ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត ជេក ផូល ពាក់ប្រកួតឈ្នះ ម៉ៃ ថៃសាន់ គឺជា​ឈុតកីឡាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

2 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ យុវជន ជេក ផូល (Jake Paul) តារាយូធូបអាមេរិកល្បី (YouTube) ដែលប្រែខ្លួនជាកីឡាករប្រដាល់សកលអាជីពបានយកឈ្នះពិន្ទុជាឯកច្ឆន្ទ័លើអតីតកំពូលកីឡាករប្រដាល់សកល​ទម្ងន់ធ្ងន់ពិភពលោក…

សហរដ្ឋអាមេរិក ៖ យុវជន ជេក ផូល (Jake Paul) តារាយូធូបអាមេរិកល្បី (YouTube) ដែលប្រែខ្លួនជាកីឡាករប្រដាល់សកលអាជីពបានយកឈ្នះពិន្ទុជាឯកច្ឆន្ទ័លើអតីតកំពូលកីឡាករប្រដាល់សកល​ទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ (Mike Tyson) ក្នុងការប្រកួតអាជីព៨ទឹកដ៏កក្រើកសហរដ្ឋ​អាមេរិក រៀបចំឡើងនៅកីឡដ្ឋាន AT&T រដ្ឋតិចសាស់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា នៅកម្ពុជា។

ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៧២,៣០០នាក់ ជេក ផូល វ័យ២៧ឆ្នាំ គ្រប់គ្រងការប្រកួតភាគច្រើនតទល់នឹង ម៉ៃ ថៃសាន់ វ័យ៥៨ឆ្នាំ ដោយបញ្ចប់៨ទឹកពេញជាមួយជ័យជម្នះតាមរយៈការសម្រេចជាឯកច្ឆ័ន្ទពីចៅក្រម៣រូបនៅក្នុងលទ្ធផល ៨០ទល់៧២ ៧៩ទល់៧៣ និង ៧៩ទល់៧៣។ ការប្រកួតនោះ គេសង្កេតឃើញ ម៉ៃ ថៃសាន់ ចាប់ផ្តើមទឹកដំបូងដោយវាយសម្រុកខ្លាំងលើ ជេក ផូល ប៉ុន្តែសន្ទុះ និងកម្លាំងបានថមថយនៅទឹកបន្តបន្ទាប់ ជាឱកាសសម្រាប់ ជេក ផូល មានប្រៀបជាងយ៉ាងខ្លាំង។

យ៉ាងណាមិញ បើទោះបីជាចាញ់ការប្រកួតក៏ពិតមែន ប៉ុន្តែ ម៉ៃ ថៃសាន់ នៅតែទទួលបានការកោតសរសើរ និងគោរពយ៉ាងខ្លាំងពីសំណាក់យុវជន ជេក ផូល ផ្ទាល់ ក៏ដូចជាបុគ្គលល្បីឈ្មោះជាច្រើន ជាពិសេសអ្នកស្នេហាវិស័យប្រដាល់ជុំវិញពិភពលោកតែម្តង។ ភាគច្រើននៃអ្នកទាំងនោះ លើកសរសើរអំពីការតាំងចិត្តខ្ពស់ ភាពរឹងមាំ និងការតស៊ូររហូតចប់ការប្រកួត៨ទឹកពេញ បើទោះស្ថិតក្នុងវ័យក្បែរ៦០ឆ្នាំយ៉ាងណាក៏ដោយ។

ក្រៅពីជក់ចិត្តនឹងការប្រយុទ្ធលើសង្វៀនរវាងបុគ្គលល្បីឈ្មោះទាំងពីរនាក់ អ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងគឺ ឈុតកីឡារបស់ ជេក ផូល ពាក់សម្រាប់ការប្រកួតនេះ ត្រូវបានយុវជនរូបនេះផ្ទាល់អះអាងថាមានតម្លៃដល់១លានដុល្លារអាមេរិកឯណោះ ដោយរួមមាន ខោខ្លី ហ្គង់ ស្បែកជើង និងអាវក្រៅ ហើយយុវជនរូបនេះបានប្រកាស ឈុតរបស់ខ្លួនគឺជាឈុតកីឡាមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ មូលហេតុធ្វើឱ្យឈុតកីឡាមានតម្លៃថ្លៃបែបនេះ ព្រោះត្រូវបានផលិតដោយសាច់ក្រណាត់ និងស្បែកដ៏ពិសេស រំលេចជាមួយនឹងគ្រាប់ពេជ្រ VVS Diamond ចំនួន៣៨០ការ៉ាត់ ដែលជាស្នាដៃផលិតដោយក្រុមហ៊ុនច្នៃស្បែកជើងដ៏ល្បីឈ្មោះ The Shoe Surgeon។

ប្រភពពីសារព័ត៌មាន CBS Sports របស់សហរដ្ឋអាមេរិកបានឱ្យដឹងថាក្នុងឆ្នាំ ២០១៤ អ្នកប្រដាល់សកលសញ្ជាតិអង់គ្លេស Amir Khan បានស្លៀកខោខ្លីធ្វើអំពីស្បែកប្រភេទ Nappa ជាមួយស្បែកក្រពើ និងខ្សែចង្កេះត្បាញដោយមាសសុទ្ធ ២៤ការ៉ាត់ ហើយត្រូវបានរាយការណ៍ថាមានតម្លៃ៥ម៉ឺនដុល្លារ។ ដូច្នេះបើការអះអាងរបស់ ជេក ផូល អំពីតម្លៃឈុតកីឡារបស់ខ្លួនថ្ងៃប្រកួតជាមួយនឹង ម៉ៃ ថៃសាន់ គឺជាការពិត នោះឈុតនោះគឺជាឈុតកីឡាមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតអាជីព៨ទឹក ១ទឹក២នាទី និងពាក់ហ្គង់១៤អោន ដែលស្មើនឹងទម្ងន់ ០.៤គីឡូក្រាម ដ៏កក្រើកពិភពលោក និងត្រូវបានផ្សាយផ្ទាល់ក្នុងកម្មវិធី Netflix មួយនេះ ជេក ផូល ម្ចាស់ជ័យជម្នះទទួលបានតម្លៃខ្លួន ៤០លានដុល្លារ។ ចំណែក ម៉ៃ ថៃសាន់ ទទួលបាន ២០លានដុល្លារផងដែរ៕ ដកស្រង់ ៖ CNN, CBS News, USA Today និង MMA Fighting

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ