ប្រវត្តិខ្លះៗនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក…
រាជធានីភ្នំពេញ ៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក…
រាជធានីភ្នំពេញ ៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤ ។ នាថ្ងៃនេះសារព័ត៌មានសារព័ត៌មានកោះសន្តិភាព សូមលើកយកប្រវត្តិខ្លះៗនៃពិធីបុណ្យជាតិនេះជូនដល់ប្រិយមិត្តបានជ្រាប។
ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ គឺជាពិធីបុណ្យប្រពៃណីរបស់ប្រជារាស្ត្រខ្មែរដែលធ្លាប់ប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីបុរាណកាល។ប្រភពពិធីបុណ្យប្រណាំងទូក ប្រវត្តិនៃបុណ្យអុំទូកមានតាំងពីយូរលង់ណាស់មកហើយ គឺមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជា តាមសិលាចារឹកនៃប្រាសាទអង្គរ។
សូមបញ្ជាក់ថា អុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗគ្នាដែរ។ តាមសៀវភៅ «ជ័យវរ្ម័នទី៧» មានក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតពីដើមចែងថា ៖ នៅសម័យអង្គរនាសតវត្សទី១២ កម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចចេញធ្វើសឹកសង្គ្រាមជើងទឹកបង្ក្រាបពួកចាមដោយកងទ័ពទូកជាចំបាំងដោះក្រុងកម្ពុជាឱ្យរួចផុតពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១ ) រឿងចំបាំងគ្រានោះមានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន្ត និងបន្ទាយឆ្មារ។ក្នុងចំបាំងនោះគេឃើញមានកងទ័ពទូកជាច្រើនមហិមាដែលមានព្រះឆាយាលក្ខ័ណ៍នៃព្រះបាទជ័យវរ្ម័នទី៧ប្រថាប់ឈរលើទីតាំងនាវាចំបាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
តាមឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់និពន្ធដោយលោកថាច់ ប៉ែន ហៅប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំងកម្ពុជាក្រោម ៖ សម័យលង្វែកព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គច័ន្ទ១ទ្រង់តាំងពញាតាតងារជាសិទ្ធិភូបាលជាស្តេចត្រាញ់ នៅកម្ពុជាក្រោមស្រុកបាសាក់។ ស្តេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅ ៖ ទាហានជើងទឹកចែកជា៣ក្រុម -ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ -ក្រុមទី២ ហៅទ័ពជំនួយហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូច ទូកប្រណាំង សព្វថ្ងៃ។ -ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវមានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ហៅទូកទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខ តែឥតជញ្ជាំង ។ល។
ជាទូទៅដាក់ស្បៀង អាហារសម្រាប់កងទ័ព ។ របៀបហាត់ចំបាំងតាមទំនៀមទម្លាប់ស្តេចត្រាញ់ កម្ពុជាក្រោម ស្តេចលើមន្ត្រី៤ទិសចតុស្តម្ភ ដែលនៅក្រោមឱវាទលោកសិទ្ធិភូបាលស្តេចត្រាញ់ គ្រប់ជំពូកដែលបញ្ញតិច្បាប់សម្រាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិករដូវអកអំបុកនោះ មន្ត្រីទាំង៤ទិសត្រូវកេណ្ឌទាហានជើងទឹកទាំងជើងគោកសមយុទ្ធ មួយថ្ងៃមួយយប់រាល់ឆ្នាំ។
ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោ ក្នុងខេត្តឃ្លាំង ដ្បិតទីនោះជាទីប្រជុំទឹកគ្រប់ខេត្ត និងទៅមកបានស្រួល។ តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានវិធីហ្វឹកហ្វឺនពិធីសមយុទ្ធកងទ័ពដែលនេះជាប្រពៃណីជាប់ជារៀងរាល់ឆ្នាំ។យើងអាចសន្និដ្ឋានទៀតថា យើងធ្វើពិធីនេះរៀងរហូតមកពីជាប់តំណសមយុទ្ធក្នុងសម័យបុរាណនោះឯង។ តាមឯកសារខ្លះបានសរសេរថា ៖ ពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីដ៏ធំមួយនៅប្រទេសកម្ពុជា។
បុណ្យនេះមានរូបភាពប្រហាក់ប្រហែលបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុបដែលមានឈ្មោះថា «សាំងហ្សង់» ដែលបច្ចុប្បន្ន ប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់។ ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណងដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱ្យកករល្អក់។
ការបកស្រាយចុងក្រោយនេះ គឺវាដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាហើយក៏ស្របទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង។ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែកត្តិកស្របទៅនឹងពេលបញ្ចប់រដូវទឹកជំនន់ដែលក្នុងរយៈពេលប៉ុន្មានខែមកនេះបានធ្វើឱ្យបឹងបួរទន្លេទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ថា ប៉ុន្មានសប្តាហ៍កន្លងមកហើយដែលទឹកទន្លេសាបហូរត្រឡប់មកវិញ និងជាក្តីបញ្ជាក់ទៀតផងថា ពេលនេះស្រូវក្នុងស្រែកំពុងតែទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ ខែសីហា ខែវិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ហូរស្រោចស្រពបឹងបួរតាមរយៈទន្លេសាបដែលហូរពីត្បូងទៅជើង។ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។
ទឹកជំនន់ទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពពីប្រទេសទីបេដ៏សែនឆ្ងាយបានផ្តល់ដល់ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជាយើង។ដីល្បាប់ដែលបានដោយសារទឹកជំនន់ ទន្លេមេគង្គ និងបឹងបួរទាំងឡាយបានធ្វើឱ្យដីមានជីជាតិបង្កបាននូវធនធានសម្បូរបែប។
ដំណាំទាំងឡាយដែលកសិករខ្មែរធ្វើតាមសង្វាក់នៃទឹកសម្រកបានផ្តល់នូវផលយ៉ាងច្រើនរាំងស្កាត់គ្រោះទុរភិក្ស។ដូច្នេះហើយបានជាដល់រដូវទឹកសម្រកបុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌រមីខែកត្តិករៀងរាល់ឆ្នាំរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើអស់ថេរវេលា៣ថ្ងៃ គឺថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមដងទន្លេសាប និងកំពង់ផែព្រះបរមរាជវាំង។
ប្រភពពិធីបណ្តែតប្រទីបគម្ពីរទាថាវង្ស ភាសាបាលីចែងថា ៖ ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាននៅទីទាំង៤គឺ ៖ ១-នៅត្រៃត្រឹង្សសួគ៌ ២-នៅពិភពនាគ ៣-នៅស្រុកគន្ធា ៤-នៅទន្តបុរះ កលិ.ង្គរដ្ឋ ភាណវារៈបាលីត្រង់ពុទ្ធនមកស្ការគាថា ចែងថា ៖ ស្នាមព្រះបាទព្រះសម្មាសម្ពុទ្ធប្រតិស្ឋាន នៅទីទាំង៥គឺ ៖ ១-នៅសុវណ្ណមាលិកបពត៌ ២-នៅសុវណ្ណបពត៌ ៣-នៅសុមនកូដបពត៌ ៤-នៅយោនកបុរី ៥-នៅស្ទឹងនម្មទា ពាក្យសរសើរព្រះបាទ យសបាទេ ទាំងបាលីទាំងសម្រាយចែងថា ៖ ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ឋាននៅទីទាំង៥ដូចក្នុងភាណវារៈដែរ ។
ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះបានជាពុទ្ធបរិស័ទ ខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីបនៅរាត្រីពេញបូណ៌មីខែអស្សុជ ក្រោយមកគេប្រារព្ធធ្វើពិធីបណ្តែតប្រទីប នៅរាត្រី១៤, ១៥, និង ១រោចខែកត្តិកបូជាចំពោះព្រះចង្កូមកែវនៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតៗដូចពោលខាងលើ ដោយជឿថា ជាកុសលយ៉ាងធំបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួនដល់រាស្ត្រ និងដល់ប្រទេសជាតិ ។
ប្រភពពិធីបុណ្យសំពះព្រះខែ អកអំបុក តាមគម្ពីរបរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាលីចែងថា ៖ ក្នុងដើមភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើងទ្រង់យោងយកកំណើតជាសសបណ្ឌិត កំណើតជាទន្សាយ ថ្ងៃមួយខែពេញបូណ៌មី សសបណ្ឌិត បានអធិដ្ឋានឧបោសថសីលហើយឧទ្ទិសសមំសៈជាទានបរមត្តបារមីដើម្បីបំពេញ ពោធិសម្ភារឱ្យបានត្រាស់ជាព្រះពុទ្ធ ។
ព្រះឥន្ទបានទ្រង់ជ្រាបពីហេតុការណ៍នោះក៏ទ្រង់កាឡាព្រះអង្គជាព្រាហ្មណ៍ចាស់មកសុំមំសា សសបណ្ឌិតជាអាហារ ។ សសបណ្ឌិតពោធិសត្វបានឱ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិត ក៏រលាស់ខ្លួនបីដងដើម្បីឱ្យសត្វល្អិតដែលជាប់នឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។
អស្ចារ្យភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍ ក៏ស្ទុះទៅពព្រះ ពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍ អធិដ្ឋានថា«សូមឱ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ទីបំផុតកប្ប» ។ ដោយអានុភាពទានបរមត្តបារមីនៃ ព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃ ។ដោយមានជំនឿតាមរយៈរឿងនេះហើយ បានជានៅវេលារាត្រីពេញបូណ៌មីខែកត្តិករៀងរាល់ឆ្នាំខ្មែរយើងយកនំចំណី មានអំបុក ចេក ជាដើមមកបូជាព្រះចន្ទហៅថាពិធីបុណ្យសំពះព្រះខែ អកអំបុក ៕
ចែករំលែកព័តមាននេះ