ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងហេតុផល​ដ៏​គួរឱ្យ​​ភ្ញាក់ផ្អើល​ដែល​អ្នក​គួរ​​ទទួលទានផ្លែគី​វី​

1 ខែ មុន

​គី​វី​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ជីវជាតិ​ច្រើន​បំផុត ដោយ​ផ្តល់នូវ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់ៗ​ជាច្រើន ជាពិសេស​ចំពោះ​កម្រិត​ខ្ពស់​នៃ​វីតាមីន C ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូ​ម ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។​ ​គី​វី​ទំហំ​មធ្យម (​ប្រហែល…

​គី​វី​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ជីវជាតិ​ច្រើន​បំផុត ដោយ​ផ្តល់នូវ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់ៗ​ជាច្រើន ជាពិសេស​ចំពោះ​កម្រិត​ខ្ពស់​នៃ​វីតាមីន C ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូ​ម ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។​

​គី​វី​ទំហំ​មធ្យម (​ប្រហែល 75 ក្រាម​) ជាធម្មតា​មាន​ប្រហែល​:

​កាឡូរី​: ប្រហែល 42 កាឡូរី​

​ខ្លាញ់​៖ ប្រហែល ០,៤ ក្រាម​

​សូ​ដ្យូ​ម​៖ ជិត ៤ មី​លី​ក្រាម​

​កាបូ​អ៊ី​ដ្រា​ត​៖ ប្រហែល ១០ ក្រាម​

​ជាតិ​សរសៃ​៖ ប្រហែល ២ ក្រាម​

​ស្ករ​ធម្មជាតិ​៖ ជិត ៧ ក្រាម​

​ប្រូតេអ៊ីន​៖ ប្រហែល ០,៨ ក្រាម​

​វីតាមីន C ៖ ប្រហែល ៥៦ មី​លី​ក្រាម​

​ប៉ូ​តា​ស្យូ​ម​៖ ប្រហែល ១៤៨ មី​លី​ក្រាម​

​ការបន្ថែម​ផ្លែ​គី​វី​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​មិន​ត្រឹមតែ​ជួយផ្តល់​ថាមពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​សុខភាព​ទូទៅ​ផងដែរ ដោយសារ​ប្រភព​ដ៏​សម្បូរបែប​នៃ​សារធាតុចិញ្ចឹម​ដែល​ផ្លែឈើ​នេះ​ផ្តល់​។​

​តោះ​ស្វែងយល់​ពី​ហេតុផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​អ្នក​គួរ​បន្ថែម​ផ្លែឈើ​នេះ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​ជួយ​ការពារ​ភាព​ចាស់ និង​ការពារ​ស្បែក​

Collagen គឺជា​ប្រូតេអ៊ីន​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​រចនាសម្ព័ន្ធ​ស្បែក សាច់ដុំ ឆ្អឹង និង​សរសៃពួរ​ក្នុង​រាងកាយ​។ នៅពេល​យើង​ចាស់​បន្តិច​ម្តងៗ បរិមាណ​កូ​ឡា​ជែ​ន​នឹង​ថយចុះ​។ ដើម្បី​ទូទាត់​សង​សម្រាប់​កង្វះ​នេះ វីតាមីន C ដែលមាន​នៅក្នុង​ផ្លែ​គី​វី មាន​សមត្ថភាព​ជំរុញ​ការ​សំយោគ​កូ​ឡា​ជែ​ន ជួយ​ឱ្យ​ស្បែក​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ​។​

​លើសពីនេះ គី​វី​គឺជា​ប្រភព​ដ៏​សម្បូរបែប​នៃ​សារធាតុ carotenoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​សំខាន់​មួយទៀត​ហៅថា lutein ។ សារធាតុ Lutein មាន​ឥទ្ធិពល​សំខាន់​ក្នុងការ​ការពារ​ស្បែក​ពី​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​កាំរស្មី UV រួមចំណែក​ក្នុងការ​រក្សា​ភាពស្រស់ស្អាត និង​សុខភាព​របស់​ស្បែក​។​

​ពង្រឹង​មុខងារ​រំលាយ​អាហារ​

​គី​វី បានបង្ហាញ​សមត្ថភាព​ពូកែ​ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ការសិក្សា​ជាច្រើន​បាន​បញ្ជាក់ថា ការបន្ថែម​ផ្លែ​គី​វី​ទៅក្នុង​របប​អាហារ​អាចជួយ​កាត់បន្ថយ​រោគសញ្ញា និង​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ផលវិបាក​ដែល​ទាក់ទង​នឹង​ជំងឺ​ពោះវៀន ក៏ដូចជា​ជំងឺ​រលាក​ពោះវៀន​។​

បន្ថែម​គី​វី​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​មិន​ត្រឹមតែ​ផ្តល់នូវ​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​សរសៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំមក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រយោជន៍​ដល់​សុខភាព​ផងដែរ​។ គ្រឿងផ្សំ​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការ​រលាក​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើអោយ​ប្រសើរឡើង​នូវ​មុខងារ​រំលាយ​អាហារ​ទាំងមូល ជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​រឹងមាំ​។​

​ការទទួល​ទាន​ផ្លែ​គី​វី​ជាប្រចាំ​អាចជួយ​សម្រួល​ដល់​ដំណើរការ​រំលាយ​អាហារ ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​អារម្មណ៍​ស្រួល​ក្នុង​ក្រពះ និង​ពោះវៀន​។

​គី​វី​ជួយ​ការពារ​សុខភាព​បេះដូង​

​យោងតាម​ព័ត៌មាន​ពី​សមាគមន៍​បេះដូង​អាមេរិក ផ្លែ​គី​វី​គឺជា​ប្រភព​នៃ​សារជាតិ lutein ដែលជា​សារធាតុ oxycarotenoid ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ ថាមពល​ប្រឆាំង​អុកស៊ីតកម្ម​នេះ​អាចជួយ​បន្ថយ​សម្ពាធ​ឈាម​ដោយ​គ្រប់គ្រង​ការឆ្លើយតប​នៃ​សរសៃឈាម​តាមរយៈ nitric oxide ។​

​ការស្រាវជ្រាវ​ត្រូវបាន​ធ្វើឡើង​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការបន្ថែម​ផ្លែ​គី​វី​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​លើ​សម្ពាធ​ឈាម​ចំពោះ​អ្នក​ដែលមាន​ជំងឺលើសឈាម​កម្រិត​ស្រាល​។

​ការស្រាវជ្រាវ​បានបង្ហាញ​ថា ការទទួល​ទាន​ផ្លែ​គី​វី​បី​ផ្លែ​ក្នុង​មួយថ្ងៃ​អាចជួយ​សម្រួល​សម្ពាធ​ឈាម​បានល្អ​ជាង​ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា គី​វី​មិន​ត្រឹមតែ​នាំមក​នូវ​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង រួមចំណែក​ក្នុងការ​រក្សា​សម្ពាធ​ឈាម​ក្នុង​កម្រិត​សុវត្ថិភាព​ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ