រាជធានីភ្នំពេញ ៖ រថយន្ត ១គ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅប្លុងចោល នៅក្នុងដីឡូត៌មួយកន្លែង ត្រូវបានអ្នកភូមិប្រទះឃើញរយៈពេលជាច្រើនថ្ងៃកន្លងមកហើយ នៅតែអត់ឃើញអ្នកបើកបរ មកយកថយន្តនេះវិញសោះ ទើបពួកគាត់រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅពិនិត្យមើល ព្រមទាំងនាំយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ ។
រថយន្ត១គ្រឿងនោះ ម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-9813 ត្រូវជនមិនស្គាល់មុខ យកទៅប្លុងចោលនៅក្នុងដីឡូត៌មួយកន្លែង នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានដំណឹងនោះហើយ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើល និងនាំយកទៅរក្សាទុកហើយ ។
អ្នកភូមិ បានប្រាប់ថា ពួកគាត់ប្រទះឃើញរថយន្ត ១គ្រឿងនេះ ប្លុងចោលនៅក្នុងដីឡូត៌ខាងលើ រយៈពេល៤ថ្ងៃកន្លងមកហើយ អត់ឃើញម្ចាស់ទៅបើកយកចេញទៅណាសោះ ពុំដឹងថា មានរឿងហេតុអ្វីនោះទេ បានជាយកទៅប្លុងចោលបែបនេះ ប៉ុន្តែពួកគាត់ក៏មិនហ៊ានចូលទៅជិតនោះដែរ បានត្រឹមតែមើលពីចម្ងាយតែប៉ុណ្ណោះ ហើយដោយសង្ស័យ និងខ្លាចថា រថយន្តនោះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីមួយនោះ ទើបនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់រាយការណ៍ប្រាប់នគរបាល តែម្ដង ។
នគរបាលបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅពិនិត្យមើល ហើយឃើញរថយន្តនោះអត់មានចាក់សោរទ្វារនោះទេ ហើយក៏អត់ឃើញមានកូនសោនៅទីនោះដែរ ។ ចំណែកឯមូលហេតុ នៃការនាំយករថយន្តទៅប្លុងចោលនោះ ក៏នៅពុំទាន់ដឹងនៅឡើយដែរ ប៉ុន្តែសង្ស័យម្ចាស់ជួលឲ្យជនជាតិចិនជិះ ហើយជនជាតិចិន គ្មានលុយថ្លៃឈ្នួលឲ្យ រួចក៏បើកយកទៅប្លុងចោល ។ ខណៈនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកម្ចាស់ឲ្យទៅទទួលយករថយន្តវិញ និងរកមូលហេតុពិតប្រាកដ នៃការប្លុងរថយន្តចោលនេះហើយ
ចែករំលែកព័តមាននេះ