ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេងឆៅកើនឡើង បន្ទាប់ពីការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែខ្លាំងក្លា

1 ខែ មុន

អន្តរជាតិ ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការប្រយុទ្ធរវាងរុស្ស៊ី…

អន្តរជាតិ ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការប្រយុទ្ធរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងក្លា កាលពីចុងសប្តាហ៍មុន ចំពេលមានការព្រួយបារម្ភអំពីតម្រូវការនៃប្រេងឥន្ធនៈនៅក្នុងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ធំបំផុតទីពីររបស់ពិភពលោក និងការព្យាករណ៍នៃអតិរេកប្រេងពិភពលោក នៅលើទីផ្សារយ៉ាងណាក៏ដោយ។

ប្រេងឆៅ Brent ក្នុងកិច្ចសន្យាជួញដូរប្រេងនាពេលអនាគតបានកើនឡើង ២០ សេន ឬ ០.៣% នៅក្នុងតម្លៃ ៧១.២៤ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលអនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៦៧.១១ដុល្លារក្នុងមួយបារ៉ែល ពោលកើនឡើង ៩សេន ឬ ០.១% ។

ស្ថិតក្នុងការបញ្ច្រាសទិសនៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតដោយអាមេរិក ដើម្បីវាយប្រហារជ្រៅក្នុងដែនដីរុស្ស៊ី។ នេះបើតាមដំណឹងដែល Reuters ទទួលបានពីមន្ត្រីអាមេរិកពីររូប និងប្រភពដឹងអំពីការសម្រេចចិត្តនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបភ្លាមៗណាមួយពីវិមានក្រឹមឡាំងនោះទេ។

លោក Tony Sycamore អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន IG Group បានលើកឡើងថា «លោក បៃដិន អនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារកងកម្លាំងរុស្ស៊ី នៅជុំវិញទីក្រុងឃើស (Kursk) ដោយប្រើម៉ីសីលរយៈចម្ងាយឆ្ងាយ នោះហើយគឺកត្តាអាចនឹងឃើញការដេញថ្លៃភូមិសាស្ត្រនយោបាយវិលត្រឡប់មកវិញលើទីផ្សារប្រេងឆៅ ព្រោះវាជាការកើនឡើងនៃភាពតានតឹងនៅទីនោះ ដើម្បីជាការឆ្លើយតបនឹងទាហានកូរ៉េខាងជើងចូលរួមជួយរុស្ស៊ីនៅក្នុងសមរភូមិ»។

រុស្ស៊ីបានវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែនក្នុងរយៈពេលជិត៣ខែ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុន ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។ នៅក្នុងប្រទេសរុស្ស៊ីឯណោះវិញ យ៉ាងហោចណាស់រោងចក្រចម្រាញ់ប្រេងចំនួន៣ត្រូវផ្អាកដំណើរការ ឬកាត់បន្ថយដំណើរការ ដោយសារតែការខាតបង់យ៉ាងធ្ងន់ធ្ងរ ចំពេលមានការទប់ស្កាត់ការនាំចេញ ការកើនឡើងតម្លៃប្រេងឆៅ និងថ្លៃដើមនៃប្រាក់កម្ចីខ្ពស់។

តម្លៃប្រេងឆៅ Brent និង West Texas Intermediate បានធ្លាក់ចុះជាង ៣% កាលពីសប្តាហ៍មុន ដោយសារតម្រូវការធ្លាក់ចុះក្នុងប្រទេសចិន និងបន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិបានព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងពិភពលោកនឹងលើសពីតម្រូវការច្រើនជាង ១លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៥ ទោះបីជាអង្គការប្រទេសនាំចេញប្រេង OPEC + នៅតែបន្តកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនក៏ដោយ។

ទិន្នន័យរដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្តាហ៍មុនបង្ហាញថា ទិន្នផលរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសចិនបានធ្លាក់ចុះ ៤.៦% នៅក្នុងខែតុលា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលកំណើនទិន្នផលបណ្តារោងចក្ររបស់ចិន ក៏បានធ្លាក់ចុះផងដែរ កាលពីខែមុន។ បណ្តាវិនិយោគិនក៏ព្រួយបារម្ភផងដែរចំពោះល្បឿន និងវិសាលភាពការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ដែលបានបង្កើតភាពមិនច្បាស់លាស់នៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។ តួយ៉ាង ទិន្នន័យក្រុមហ៊ុនបច្ចេកវិទ្យាថាមពលសកល Baker Hughes បានបង្ហាញថា នៅសហរដ្ឋអាមេរិក ចំនួនការខួងយកប្រេងបានធ្លាក់ចុះខ្លាំង កាលពីសប្តាហ៍មុន៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ