រាជធានីភ្នំពេញជាទីក្រុងប្រវត្តិសាស្ត្រ និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងការទូត ។
ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបានប្រែក្លាយមុខមាត់ប្រកបដោយភាពទាក់ទាញ តាមរយៈការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ និងបានក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់ប្រទេសកម្ពុជា ដោយបានផ្ដោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា៖ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក បណ្ដាញទឹកស្អាត បណ្តាញអគ្គិសនី ទូរគមនាគមន៍ និងភ្លើងបំភ្លឺសាធារណៈ ការកែលម្អសួនច្បារនិងលំហបៃតងជាដើម ។
ភាពរីកចម្រើនដ៏រស់រវើកនេះអាចនិយាយបានថា រាជធានីភ្នំពេញក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្គាល់ការប្រែមុខមាត់ថ្មីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា និងដែលត្រូវចាទុកក្នុងក្រាំងមាសថា ជាដំណាក់កាលនៃការអភិវឌ្ឍន៍កម្រិតកំពូលមួយរបស់រាជនីភ្នំពេញដែលមិនធ្លាប់មានពីមុន។
រហូតមកទល់សព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជានៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ក៏ដូចជាអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនថែមទៀត។
ដោយគ្រាន់តែរយៈពេល១ឆ្នាំនៃដើមនីតិកាលទី៧ ដោយមានសម្តេចធិបតីជានាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវសមិទ្ធផលធំៗជាច្រើន រួមមាន ៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា ស្ពាននាគភ្លោះកោះនរា ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បើកការដ្ឋានស្ថាបនាផ្លូវ-ស្ពានឆ្លងកាត់ទន្លេចាក់អង្រែក្រោម ព្រែកប្រា និងការដ្ឋានសាងសង់ស្ពានភ្លោះតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខពីរថែមទៀតផងដែលបំរើទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែ មានភាពងាយស្រួល។
ជាមួយគ្នានេះដែរ រាជធានីភ្នំពេញ ដែលមានឯកឧត្តមឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញក៏បាននឹងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធលូតូចធំជាច្រើន ដើម្បីធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស៊ីវិល័យប្រជាពលរដ្ឋរស់នៅមានជីវភាពកាន់តែល្អប្រសើរ។
តាមរបាយការណ៍ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនក្នុងរាជធានីភ្នំពេញបានកើនឡើងប្រមាណជាង ២ លាននាក់នាក់ ហើយរាជធានីភ្នំពេញក៏បានពង្រីកខ្លួនជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ មានផ្ទៃដីទំហំជិត ៧០០គីឡូម៉ែត្រការ៉េ មានចំនួន ១៤ ខណ្ឌ និង ១០៥ សង្កាត់។
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រដ្ឋបាលរាជធានី បានកសាង សង់ស្ពានអាកាស ផ្លូវក្រោមដី
ស្ពានអាកាសថ្មើរជើង និងសួនច្បារជាច្រើនកន្លែង ដើម្បីកាត់បន្ថយភាពកកស្ទះ បង្ករភាពងាយស្រួលដល់អ្នកធ្វើដំណើរ ក៏ដូចជាបង្កើនគុណភាពជីវិតដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ផ្លូវថ្មីៗដែលបានស្ថាបនាឡើងជាបន្តបន្ទាប់ រីឯផ្លូវចាស់ៗត្រូវបានពង្រីក ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងការកកស្ទះ អាគារខ្ពស់ៗ រួមមានអាគារពាណិជ្ជកម្ម ផ្សារទំនើប នឹងលំនៅឋានបានរីកដូចផ្សិតនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន រាជធានីភ្នំពេញមានអាគារខ្ពស់ៗជាង២ពាន់អគារដែលបម្រើឱ្យការរស់នៅ និងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លើសពីនេះទៅទៀត សំណង់លំនៅឋានតាមបែបសហគមន៍និងបុរីបានរីកដុះដាលជាហូរហែ ដើម្បីបម្រើតម្រូវការនៃកំណើនប្រជាជន។
បន្ថែមពីនេះទៀត រាជធានីភ្នំពេញមានការរីកចម្រើនគម្រោងលំនៅដ្ឋានប្រមាណជាង ៣០០ កន្លែង ចំពោះវិស័យវិនិយោគ និងកម្មន្ដសាល រាជធានីភ្នំពេញបាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិនិងអន្តរជាតិ មកបោះទុន បង្កើតតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយស្តង់ដារអន្តរជាតិនៅតាមជាយទីក្រុង បង្កើតក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ដែលផលិតនូវ ផលិតផលដ៏មានសក្កានុពលជាច្រើនប្រភេទសម្រាប់នាំចេញ។
ជារួមរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណ១ម៉ឺនសហគ្រាសដែលផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងប្រជាពលរដ្ឋនៅខេត្តជុំវិញប្រមាណរាប់សិបម៉ឺននាក់ និងផ្ដល់ជាប្រាក់ឈ្នួលសរុបខ្ទង់ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំមួយឆ្នាំ។ ចំពោះការផ្គត់ផ្គង់ថាមពល សាខាអគ្គិសនីរាជធានីភ្នំពេញ បានពង្រីកវិសាលភាពផ្គត់ផ្គង់ និងបម្រើសេវាដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ បច្ចុប្បន្ននេះប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់អគ្គិសនីទាំងនៅក្នុងខណ្ឌទាំង១៤ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងថ្លៃអគ្គិសនីមានតម្លៃសមរម្យ។
ចែករំលែកព័តមាននេះ