ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មុខងារសាធារណៈ ៖ មិន​មាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ​បម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ​របស់​ខ្លួន​​ទេ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ប្រកាស​ថា មិន​មាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​របស់​ខ្លួន​នោះ​ទេ ដោយឡែក…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ប្រកាស​ថា មិន​មាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​របស់​ខ្លួន​នោះ​ទេ ដោយឡែក ប្រសិនជា​ក្នុង​ករណី​ចាំបាច់ ក្រសួង​នឹង​ជ្រើសរើស​មន្ត្រី​ផ្អែក​លើ​មូលដ្ឋាន​ចំនួន​៣ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​ចំនួន​៣​នោះ រួម​មាន​៖ ១-​ចំនួន​ដែល​ត្រូវ​ជ្រើសរើស​ផ្អែក​លើ​ចំនួន​មន្ត្រី​ដែល​បាន​ចូល​និវត្តន៍​ចំនួន​២៧​កន្លែង , ២-​ជ្រើសរើស​តែ​មន្ត្រី​ដែល​មាន​ជំនាញ​បច្ចេកទេស ឬ​ស្ថិត​ក្នុង​មូលដ្ឋាន​នៃ​បច្ចេកវិទ្យា ឬ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​៣-​ជា​ការ​ជ្រើសរើស​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ។

ប្រមុខ​ដឹកនាំ​ក្រសួង​មុខងារសាធារណៈ​បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នេះ ក្រសួង​មុខងារសាធារណៈ​បាន​និង​កំពុង​អនុវត្ត​ការ​កែទម្រង់​ផ្ទៃក្នុង​របស់​ខ្លួន​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​របស់​ក្រសួង​ផ្ទាល់ ការ​ពង្រឹង​វត្តមាន​មន្ត្រី ការ​រៀបចំ​កែ​លម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​កន្លែង​ការងារ​ជូន​មន្ត្រី ការ​បែងចែក​តួនាទី និង​ភារកិច្ច​ស្រប​តាម​គុណវុឌ្ឍិ​របស់​មន្ត្រី ការ​ពង្រាយ​មន្ត្រី ការ​បណ្តុះបណ្តាល អភិវឌ្ឍ​សមត្ថភាព​មន្ត្រី ការ​ដាក់​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម​មន្ត្រី រួម​ទាំង​ការងារ​ផ្សេង​ទៀត​ក្នុង​គោលដៅ​ចូលរួម​ធ្វើ​ទំនើប​កម្ម និង​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​ដែល​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ ។

ក្រសួង​បន្ដ​ថា ទាំងនេះ ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​ក្រសួង ស្ថាប័ន​ផ្សេង​ៗ​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ស្រប​តាម​ទស្សនវិស័យ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ជម្រាប​ថា ខ្លឹមសារ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ខាងលើ​នេះ ជា​ផ្នែក​មួយ​ដែល​ឯក​ឧត​ក្ត​ម​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា និង​កិច្ចប្រជុំ ស្តី​ពី​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ