ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញអះអាងថា ប្រសិនគ្មានទឹកប្រាសាទក្នុងតំបន់អង្គរនឹងដួលរលំ ឬបាក់បែកខ្លាំង

1 អាទិត្យ មុន
  • សៀមរាប

សៀមរាប ៖ ថ្មី​ៗ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​ថា រយៈពេល​៣​ខែ​ទៅ​មុខ អាច​នឹង​មានការ​ខ្វះខាត​ទឹក ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ និង​ថែរក្សា​ប្រភព​ទឹក​ដោយ​ប្រុង​ប្រយ័ត្ន ។…

សៀមរាប ៖ ថ្មី​ៗ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​ថា រយៈពេល​៣​ខែ​ទៅ​មុខ អាច​នឹង​មានការ​ខ្វះខាត​ទឹក ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ និង​ថែរក្សា​ប្រភព​ទឹក​ដោយ​ប្រុង​ប្រយ័ត្ន ។

ជុំវិញ​បញ្ហា​ថែរក្សា​ប្រភព​ទឹក​នេះ នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ទោះបី​ស្ថានភាព​ទឹកភ្លៀង ឆ្នាំ​២០២៤​នេះ បាន​អូស​បន្លាយពេល និង​ធ្លាក់​រាយ​ប៉ាយ​មិន​ទៀងទាត់​យ៉ាងណា​ក៏​ដោយ មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ប្រមែប្រមូល​ទឹក​ពេញ​អាង​ស្ដុក​ទឹក​ទាំងអស់ ដែល​មាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សរុប​ប្រមាណ​៦០​លាន​ម៉ែត្រ​គីប ដើម្បី​ជា​ប្រយោជន៍​បម្រើ​ឱ្យ​ការ​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ក្រែងលោ​ខ្វះខាត ជា​ពិសេស​នា​រដូវប្រាំង​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ដ៏​ឆាប់ ។

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ភឿន សុ​ឃី​ម បាន​រៀបរាប់​ឱ្យ​ដឹង​ថា គិត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤ ការ​ប្រមូល​ទឹក​ចូល​អាង​ស្ដុក​ទឹក​សំខាន់​ៗ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​សម្រេច​បាន​១០០​ភាគរយ ក្នុង​នោះ​រាប់​ទាំង​បារាយណ៍​តូច​ធំ ក​សិន្ធុ​ទឹក អូរ និង​ប្រឡាយ​ជាដើម ។ លោក ភឿន សុ​ឃី​ម បន្ត​ទៀត​ថា ទឹក​ដែល​ប្រមូល​បាន​ទាំងនេះ មាន​បរិមាណ​ជាង​៦០​លាន​ម៉ែត្រត្រីគុណ ដែល​ត្រៀម​សម្រាប់​ការ​ប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ ក្នុង​នោះ រាប់​ទាំង​កិច្ច​ការងារ​អភិរក្ស​ប្រាសាទ បរិស្ថាន និង​បម្រើ​អោយ​វិស័យ​កសិកម្ម សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ជុំវិញ​ប្រមាណ​៧​ពាន់​ហិ​កតា ។

ជុំវិញ​កិច្ចការ​អភិរក្ស​ប្រាសាទ អ្នកជំនាញ​រូប​នេះ បាន​អះអាង​ពីសារ​សំខាន់​នៃ​ការ​រក្សា​ឱ្យ​បាន​នូវ​វត្តមាន​ទឹក​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​បញ្ជាក់​ថា ទឹក​មាន​សារសំខាន់​នៅ​តំបន់​ប្រាសាទ ដោយសារ​បុព្វបុរស​សម័យ​មុន​បាន​រៀបចំ និង​កសាង​ប្រាសាទ ដោយ​មាន​គ្រឹះ​ដីខ្សាច់ ដូច្នេះ​ទើប​កសាង​ក​សិន្ធុ​ជុំវិញ ដើម្បី​បញ្ចូល​ទឹក​ឱ្យ​គ្រឹះ​រឹង​មាំ​ល្អ ។

ប្រ​សិន​គ្មាន​ទឹក ប្រាសាទ​នឹង​រង​ការ​ដួល​រលំ និង​បាក់បែក​ខ្លាំង ។ ក្រៅពី​នេះ​ទឹក​ក៏​ជា​បង្កើន​សម្រស់ និង​សោភ័ណ​ភាព​នៅ​តំបន់​ប្រាសាទ​ផង ។ ទឹក​ក៏​ជួយ​ឱ្យ​ដើមឈើ​លូតលាស់​បាន​ល្អ ទាក់ទាញ​ទេសចរ និង​ជួយ​កាត់​បន្ថយ​ការ​កើនឡើង​នៃ​រលក​កម្ដៅ​ខ្លាំង​នា​រដូវប្រាំង ។

បន្ថែម​លើ​នេះ លោក ភឿន សុ​ឃី​ម បានឱ្យ​ដឹង​ថា ការងារ​គ្រប់គ្រង​ទឹក​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រោយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ និង​ស្ដារ​ប្រព័ន្ធ​ទឹក​បុរាណ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើង​វិញ ចាប់ពី​ឆ្នាំ​២០១២​មក ។

ជាង​នេះ​ទៅ​ទៀត ក្រោម​ការ​គិតគូរ​ដ៏​វែង​ឆ្ងាយ និង​ភាព​ឈ្លាសវៃ​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​យល់​ពីសារ​សំខាន់​នៃ​ការងារ​គ្រប់គ្រង​ទឹក​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​កាន់តែ​មាន​ភាព​ជឿនលឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តួយ៉ាង​នា​ឆ្នាំ​២០២៤​នេះ សំណង់​ទ្វារ​ទឹក​មួយ​ចំនួន​ត្រូវ​បាន​ស្ដារ និង​ជួសជុល​ឡើង​វិញ​ជា​បន្តបន្ទាប់ ។

ប្រភព​ពី​មន្ត្រី​ដដែល​បានឱ្យ​ដឹង​ថា បរិមាណ​ទឹក​៦០​លាន​ម៉ែត្រ​គីប​ដែល​ប្រមូល​រក្សា​ទុក​នា​ឆ្នាំ​២០២៤​នេះ គឺជា​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២៣​ដែរ ដែល​នេះ​ជា​សមិទ្ធិ​ផល​ដែល​កើត​ចេញពី​ការ​ពង្រីក​វិសាលភាព​កាន់តែ​ទូលំទូលាយ និង​ពេញលេញ​លើក​កិច្ច​ការងារ​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធានា​បាន​ថា បំពេញ​គ្រប់​តាម​តម្រូវការ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​មានការ​បារម្ភ​ពី​រឿង​កង្វះខាត​ទឹក ៕

កែសម្រួលដោយ