រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងដូច្នេះថា នៅពេលអនាគត កម្ពុជានឹងបន្តមានព្រៃឈើជាច្រើន សម្រាប់អាស្រ័យផល ។
ថ្លែងក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នាពេលអនាគត កម្ពុជានឹងបន្តមានព្រៃឈើជាច្រើន សម្រាប់អាស្រ័យផល និងកសិកម្ម ដែលទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការដាំ និងថែរក្សាការពារ ។
យុទ្ធនាការនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមការអញ្ជើញចូលរួមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រាមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំ នាពេលនេះ ។
ឯកឧត្តមរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា «ការដាំដើមឈើនៅទីនេះ ពិតជាមានសារៈសំខាន់ ដែលទាមទារការចូលរួមពីបងប្អូនយើងទាំងអស់គ្នា ទាំងក្នុងការដាំ និងការចូលរួមថែរក្សាការពារព្រៃឈើ» ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាកសិករ «មានហូប មានប្រើ មានបាន និងមានរហូត» ដែលបានគិតគូរយ៉ាងវែងឆ្ងាយ ដើម្បីអាចធានាបាន នូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ។
ពាក់ព័ន្ធនឹងការពារអភិរក្ស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យប្រជាកសិករ ត្រូវកែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី និងការទន្ទ្រានដីរដ្ឋផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ និងបរិស្ថានសម្រាប់កូនចៅយើងនាថ្ងៃមុខ ។
តាមរយៈការចូលរួមការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ឯកឧត្តម ឌិត ទីណា សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត កម្ពុជានឹងបន្តមានព្រៃឈើជាច្រើនសម្រាប់អាស្រ័យផល ទាក់ទាញទឹកភ្លៀងសម្រាប់ការធ្វើកសិកម្ម និងអាចប្រើប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ