រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពបាន ៦៨,៣០% ហើយគ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ខាងមុខនេះ ។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១៨ វិច្ឆិកានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុកដោយការងារអ៊ុតAC នឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ ។
អ្នកនាំពាក្យ បានគូសបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៦៨,៣០%ហើយ» ។
ទន្ទឹមនឹងដំណើរការការដ្ឋានកំពុងមមាញឹកខ្លាំងនេះ លោកអ្នកនាំពាក្យក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម ។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀតក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍ ៕
ចែករំលែកព័តមាននេះ