ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញនៅព្រៃជិតចម្ការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌល
គិរី ។
តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះបានឱ្យដឹងថា កូនដំរីនេះ ត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីរសប្តាហ៍មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ ។ ដោយកូនដំរីមានស្ថានភាពស្គម ដោយមានអាការៈបាក់ទឹកដោះ ទើបក្រុមការងារអង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA កៀងដើម្បីចាប់ចងផ្អោបជាមួយដើមឈើឱ្យនៅមួយកន្លែង ក្នុងការផ្តល់ចំណី និងទឹកដោះគោ ។ ដើម្បីអាចឱ្យកូនដំរីនេះមានកម្លាំង និងមានអាហារគ្រប់គ្រាន់ ។
តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល២ឆ្នាំ និងទម្ងន់ប្រមាណ៣០០គីឡូក្រាម ជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេរបស់វា ៕
ចែករំលែកព័តមាននេះ