ប្រធានាធិបតីអាមេរិកមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៥រូប នៅក្នុងប្រវត្តិសាស្ត្រ
សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) លោក ចន អេហ្វ…
សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) លោក ចន អេហ្វ…
សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) លោក ចន អេហ្វ កេណ្ណឌី (John F. Kennedy) និង លោក ចច វ៉ាស៊ីនតោន (George Washington) ស្ថិតក្នុងបញ្ជីឈ្មោះប្រវត្តិសាស្ត្រប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង៥រូប នៅពេលចូលកាន់តំណែង ប៉ុន្តែចំណោមនោះមានតែលោក ត្រាំ និងលោក កេណ្ណឌី ប៉ុណ្ណោះ គឺជាមហាសេដ្ឋី។
១-លោក ដូណាល់ ត្រាំ
ប្រធានាធិបតីទី៤៥ និងទី៤៧ របស់សហរដ្ឋអាមេរិករូបនេះមានទ្រព្យសម្បត្តិចំនួន ៣.៧ពាន់លានដុល្លារ នៅពេលលោកក្លាយជាប្រធានាធិបតីដំបូងនៅក្នុងឆ្នាំ ២០១៧ ហើយទ្រព្យសម្បត្តិលោកបានបន្តកើនឡើងដល់ ៥.៨ពាន់លានដុល្លារនាពេលបច្ចុប្បន្ន ដើម្បីឈរជាប្រធានាធិបតីមានបំផុតក្នុងប្រត្តិសាស្ត្រសហរដ្ឋអាមេរិក។ ប្រាក់ចំណូលភាគច្រើនរបស់អ្នកនយោបាយផ្តើមចេញពីអ្នកជំនួញវ័យ៧៨ឆ្នាំរូបនេះ បានមកពីការវិនិយោគអចលនទ្រព្យ និងក្រុមហ៊ុន Trump Media & Technology Group ដោយភាគហ៊ុនបានកើនឡើង ៥៩% នៅឆ្នាំនេះ។
២-លោក ចន អេហ្វ កេណ្ណឌី
ប្រធានាធិបតីអាមេរិកទី៣៥ លោក ចន អេហ្វ កេណ្ណឌី មានទ្រព្យសម្បត្តិសរុប ១.៣ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការស្នងមរតក។ ឪពុករបស់លោកមានឈ្មោះថា យ៉ូសែប កេណ្ណឌី (Joseph Kennedy) បានក្លាយជាអ្នកមានពីការវិនិយោគ ហើយត្រូវបានតែងតាំងនៅឆ្នាំ ១៩៣៤ ជាប្រធានទីមួយនៃគណៈកម្មការមូលបត្រអាមេរិក។
លោក ចន អេហ្វ កេណ្ណឌី ត្រូវបានគេធ្វើឃាតនៅទីក្រុងដាឡាស់ (Dallas) រដ្ឋតិចសាស់ (Texas) នៅវេលាម៉ោង ១២:៣០ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ អំឡុងពេលធ្វើដំណើរតាមក្បួនម៉ូតូអបរថយន្តប្រធានាធិបតីឆ្លងកាត់ឧទ្យាន Dealey Plaza។ លោកត្រូវបានឃាតករបាញ់ចំពីក្រោយមួយគ្រាប់ធ្លាយចេញតាមបំពង់ក និងមួយគ្រាប់ទៀតចំក្បាល។ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Parkland គឺជាកន្លែងដែលលោកត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតនៅម៉ោង ១:០០នាទីរសៀលថ្ងៃដដែល នៅក្នុងអាយុ៤៦ឆ្នាំ។
៣-លោក ចច វ៉ាស៊ីនតោន
បិតាស្ថាបនិកសហរដ្ឋអាមេរិក និងជាប្រធានាធិបតីដំបូងបង្អស់របស់ប្រទេសមួយនេះ លោក ចច វ៉ាស៊ីនតោន មានទ្រព្យសម្បត្តិសរុប ៧០៨.៥លានដុល្លារ។ យោងតាមប្រវត្តិវិទូអាមេរិក លោក Douglas Brinkley បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកទី១ គឺជាអ្នកមាន លោកជាម្ចាស់អចលនទ្រព្យជាច្រើន។ ក្រៅពីនោះលោកក៏បង្កើនប្រាក់ចំណូលពីការដាំដុះពោត ដើម្បីធ្វើជាស្រាវីស្គី។
៤-លោក ថូម៉ាស ជេហ្វឺសុន (Thomas Jefferson)
ប្រធានាធិបតីអាមេរិកទី៣ លោក ថូម៉ាស ជេហ្វឺសុន មានទ្រព្យសម្បត្តិសរុបចំនួន ២៨៦លានដុល្លារ ដែលភាគច្រើនបានមកពីការស្នងមរតកតាមរយៈដីធ្លីពីឪពុករបស់លោក ដែលជាអ្នកដាំដំណាំ និងជាអ្នកជំនាញផ្នែកដីធ្លី ដែលលោកបានស្លាប់បាត់បង់ជីវិតនៅពេល លោក ថូម៉ាស ជេហ្វឺសុន មានអាយុត្រឹម១៤ឆ្នាំប៉ុណ្ណោះ។
៥-លោក ធីអូដ័រ រ៉ូហ្សឺវែល (Theodore Roosevelt)
ប្រធានាធិបតីអាមេរិកទី២៦ លោក ធីអូដ័រ រ៉ូហ្សឺវែល មានទ្រព្យសម្បត្តិសរុប ១៦៨.៦លានដុល្លារ។ លោកមកពីគ្រួសារដ៏លេចធ្លោ និងមានបំផុតមួយក្នុងទីក្រុងញូវយ៉ក ហើយក៏ជាអ្នកស្នងមរតកដ៏មហាសាលនេះ។ អ្វីដែលចាប់អារម្មណ៍អំពីភាពខ្លាំងរបស់គ្រួសារត្រកូល រ៉ូហ្សឺវែល គឺបងប្អូនជីដូនមួយលោក ធីអូដ័រ រ៉ូហ្សឺវែល គឺលោក ហ្វ្រែងគ្លីន ដេឡាណូ រ៉ូហ្សឺវែល (Franklin Delano Roosevelt) គឺជាប្រធានាធិបតីអាមេរិកទី៣២៕ (ប្រភព ៖ Forbes, NewsNation និង VnExpress)
ចែករំលែកព័តមាននេះ