ខេត្តកណ្តាល ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំឱ្យមន្ត្រីកែប្រែឥរិយាបថមិនល្អចេញ ដែលជាទម្លាប់មិនល្អរបស់មន្ត្រីរាជការ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាល្អជាមួយអភិបាលស្រុកទើបឡើងថ្មីផងដែរ ។
ការណែនាំរបស់ឯកឧត្តម គួច ចំរើន បែបនេះនៅក្នុងពិធីប្រកាសលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្ដម គួច ចំរើន បានជំរុញអភិបាលស្រុកថ្មីដែលទើបចូលកាន់មុខតំណែងត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះ អភិបាលស្រុកថ្មី ត្រូវស្វែងយល់អំពីច្បាប់នានាត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង ។ ដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គមរក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត អភិបាលខេត្តបានលើកទឹកចិត្ត និងជំរុញក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកល្វាឯម សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលស្រុកល្វាឯមថ្មីឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកល្វាឯម អាចសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ ។
ឯកឧត្ដមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែ.ងស៊ីសងបទល្មើសនេសាទ និងបញ្ហាគ្រឿងញៀ.ន ក្មេងទំនើ.ង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេស គឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យតាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា ។ បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ ។
ជាពិសេសគណៈអភិបាលស្រុកថ្មីត្រូវរៀបចំសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការការងារជូនគណៈអភិបាលស្រុករបស់ខ្លួន ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០៤៧ សណន ចុះថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដើម្បីបំពេញភារកិច្ច បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ