ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​សម្ងាត់​ថា​​បៃដិន​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​បា.ញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​រុស្ស៊ី

6 ម៉ោង មុន

ទីក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋាភិបាល​របស់​លោក​បៃដិន​យល់​ព្រម​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​រយៈ​ចម្ងាយ​ឆ្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី​ហើយ​​​។ នេះ​បើ​​​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាលអាមេរិក​២​នាក់​​កាល​ពី​យប់​មិញ​​​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​។​ បើ​ដូច្នេះ​មែន វា​ជា​ការ​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​លោក​បៃដិន​បាន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ហើយ​។ ប្រភព​ខាង​លើ​នេះ​ថ្លែង​បន្ត​ទៀត​ថា​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ភ្លើ​ងខៀវ​ពី​វ៉ាស៊ីនតោន​ប៉ុណ្ណេះ​ហើយ​ អ៊ុយ​ក្រែន​មុខ​តែ​បាញ់​មីស៊ីល​គ្មាន​ដក​ដៃ​ទេ​ចូល​ទឹក​ដី​រុស្ស៊ី​ព្រោះ​មីស៊ីល​ទាំង​នោះ​មិន​ដឹង​ជា​បញ្ជូន​ទៅ​ដល់​អ៊ុយ​ក្រែន​តាំង​ពី​អង្កាល់​​។ លោក​បៃដិន​សម្រេច​ចិត្ត​បែប​នេះ​តែ​២​ខែ​ប៉ុណ្ណោះ​មុន​ពេល​លោក​បញ្ចប់​តំណែង​ជា​ផ្លូវ​ការ​ និង​ចាក​ចេញ​ពី​សេត​វិមាន​​​ថ្ងៃ​​ទី​២០ ខែ​មករា​​។…

ទីក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋាភិបាល​របស់​លោក​បៃដិន​យល់​ព្រម​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​រយៈ​ចម្ងាយ​ឆ្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី​ហើយ​​​។ នេះ​បើ​​​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាលអាមេរិក​២​នាក់​​កាល​ពី​យប់​មិញ​​​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​។​ បើ​ដូច្នេះ​មែន វា​ជា​ការ​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​លោក​បៃដិន​បាន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ហើយ​។

ប្រភព​ខាង​លើ​នេះ​ថ្លែង​បន្ត​ទៀត​ថា​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ភ្លើ​ងខៀវ​ពី​វ៉ាស៊ីនតោន​ប៉ុណ្ណេះ​ហើយ​ អ៊ុយ​ក្រែន​មុខ​តែ​បាញ់​មីស៊ីល​គ្មាន​ដក​ដៃ​ទេ​ចូល​ទឹក​ដី​រុស្ស៊ី​ព្រោះ​មីស៊ីល​ទាំង​នោះ​មិន​ដឹង​ជា​បញ្ជូន​ទៅ​ដល់​អ៊ុយ​ក្រែន​តាំង​ពី​អង្កាល់​​។ លោក​បៃដិន​សម្រេច​ចិត្ត​បែប​នេះ​តែ​២​ខែ​ប៉ុណ្ណោះ​មុន​ពេល​លោក​បញ្ចប់​តំណែង​ជា​ផ្លូវ​ការ​ និង​ចាក​ចេញ​ពី​សេត​វិមាន​​​ថ្ងៃ​​ទី​២០ ខែ​មករា​​។

​​ការ​ផ្លាស់​ប្ដូរ​នយោ​បាយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ទ័ព​កូរ៉េ​​ខាង​ជើង​រាប់​ពាន់​នាក់​ ប្រភព​ខ្លះ​ថា​ដល់​ជាង​១​ម៉ឺន​នាក់ ដើម្បី​ធ្វើ​ម៉េច​វាយ​យក​តំបន់​ខឺស​មក​វិញ​ និង​បណ្ដេញ​ទ័ព​អ៊ុយ​ក្រែន​ចេញ​ឱ្យ​អស់​ពី​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។ ករណី​ទ័ព​កូរ៉េ​ខាង​ជើង​នៅ​លើ​ទឹក​ដី​រុស្ស៊ី​ជា​បញ្ហា​មិន​ធម្មតា​ទេ​ដល់​ថ្នាក់​វ៉ាស៊ីនតោន​ និង​អ៊ុយ​ក្រែន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

លោក​ហ្សេឡិន​ស្គី​ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​ពេល​យប់​របស់​គាត់​ថា «​ថ្ងៃ​នេះ​ សារ​ព័ត៌​មាន​ចុះ​ផ្សាយ​យ៉ាងព្រោង​ព្រាត​អំពី​ការ​អនុញ្ញាត​ឱ្យ​បាញ់​មីស៊ីល​​​។ ប៉ុន្តែ​បាញ់ ឬ​មិន​បាញ់​មិន​មែន​ស្ថិត​នៅ​លើ​ការ​និយាយ​បែប​ចចាម​អារ៉ាម​ទេ​។ ​​មាន​ន័យ​ថា​លោក​ចង់​ឃើញ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ជា​មុន​សិន​។ ​បើ​មិន​ដូច្នេះ​ទេ​ អ៊ុយ​ក្រែន​​ច្រឡំ​បាញ់​​មីស៊ីល​ចូល​​​ទឹក​ដី​​រុស្ស៊ី​ ស្រាប់​តែ​​វ៉ាស៊ីន​តោន​​ចេញ​មក​ប្រកែក​មិន​វីរ​វរ​ធំ​ទៅ​ហើយ​ទេ? ដូច្នេះ អ៊ុយ​ក្រែន​ចង់​បាន​ការ​និយាយ​ដោយ​ហ្មត់​ចត់ និង​ប្រាកដ​ប្រ​ជា​​។​​

​រហូត​មក​ដល់​ពេល​នេះ ទាំង​សេត​វិមាន​ និង​ក្រសួង​ការ​បរទេស​អាមេរិក​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​។ ក្រោយ​ការ​បែក​ធ្លាយ​ព័ត៌​មាន​ថា​​ «វ៉ា​ស៊ីន​តោន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​អាមេរិក​រយៈ​ចម្ងាយ​ឆ្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី»​ ​​វិមាន​ក្រឹ​ម​ឡាំង​មិន​ទាន់​បញ្ចេញ​ប្រតិ​កម្ម​ទេ​។ ប៉ុន្តែ​កាល​ពី​ពេល​កន្លង​មក​ ក្រឹម​ឡាំង​ធ្លាប់​ព្រមាន​ថា​កុំ​ថា​ឡើយ​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​​​ចូល​រុស្ស៊ី​​តាម​ចិត្ត​ សូម្បី​តែ​បាញ់​ចូល​ល្មម​ៗ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​​​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ផង​ដែរ​។​

លោក​វ៉្លាឌីមៀ ឌី​សា​បា​រ៉ូស​ (Vladimir Dzhabarov) ជា​អនុ​ប្រធាន​ទី​១​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​​នៃ​​រដ្ឋ​សភា​រុស្ស៊ី​ថ្លែង​ថា​បើ​វ៉ាស៊ីនតោន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ប្រហែល​ជា​ត្រូវ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​ជា​មិន​ខាន​ឡើយ​។ ចំណែក​លោក​អាន​ដ្រេ គ្លីស​សា (Andrei Klishas)​ ជា​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​នៃ​ព្រឹទ្ធ​សភា​រុស្ស៊ី​ថ្លែង​ថា​បស្ចិម​ប្រទេស​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ជា​ការ​បង្ក​បញ្ហា​ដល់​កម្រិត​ខ្ពស់​ដែល​អាច​នឹង​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​រលាយ​កាន់​តែ​ឆាប់​។

ប្រភព​ដែល​​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​​ប្រាប់​ថា​​​អ៊ុយ​ក្រែន​អាច​នឹង​​ប្រើ​ប្រាស់​មីស៊ីល​ម៉ាក​អាត់​ថា​ខំ​ (ATACMS) ដែល​​​បាញ់​បាន​ចម្ងាយ​៣០៦​គីឡូ​ម៉ែត្រ​។ ​តាម​ពិត ទោះ​បី​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​ជ្រៅ​ទៅ​ក្នុងទឹក​ដី​រុស្ស៊ី​ក៏​មិន​អាច​​ជួយ​អ្វី​បាន​ប៉ុន្មាន​ដែរ​។ ​គ្រាន់​តែ​ថា​​យ៉ាង​ហោច​ណាស់​ជួយ​​ទប់​ស្កាត់​ ឬ​ដាស់​សតិ​រុស្ស៊ី​កុំ​ធ្វើ​ខ្លាំង​ដៃ​ពេក​​​ គិត​តែ​​ពី​វាយ​អ៊ុយ​ក្រែន​ឥត​ដក​ដៃ​។ ម៉្យាង​ទៀត​ គេ​គិត​ថា​វា​អាច​ជា​សន្លឹក​បៀរ​សំខាន់​នៅ​ក្នុង​ដៃ​​អ៊ុយ​ក្រែន​ដើម្បី​ឱ្យ​មាន​ទម្ងន់​នៅ​ក្នុង​ការ​ចរ​ចា​​​នា​ពេល​អនា​គត​។

បើ​លោក​ត្រាំ​ឡើង​មក​កាន់​អំណាច លោក​មិន​អនុ​ញ្ញាត​ឱ្យ​​បាញ់​​មីស៊ីល​ចូល​រុស្ស៊ី​ត​ទៅ​ទៀត​​ យ៉ាង​ហោច​ណាស់​ក៏​អ៊ុយ​ក្រែន​មាន​ឱកាស​បាញ់​មីស៊ីល​បាន​មួយ​ខែ​ ឬពីរ​ខែ​ផង​ដែរ​។ អ្នក​នាំ​ពាក្យ​លោក​ត្រាំ​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។ ប៉ុន្តែ​លោក​រីឆាត​ ក្រេ​ណល (Richard Grenell)​ ជា​ទី​ប្រឹក្សា​​​របស់​លោក​ត្រាំ​បាន​រិះ​គន់​ការ​អនុ​ញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ដូច្នេះ​​។ ​ទី​​ប្រឹក្សា​​​រូប​នេះ​ទំនង​ជា​គិត​ថា​លោក​បៃដិន​មុន​នឹង​ចាក​ចេញ​ពី​សេត​វិមាន​​ លោក​ចង់​ទម្លាក់​ដុំ​ថ្ម​ក្ដៅ​ឱ្យ​លោក​ត្រាំ​​ជា​អ្នក​ទទួល​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ