ខេត្តប៉ៃលិន ៖ នៅផ្នែកខាងមុខក្បែរផ្លូវចូលទៅក្នុងផ្សារត្រី គេសង្កេតឃើញបុរសវ័យចំណាស់ម្នាក់កំពុងអង្គុយលក់ថ្នាំឱសថបុរាណខ្មែរសម្រាប់ព្យាបាលជំងឺរោគាផ្សេងៗនៅលើរទេះរុញរបស់ខ្លួន ក្នុងនោះ ដើម្បីលក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់
ប៉ៃលិន ក្រុងប៉ៃលិន នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា នេះ។

បើតាមការរៀបរាប់ពីបុរសចំណាស់ខាងលើ គាត់មានឈ្មោះ ទួន ហាស់ អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា គាត់មានកូនចំនួន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) បានរៀបការអស់ហើយ ដោយគាត់ក៏បានប្រកបរបរលក់ថ្នាំឱសថខ្មែរបុរាណនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយដែរ ដោយថ្នាំរបស់គាត់ផ្សំឡើងពីប្ញសឈើជាច្រើនប្រភេទ ដូចជាឥសីផ្សំស្រេច ឫសសង្កែ និងឬសឈើផ្សេងៗ ជាច្រើនទៀត ដោយកាប់ផ្សំនៅលើភ្នំខៀវក្បែរៗ និងឬសឈើថ្នាំផ្សេងៗទៅក្បែរផ្ទះរបស់ខ្លួន ។

គាត់បន្តទៀតថា គាត់បានរៀនផ្សំថ្នាំឱសថខ្មែរបុរាណនេះ ជាមួយនឹងគ្រូខ្មែរជាច្រើននាក់ដោយថ្នាំឱសថបុរាណ ដែលគាត់ផ្សំឡើងគឺសម្រាប់ព្យាបាលរោគជាច្រើនប្រភេទដូចជា ក្រពះ ពោះវៀន ថ្នាំរោគស្ត្រី ស្បូនស្រុត ស្បូនលូន ឫសដូងបាត ឫសដូងវិល ជំងឺកាមរោគ បេះដូងខ្សោយ ជំងឺលើសឈាម ជំងឺខ្វះឈាមក្រហម ជំងឺឈឺក្បាលវិលមុខ ហេវហត់អស់កម្លាំង ព្រមទាំងជំងឺផ្សេងៗមួយចំនួនទៀត ។

គាត់បញ្ជាក់ទៀតថា ការប្រកបមុខរបរលក់ថ្នាំឱសថខ្មែរបុរាណនេះ ក្នុង១ថ្ងៃអាចលក់បាន៤ទៅ៥កញ្ចប់ដែរ ដោយក្នុង១កញ្ចប់លក់ក្នុងតម្លៃចាប់ពី៥០០០ទៅ១ម៉ឺនរៀល។ ដូច្នេះ ការលក់ដូរថ្នាំឱសថបុរាណខ្មែររបស់គាត់មិនសូវដាច់ច្រើនដូចមុនៗទេ គឺមានការធ្លាក់ចុះខ្លាំង ខណៈដែលប្រជាពលរដ្ឋភាគច្រើន គេនិយមប្រើថ្នាំពេទ្យជាង ។






ចែករំលែកព័តមាននេះ