹង​១៣​ទីតាំង ។

ចំណែក​បង្គោល​បំពេញបន្ថែម​មាន​ចំនួន​១៤៤​បង្គោល (​ខាង​កម្ពុជា ៦៥​បង្គោល ឯខាង​វៀតណាម​៦៨​បង្គោល និងបង្គោល​រួម​១១​បង្គោល​) ស្មើនឹង ៧០​ទីតាំង ។ បង្គោល​តំរុយ​មាន​ចំនួន​៣០​បង្គោល ស្មើនឹង ៣០​ទីតាំង ។ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​បែប​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ជាមួយ​ឯកឧត្តម ទ្បាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​កិច្ចការ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ធំ​«A»​សាលាខេត្ត កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែម​ថា លើ​ការងារ​គ្រប់គ្រង​ព្រំដែន ខេត្តព្រៃវែង​មានស្រុក​ចំនួន៤ ឃុំ​ចំនួន​៨ និង​ភូមិ​ចំនួន​១៧ ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មាន​ខ្សែ​បន្ទាត់​ព្រំដែន​ប្រវែង​សរុប​៨៤,២​គីឡូម៉ែត្រ និង​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​៦​រួម​មាន ៖១-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ទល់​នឹង​ឃុំ​យិ​ន​បា ស្រុក​តឹង​ហុង ខេត្ត​ដុ​ង​ថាប ប្រទេស​វៀតណាម ។២-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ស្ថិត នៅ​ក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ទល់​នឹង​ឃុំ​ធឿ​ង​ភឿ​ក ស្រុក​ហុង​នី ខេត្ត​ដុ​ង​ថាប ប្រទេស​វៀតណាម ។៣-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ទល់​នឹង​ឃុំ​តាំង​ចិន ស្រុក​តាំង​បៀ​ង ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ។

៤-​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​កោះ​សំពៅ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ទល់​នឹង​ឃុំ​ឆៀង​ហាវ A និង​ឃុំ​ឆៀង​ហាវ B ស្រុក​ហុង​ងឺ ខេត្ត​ដុ​ង​ថាប ប្រទេស​វៀតណាម ។៥-​ច្រក​ទ្វារ​តំបន់​ព្រំដែន​ពាម​មន្ទារ ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ទល់​នឹង ឃុំ​ចុង​ប៊ិ​ន ស្រុក​តឹង​ហុង ខេត្ត​ដុ​ង​ថាប ប្រទេស​វៀតណាម ។៦-​ច្រក​ទ្វារ​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ស្ថិត​នៅ​ឃុំ​ចាម ស្រុក​កំពង់​ត្របែក ទល់​នឹង​ឃុំ​ហឹ​ងបៀ​ន ស្រុក​តឹង​ហ្នឹង ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម ។

ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​ថា លើកិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ខេត្តព្រៃវែង និងខេត្ត​ទាំង​៣​របស់​វៀតណាម​ជាប់​ព្រំដែន កងកម្លាំង​ការពារ​ព្រំដែន​ភាគី​ទាំង​សងខាង តែងតែ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជា​ប្រចាំ ផ្តល់​កិច្ចសហការ​ត្រួតពិនិត្យ​សកម្មភាព​តាម​ព្រំដែន និង​សហការ​ចុះ​ល្បាត​ទ្វេភាគី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តំបន់​ព្រំដែន ការពារ​ខ្សែបន្ទាត់​បង្គោល​ព្រំដែន សហការ​រៀបចំ​ពិនិត្យ​ដោះស្រាយ​បាន​ទាន់​ពេលវេលា រាល់​ករណី​ដែល​កើត​មាន​បញ្ហា​ផ្សេង​ៗ​នៅ​តំបន់​ព្រំដែន ។

ការ​ប្រយុទ្ធ​ប្រឆាំង បង្ការ​ទប់ស្កាត់ កាត់​បន្ថយ​បទល្មើស​គ្រប់​ប្រភេទ និង​បាន​បន្ត​ពង្រឹងកិច្ចសហការ​ការងារ​ផ្សព្វផ្សាយ ចលនា​ប្រជាជន​ព្រំដែន​ទាំង​សងខាង ឱ្យ​បាន​យល់​ដឹង​គោរព​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​កំណត់ ដែល​មាន​ចែង​នៅ ក្នុង​បណ្តា​សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា រវាង​រដ្ឋាភិបាល​ប្រទេសទាំង​២ ស្តី​ពី​ព្រំដែន អធិបតេយ្យភាព​ព្រំដែនដីគោក រួមចំណែក​កសាង​ខ្សែបន្ទាត់​ព្រំដែនមាន​សន្តិភាព មិត្តភាព ស្ថិរភាព និង​ការ​អភិវឌ្ឍប្រកបដោយ​និរន្តរភាព ។

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ដោយ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទួ​លាយ​អំពី​កិច្ចការ​ព្រំដែន ទាំង​ទិដ្ឋភាព​ច្បាប់ និង​បច្ចេកទេស លើ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដែល​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន រៀបចំ​សិក្ខាសា​លា​ផ្សព្វផ្សាយ​ជូន​ដល់​មន្ត្រីរាជការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តព្រៃវែង​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ