ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សត្វ​ផ្សោត​១ក្បាល​ទម្ងន់​ជាង​១០០​គីឡូស្លា.ប់ អណ្តែតទើរ​​ច្រាំង​ទន្លេ​​ស្ទឹង​ត្រង់

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ស្លាប់​អណ្ដែត​មក​ទើ​ច្រាំង​ទន្លេ​ត្រង់​ចំណុច​ឃុំ​ព្រែក​សហគមន៍​នេសាទ​៣ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​ឆ្នាំ​២០២៤​។ ហើយ​ពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​និង​រាយការណ៍​បន្ត​មក​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ព្រមទាំង​កម្លាំង​ជំនាញ​អភិរក្ស​សត្វ​ផ្សោត​រក​មូលហេតុ​។ លោក​បាន…

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ស្លាប់​អណ្ដែត​មក​ទើ​ច្រាំង​ទន្លេ​ត្រង់​ចំណុច​ឃុំ​ព្រែក​សហគមន៍​នេសាទ​៣ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​ឆ្នាំ​២០២៤​។ ហើយ​ពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​និង​រាយការណ៍​បន្ត​មក​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ព្រមទាំង​កម្លាំង​ជំនាញ​អភិរក្ស​សត្វ​ផ្សោត​រក​មូលហេតុ​។

លោក​បាន ស្រេង អភិបាលស្រុក​ស្ទឹង​ត្រង់ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ពលរដ្ឋ​រូប​លោក​បាន​ចាត់​ឱ្យ​ជំនាញ​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​និង​ស្រង់​ដាក់​លើគោក​មាត់ច្រាំង​រួច​រាយការណ៍​ទៅ​កម្លាំង​ជលផល​ខេត្ត​។ ជាមួយ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​នាំ​គ្នា​ភ្ញាក់ផ្អើល​មក​មើល​ព្រោះ​កម្រ​ឃើញ​សត្វ​ផ្សោត​ស្លាប់​អណ្ដែត​មក​ទេ​បែប​នេះ​នា​ពេល​កន្លង​ទៅ​។

យោង​តាម​របាយការណ៍​របស់​លោក​សឹម​ថា​វី​រៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម វិញ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ទទួល​ព័ត៌មាន​ពី​លោក​តាន់​សុមេធ វឌ្ឍនៈ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​ថា​ប្រជា​នេសាទ ប្រទះ​ឃើញ​សាកសព​ផ្សោត​ចំនួន​មួយ​ក្បាល បាន​រសាត់អណ្ដែត​តាម​ទឹក​ដង​ទន្លេមេគង្គ​ចុះ​តាម​ខ្សែទឹក​ហូរ​ត្រង់​ចំណុច​កោះ​ផល​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​បាន​សំណូមពរ​ស្នើ​សុំ​សហការ​តាមដាន​និង​រក្សា​ទុក​បើ​រក​ឃើញ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថ្នាក់ដឹកនាំ​ខណ្ឌ​ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ខណ្ឌ​ជលផល​កំពង់ចាម​ចុះ​ស្រាវជ្រាវ​តាម​ដង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទឹង​ត្រង់ លុះ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ក្រុមការងារ​បាន​ទទួល​ដំណឹង​ថា​បានឃើញ​សាកសព​ផ្សោត​ដូច​រាយការណ៍​ខាងលើ​អណ្ដែត​តាម​ដង​ទន្លេមេគង្គ​មក​ធ្វើ​ត្រង់​ចំណុច​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ហ្នឹង​បាន​ឲ្យ​រក្សា​ទុក​នៅ​មាត់ច្រាំង​ទន្លេ រួច​រាយការណ៍​ទៅ​ក្រុមការងារ​អភិរក្ស​សព្វ​ផ្សោត​ដើម្បី​ចុះ​មក​ពិនិត្យ​និង​យក​សំណាក់​ទៅ​វិភាគ​។

ជា​លទ្ធផល​ឃើញ​ថា​ផ្សោត​ដែល​ស្លាប់​នេះ​ជា​ប្រភេទ​ផ្សោត​ញី​មាន​ទម្ងន់​១១៥​គីឡូក្រាម​និង​ប្រវែង​២៣៥សង្ទីម៉ែត្រ​​។

ជំនាញ​ជលផល​ខេត្ត​បាន​បញ្ជាក់​ថា​សត្វ​ផ្សោត​ញី​ដែល​ស្លាប់​នោះ​ត្រូវ​បាន​គេ​យក​សំណាក់​ទៅ​វិភាគ​នៅ​អង្គការ​WWF ស្ថិត​នៅ​ខេត្តក្រចេះ ហើយ​សត្វ​ផ្សោត​នេះ​ត្រូវ​បាន​បញ្ចុះ​នៅ​មាត់ច្រាំង​ទន្លេ​ត្រង់​ទីតាំង​ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ