ពិធីប្រណាំងទូកត្នោត ជាប្រពៃណីពីបុរាណរបស់អ្នកភូមិក្រឡាញ់ រៀបចំធ្វើជារៀងរាល់ឆ្នាំ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដែលថ្នាក់ជាតិរៀបចំឡើងជារៀងរាល់ឆ្នាំ អាជ្ញាធរភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាចរួមនិងប្រជាពលរដ្ឋបានរៀបចំពិធីប្រណាំងទូកត្នោតជារៀងរាល់ឆ្នាំផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមរីករាយសប្បាយកំសាន្ត និងបង្ហាញអំពីអត្ថប្រយោជន៍យ៉ាងច្រើននៃដើមត្នោតដែលជាអត្តសញ្ញាណជាតិ ផងដែរ។

លោក ជា វណ្ណា មេឃុំអូរឫស្សី និងលោក ជួប សុខ មេភូមិក្រឡាញ់ បានបញ្ជាក់ថាការរៀបចំប្រណាំង ទូកត្នោត ជាប្រពៃណីរបស់អ្នកភូមិក្រឡាញ់ គឺបង្កើតឡើងជារៀងរាល់ឆ្នាំ ដែលប្រជាពលរដ្ឋបានរៀបចំដោយខ្លួនឯង និងមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់កម្លាំងការពារសុវត្ថិភាពសន្តិសុខផង។ ចំពោះការប្រណាំងទូកត្នោតនៅឆ្នាំ២០២៤នេះ យើងរៀបចំឲ្យមានទូកត្នោតសរុបចំនួន១៦ទូក ស្មើនឹង៨គូ ដោយប្រណាំងរយៈចម្ងាយ១៥០ម៉ែត្រ ។ សម្រាប់ចំណាត់ថ្នាក់និងជ័យលាភីវិញ ទាំងអ្នកចាញ់មទាំងអ្នកឈ្នះគឺទទួលបានជាការឧបត្ថម្ភនៅស្បៀងអាហារនិងថវិកាខ្លះៗ ស្មើៗគ្នា ដើម្បីឲ្យពួកគាត់មានទឹកចិត្តចូលរួមថែរក្សាប្រពៃណីវប្បធម៌ពីបុរាណរបស់អ្នកភូមិក្រឡាញ់នេះផងដែរ។ ចំពោះការប្រណាំងទូកដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះគឺនៅក្នុងបរិវេណបិណ្ឌ បឹងចាន់គៀត ខាងក្រោយវត្តចាន់សូរិយាក្រឡាញ់ ហៅវត្តក្រឡាញ់។

ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាពិតជាសប្បាយរីករាយនិងហូរកញ្ជ្រាវក្រៃលែងនៅគ្រាដែលទូកដែលរបស់ក្រុមខ្លួនឈ្នះម្ដងៗ ។ ទោះយ៉ាងណាការប្រណាំងទូកបានប្រកបដោយការសាមគ្គីភាព និងឆ្លុះបញ្ចាំង ពីមោទនភាពជាតិខ្មែរ ក្នុងការប្រឡងប្រណាំងទូកត្នោតរបស់ខ្មែរពិតៗ។
ក៏សូមបញ្ជាក់ថាថ្វីបើទូកត្នោត ដែលធ្វើអំពីដើមត្នោត ក៏ពិតមែន ក៍ប៉ុន្តែការទូកត្នោតដែលគេយកមកប្រណាំង នេះ បានលាបពណ៌ តុបតែងលម្អ មានគំនូរក្បាច់ យ៉ាងស្រស់ស្អាត រួមទាំងមានឈ្មោះទូកយ៉ាងពិរោះ មិនខុសពីទូកដែលគេយកទៅប្រឡងថ្នាក់ជាតិនោះឡើយ ៕

















ចែករំលែកព័តមាននេះ