រាជធានីភ្នំពេញ ៖ «រដ្ឋបាលជលផល» ដែលមានទីតាំងលើផ្ទៃដីដ៏ធំមហាសាលជិត១ហិកតា ស្ថិតនៅចំណុចភ្លើងស្តុបរវាងមហាវិថីព្រះនរោត្តម និងមហាវិថីម៉ៅសេទុង តំបន់ចំការមន ត្រូវបាត់
រូបរាងពីទីតាំងកំណើតរបស់ខ្លួនទៅហើយ…ឃើញនៅសល់តែផ្លាកយីហោដ៏ក្រៀមក្រំតែប៉ុណ្ណោះ ។
បានជាយើងពោលដូច្នោះ ពីព្រោះប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនបានឃើញមន្ត្រីរាជការ «រើតោករើហ៊ឹង» ដឹកជញ្ជូនចេញឱ្យរពុយជាបន្តបន្ទាប់ ហើយម្នាក់ៗមុខមិនស្រស់ទេ…ប្រៀបដូចត្រូវគេបណ្តេញចេញឱ្យឆាប់កាន់តែល្អពីទីតាំងដ៏ស្រស់ស្អាតរបស់ខ្លួននៅកណ្តាលរាជធានីនេះ ។
ពេលបានឃើញនិងសួរនាំ…គ្រាន់តែឮថា «កោះសន្តិភាព» ពុំមានមន្ត្រីណាម្នាក់ហ៊ាននិយាយឡើយ ។ ប៉ុន្តែក៏មានមន្ត្រីម្នាក់និយាយបោះសម្តីចោលថា កុំសួរច្រើនពេក នេះជារឿង «ចិនដេញខ្មែរ ខ្មែរដេញខ្មោច» ដូចកោះសន្តិភាពធ្លាប់និយាយកាលពីដើមហើយតើ !
មានមន្ត្រីម្នាក់ទំនងថ្នាក់ទាបទេ និយាយបែបចំអកមិនឱ្យគេឮខ្លាំងទេថា មិនខុសពី«គេលក់
ឆ្នាំងមាសដូរយកឆ្នាំងដី»ទេ…ក្រែងកោះសន្តិភាពធ្លាប់ផ្សាយដែរតើ ? សុំសួរមេៗថ្នាក់លើទៅ ទើបច្បាស់ ។
លទ្ធផលចុងក្រោយបញ្ជាក់ថា «ទីតាំងរដ្ឋបាលជលផល» ដ៏មហាសាលត្រូវបានលក់ឬដោះដូរតាំងតែពីឆ្នាំ២០១៩មកម៉្លេះ សម័យលោក វេង សាខុន ជារដ្ឋមន្ត្រី ។ ទំនងម្ចាស់គេទើបបង្ខំឱ្យចេញនៅចុងឆ្នាំនេះ ទើបនាំគ្នាត្រូវតែ «បង្ខំចិត្ត» រើចេញដោយខានមិនបាន ។
តើទីតាំងថ្មីនៅទីណា ? ចិនដេញខ្មែរ ខ្មែរដេញខ្មោចមែនឬ ? តើសេដ្ឋីណាដែលមានសំណាងបានទីតាំង «ឆ្នាំងមាស»នេះ ? តើក្រុមហ៊ុនសេដ្ឋីមួយណា ? នៅមិនទាន់បានព័ត៌មានច្បាស់ការណ៍១០០%នៅឡើយទេ ។
ប្រភពមួយថា បានទៅក្រុមហ៊ុនឈ្មោះ ម៉ូឌែន វិសិនគ្រុប… មិនដឹងសេដ្ឋីម្ចាស់ក្រុមហ៊ុនឈ្មោះអ្វីទេ បានជាមានសំណាងម្ល៉ឹងៗ ។ ពេលណាបានព័ត៌មានច្បាស់ការណ៍ យើងនឹងផ្សាយជូននៅពេលក្រោយទៀត ។
ព័ត៌មានបន្ថែម នឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕ (ដោយ ៖ ទុយ ក្តាម)
ចែករំលែកព័តមាននេះ