រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើង ចំនួនពីរនាក់ ឲ្យខានតែបាន ដើម្បីមកធ្វើការអប់រំ ក្រោយឃើញមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ នូវសកម្មក្មេងទំនើងពីរនាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរ ។
ក្រោយលោកអធិការនគរបាលខណ្ឌ៧មករា បានទទួលបទបញ្ជាពីលោកអភិបាលខណ្ឌ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង២នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌ ធ្វើការអប់រំ ណែនាំ និងឲ្យអាណាព្យាបាល មកធ្វើកិច្ចសន្យាធានា ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូត្រូវបានអាជ្ញាធរដកហូតរក្សាទុកនៅអធិការនគរបាលខណ្ឌ រយៈពេល០៣ខែ ទើបឲ្យយកទៅវិញ ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មានក្រុមក្មេងទំនើងពីរនាក់ ជិះម៉ូតូមួយគ្រឿង បានជិះម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1KU-7244 បង្ហោះតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីស្ដុបអាងទឹកទៅស្តុបផ្សាដេប៉ូ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាសាធារណៈ បង្កភាពអនាធិបតេយ្យ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ ផងដែរ ៕
ចែករំលែកព័តមាននេះ