ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែងបោះបង្គោលសីម៉ាព្រំដែនជាមួយវៀតណាមរួចរាល់ជាស្ថាពរ សរុបចំនួន១៩៦បង្គោល

7 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក​សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំង​បី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​បាន​បោះបង្គោល​សី​ម៉ា​ព្រំដែន​រួចរាល់​ជា​ស្ថាពរ សរុប​ចំនួន​១៩៦​បង្គោល ។…

ខេត្តព្រៃវែង ៖ លោក​សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំង​បី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​បាន​បោះបង្គោល​សី​ម៉ា​ព្រំដែន​រួចរាល់​ជា​ស្ថាពរ សរុប​ចំនួន​១៩៦​បង្គោល ។

លោក​បាន​បន្ត​ថា ក្នុង​នោះ​បង្គោល​ខ្នាត​ធំ​មាន​ចំនួន​២២​បង្គោល (​ខាង​កម្ពុជា​៧​បង្គោល ខាង​វៀតណាម​៧​បង្គោល និង​បង្គោល រួម​៨​បង្គោល​) ស្មើនឹង​១៣​ទីតាំង ។ បង្គោល​បំពេញបន្ថែម​មាន​ចំនួន​១៤៤​បង្គោល (​ខាង​កម្ពុជា​៦៥​បង្គោល និង​ខាង​វៀតណាម​៦៨ បង្គោល បង្គោល​រួម​១១​បង្គោល​) ស្មើនឹង​៧០​ទីតាំង ។ បង្គោល​តំរុយ​មាន​ចំនួន ៣០​បង្គោល ស្មើនឹង​៣០​ទីតាំង ។

ការ​ថ្លែង​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ដែល​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ជាមួយ​លោក ទ្បាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​កិច្ចការ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា » ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ធំ «A»​សាលាខេត្ត​ព្រៃវែង​នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​រដ្ឋមន្ត្រី លោក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក លោកស្រី​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត និង​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​៥២៨​នាក់ ។ លោក​អភិបាលខេត្ត​បាន​បន្ត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ និង​ស្វាហាប់ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​កម្មវិធី​គោលនយោបាយ​នានា ដើម្បី​ធានា​លើក​ស្ទួយ​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ពិសេស​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព សំដៅ​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដោយ​កំណត់​យក​អាទិភាព​គន្លឹះ​៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដែល​មាន​គោលដៅ​ចម្បង រក្សាសុខ​សន្តិភាព កំណើនសេដ្ឋកិច្ច ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​រក្សា​ឧត្តម​ប្រយោជន៍​ប្រជាជន ។

លោក​បាន​បន្ថែម​ថា ការងារ​គ្រប់គ្រង​ព្រំដែន​ខេត្តព្រៃវែង មានស្រុក​ចំនួន​៤ ឃុំ​ចំនួន​៨ និង​ភូមិ​ចំនួន​១៧ ជាប់​ព្រំដែន ជាមួយ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​មាន​បន្ទាត់​ព្រំដែន​ប្រវែង​សរុប​៨៤,២​គីឡូម៉ែត្រ និង​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​៦ ។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា លើ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ល្អ​រវាង​ខេត្តព្រៃវែង និង​បណ្តា​ខេត្ត​ទាំង​បី​ជាប់​ព្រំដែន កងកម្លាំង​ការពារ​ព្រំដែន ភាគី​ទាំង​សងខាង​តែងតែ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជា​ប្រចាំ​ផ្តល់​កិច្ចសហការ​ត្រួតពិនិត្យ​សកម្មភាព​តាម​ព្រំដែន និង​សហការ​ចុះ​ល្បាត​ទ្វេភាគី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តំបន់​ព្រំដែន ការពារ​ខ្សែបន្ទាត់​បង្គោល​ព្រំដែន សហការ​រៀបចំ​ពិនិត្យ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។

រាល់​ករណី​ដែល​កើត​មាន​បញ្ហា​ផ្សេង​ៗ​នៅ​តំបន់​ព្រំដែន ការ​ប្រយុទ្ធ ប្រឆាំង បង្ការ​ទប់ស្កាត់ កាត់​បន្ថយ​បទល្មើស​គ្រប់​ប្រភេទ និង​បាន​បន្ត​ពង្រឹង​កិច្ចសហការ​ការងារ​ផ្សព្វផ្សាយ ចលនា​ប្រជាជន​ព្រំដែន​ទាំង​សងខាង ឱ្យ​បាន​យល់​ដឹង​គោរព​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​បណ្តា​សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ស្តី​ពី​ព្រំដែន អធិបតេយ្យភាព​ព្រំដែន​ដីគោក រួមចំណែក​កសាង​ខ្សែបន្ទាត់​ព្រំដែន មាន​សន្តិភាព មិត្តភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។

បន្ថែម​លើស​ពី​នេះ លោក​ឡាំ ជា បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទួ​លាយ​អំពី​កិច្ចការ​ព្រំដែន​ទាំង​ទិដ្ឋភាព​ច្បាប់ និង​បច្ចេកទេស លើ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន និង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជូន​ដល់​មន្ត្រីរាជការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តព្រៃវែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ