ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនផ្សោតទី៩ ប្រចាំឆ្នាំ២០២៤ ជាចំនួនបំបែកអត្រាកំណើតច្រើនពុំធ្លាប់មានរយៈពេល៤ឆ្នាំចុងក្រោយ

1 អាទិត្យ មុន
  • ភ្នំពេញ

កម្ពុជា​ស្វាគមន៍​អត្រាកំណើត​កូន​ផ្សោត​ច្រើន​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ឆ្នាំ​២០២១ មក ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​៩​ក្បាល ។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ…

កម្ពុជា​ស្វាគមន៍​អត្រាកំណើត​កូន​ផ្សោត​ច្រើន​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ឆ្នាំ​២០២១ មក ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​៩​ក្បាល ។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ ដោយ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF នា​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​អន្លង់​កាំ​ពី ភូមិ​ជ្រោយ​បន្ទាយ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់​ថា កូន​ផ្សោត​នេះ មាន​សុខភាព​ល្អ​ប្រសើរ និង​ស្ថិត​ក្នុង​ហ្វូង​ផ្សោត​ធំ​ៗ​ចំនួន​២​ទៀត និង​ជា​កូន​ផ្សោ​តទី​៩ ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ ២០២៤ ជា​អត្រាកំណើត​ច្រើន​ពុំ​ធ្លាប់​មាន​ទេ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០២១​មក ។

យោង​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អាច​អោយ​យើង​ប្រៀបធៀប​ដូច​ខាងក្រោម ៖ ឆ្នាំ​២០២១ កម្ពុជា​មានកូន​ផ្សោត​កើត​ថ្មី​ចំនួន​៦​ក្បាល និង​ផ្សោត​ស្លាប់​ចំនួន​៩​ក្បាល ។ -​ឆ្នាំ​២០២២ ផ្សោត​កើត​ថ្មី​មាន​ចំនួន ៦​ក្បាល និង​ស្លា​.​ប់​ទៅ​វិញ​ចំនួន​១១​ក្បាល ។ -​ឆ្នាំ​២០២៣ មាន​ផ្សោត​កើត​ចំនួន​៨​ក្បាល និង​ស្លា​.​ប់​ចំនួន​៥​ក្បាល -​ឆ្នាំ​២០២៤ គិត​ត្រឹម​ដើមខែ​វិច្ឆិកា ផ្សោត​កើត​មាន​ចំនួន​៩​ក្បាល និង​ស្លា​.​ប់​ទៅ​វិញ​ចំនួន​៣​ក្បាល​ប៉ុណ្ណោះ​។

ជុំវិញ​ដំណឹង​ដ៏​ល្អ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ឆ្នាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ជលផល ដែល​ជា​រតនា​សម្បត្តិ​របស់​ជាតិ​ដ៏​មាន​តម្លៃ ។ បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​បង្ហោះ​សារ​អបអរសាទរ ចំពោះ​កូន​ផ្សោ​តទី​៩ ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​២០២៤ ដែល​ធ្វើ​អោយ​ចំនួន​នៃ​អត្រាកំណើត​កូន​ផ្សោត ច្រើន​ពុំ​ធ្លាប់​មាន​ទេ បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០២១​មក ។

ទន្ទឹម​នឹង​ភាព​រីករាយ​ខាងលើ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ ត្រូវ​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​នេសាទ​មង ក្នុង​តំបន់​ផ្សោត​រស់នៅ និង​ឧបករណ៍​ឆក់​ជា​បន្ទាន់ និង​សូម​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច នៅ​ពេល​ឃើញ​មាន​អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី និង​មង​ក្នុង​តំបន់​ផ្សោត​រស់នៅ តាម​រយៈ​លេខ​ទូរស័ព្ទ ៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣​។

ការ​អំពាវនាវ​ធ្វើ​ឡើង​ដោយសារ​តែ​ការ​ប្រើ​ឧបករណ៍​នេសាទ​មង និង​ឧបករណ៍​ឆក់ ក្នុង​តំបន់​ផ្សោត​រស់នៅ​បាន​ធ្វើ​អោយ​កម្ពុជា​បាត់បង់​សត្វ​ផ្សោត ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រតនសម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា និង​ពិភពលោក​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​មាន​សត្វ​ផ្សោត​ញី​ជំទង់​១​ក្បាល ប្រវែង​២,១០​ម៉ែត្រ ទម្ងន់​១០៨​គីឡូក្រាម អាយុប្រមាណ​ពី​៨​ទៅ​១០​ឆ្នាំ បាន​ងាប់​ត្រង់​ចំណុច​ក្បាលកោះ​ព្រហ្មចារី ក្បែរ​អន្លង់​កាំ​ពី ក្នុងភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បន្ទាប់​ពី​បាន​ហែល​ទៅ​ជាប់​នឹង​មង​នេសាទ​ក្រឡា​១៥​សង់ទីម៉ែត្រ​ដែល​ដាក់​ដោយ​អ្នកនេសាទ​។

សូម​ជម្រាប​ថា សត្វ​ផ្សោត ទន្លេមេគង្គ នៅ​កម្ពុជា នា​ឆ្នាំ​២០២៤ មានការ​កើនឡើង​គួរ​អោ​យ្ត់​សម្គាល់ ពោល​គឺ​ពី ៩០​ក្បាល នៅ​ឆ្នាំ​២០២២ ដល់ ១០៤​ក្បាល គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០២៤​។ តែបើ​យើង​ងាក​ទៅ​មើល​ស្ថានភាព​ផ្សោត​ទឹកសាប​នៅ​ទូ​ទាំង​សកលលោក​វិញ ឃើញ​ថា ក្នុង​រយៈពេល​ត្រឹមតែ ៣៨​ឆ្នាំ​ចុង​ក្រោយ ចំនួន​សត្វ​ផ្សោត​ទឹកសាប​ទូ​ទាំង​ពិភពលោក​បាន​ថយ​ចុះ​ជា​មធ្យម ៧៣% ។

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​អភិរក្ស ដូច​ជា តំបន់​ការពារ ការ​ផ្លាស់​ប្តូរ​ទីតាំង និង​ការ​គាំទ្រ​សម្រាប់​សហគមន៍​មូលដ្ឋាន​តាម​ដង​ទន្លេ​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​របស់​មនុស្ស ដូច​ជា នេសាទ​ខុសច្បាប់ ការ​បំផ្លិចបំផ្លាញ​ជម្រក ការ​សាងសង់​ទំនប់​វា​រី និង​ការ​បំពុល​ទឹក បាន​ធ្វើ​អោយ​ចំនួន​សត្វ​ផ្សោត​ដ៏​កម្រ​ទាំងនេះ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ជំរុញ​ឆ្ពោះទៅ​រក​ការ​ផុត​ពូជ ។ សត្វ​ផ្សោត​ទាំងអស់ ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ជា​ប្រភេទ​ជិត​ផុត​ពូជ នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ៕

កែសម្រួលដោយ