រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសកម្ពុជារយៈពេល៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថាឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិ ការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល ។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូនឹងមានជំនួបចរចាទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់មក ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀតនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា ។
លើសពីនេះ ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូគ្រោងនឹងចូលក្រាបថ្វាយ បង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈប្រតិភូសភាវៀតណាមក៏គ្រោងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជំនួបសម្តែងការគួរសមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ជិន ថាញ់មិននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម នាពេលខាងមុខនេះគឺជាដំណើរទស្សនកិច្ចផ្លូវការដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ជាពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាព រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិឱ្យកាន់តែប្រសើរឡើង ៕
ចែករំលែកព័តមាននេះ