ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីត្រាក់ទ័រភ្ជួរដីកិនមីនតោនបណ្តាលឱ្យផ្ទុះកក្រើកដី នៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង រីឯអ្នកបើកបរម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ។
ភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាអតីតសមរភូមិប្រយុទ្ថក្នុងសង្គ្រាមស៊ីវិល នាទសវត្សទី៨០ ដែលសំបូរទៅដោយគ្រាប់មីនប្រឆាំងរថយន្ត ឬរថក្រោះ ហើយជារឿយៗ តែងមានព័ត៌មានពីការកិនមីនតោនផ្ទុះតាមរយៈភ្ជួរដីដោយត្រាក់ទ័រ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកត្រាក់ទ័រភ្ជួរដីនេះជាជនជាតិថៃឈ្មោះ វង្សមែន កាន់កាស៊ីម អាយុ២៣ឆ្នាំ បានស៊ីឈ្នួលភ្ជួរដីចម្ការក្នុងទឹកដីកម្ពុជា ។
បានកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ គឺក្នុងខែសីហា បុរសអាយុ២៣ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបើកត្រាក់ទ័រកិនលើគ្រាប់មីនតោន នារសៀលថ្ងៃទី១៥ ខែសីហា ២០២៤ ដែលធ្វើឱ្យចំនួនជនរងគ្រោះដោយសារតែយុទ្ធភណ្ឌគ្រឿងផ្ទុះ កើនឡើងដល់៣៩នាក់ហើយនៅក្នុងឆ្នាំ២០២៤នេះ ។
អាជ្ញាធរមីនបញ្ជាក់ថា «មានករណីផ្ទុះមីនតោននៅលើដីស្រែ ក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ វ៉ាត សាវុន បានស្លាប់នៅនឹងកន្លែង ខណៈដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រភ្ជួរដី» ។ ករណីផ្ទុះនេះ ក៏បណ្តាលឱ្យត្រាក់ទ័រខូចខាតទាំងស្រុងផងដែរ ។
លោក ឡាង កុសល អ្នកនាំពាក្យអាជ្ញាធរមីនបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២៤ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន៣៧នាក់ ។ តួលេខនេះ មានការកើនឡើងចំនួន៦១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួន២៣នាក់ ។
បើគិតទាំងករណីចុងក្រោយ នៅស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ចំនួនជនរងគ្រោះដោយសារតែយុទ្ធភណ្ឌគ្រឿងផ្ទុះបានកើនឡើងដល់៣៩នាក់ហើយ ។ ក្នុងនោះជនរងគ្រោះស្លាប់មាន១១នាក់ របួស២៨នាក់ និងពិការអវយវៈ៧នាក់ផងដែរ គឺបើមិនស្លាប់ ក៏ពិការភាពធ្ងនមួយជីវិតដែរ ។
អាជ្ញាធរមីន និងអង្គភាពស៊ីម៉ាក់(CMAC) បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងកុំប៉ះពាល់នៅពេលឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។ លើសពីនោះ កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន នៅមុនពេលចូលទៅក្នុងតំបន់នោះ ។
អាជ្ញាធរមីនបានអំពាវនាវដូច្នេះថា «សូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល» ។
អង្គភាពស៊ីម៉ាក់ក៏បានលើកឡើងផងដែរថា «សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងជាង២៦ឆ្នាំហើយ ប៉ុន្តែឈាមខែ្មរនៅតែហូរដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម» ។ អង្គភាពស៊ីម៉ាក់បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «សូមកុំប៉ះពាល់គ្រាប់មីនទាំងនោះ ហើយមេត្តាដាក់សញ្ញាសម្គាល់ និងសូមរាយការណ៍មកអង្គភាពស៊ីម៉ាក់ ប្រសិនបើលោកអ្នកប្រទះឃើញគ្រាប់មីនទាំងនោះ» ៕
ចែករំលែកព័តមាននេះ